ព័ត៌មាន

ដាស់ពីដំណេកភូមិសិប្បកម្មប្រពៃណីនៅខេត្ត Binh Duong

ខេត្ត Binh Duong មានមុខរបរប្រពៃណីជាច្រើន រួមទាំងភូមិសិប្បកម្មដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិផងដែរ។ ប្រឈមមុខនឹងឥទ្ធិពលខ្លាំងនៃសេដ្ឋកិច្ចទីផ្សារ ខេត្ត Binh Duong មានគោលនយោបាយជាច្រើនដើម្បីអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្ម គាំទ្រអាជីវកម្ម និងសិប្បករក្នុងការផលិត និងលក់ផលិតផល។
គ្រឿងសេរ៉ាមិច Binh Duong មានលក្ខណៈពិសេសប្លែកពីគេ។ (រូបថត៖ ធៀន លី/VOV)

នាបច្ចុប្បន្ន ខេត្ត Binh Duong មានភូមិសិប្បកម្មចំនួន ៣២ ភូមិ និងមុខរបរប្រពៃណីចំនួន ៩។ ភូមិសិប្បកម្មប្រពៃណីជាច្រើនត្រូវបានអភិរក្ស និងអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ដូចជា៖ ភូមិម្រ័ក្សណ៍ខ្មុក Tuong Binh Hiep ភូមិសេរ៉ាមិច Lai Thieu ភូមិសេរ៉ាមិច Tan Phuoc Khanh ភូមិសេរ៉ាមិច Chanh Nghia ភូមិស្បែកជើងឈើ Phu Tho ភូមិ ចម្លាក់ឈើ Phu Tho ភូមិចម្លាក់ឈើ An Thanh ភូមិជ្រូកដី Lai Thieu ជាដើម។

សម្រាប់សិប្បកម្មម្រ័ក្សណ៍ខ្មុក បន្ទាប់ពីត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០១៦ រួចមក ក្នុងឆ្នាំ ២០១៧ ខេត្ត Binh Duong បានកសាងគម្រោង “អភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មម្រ័ក្សណ៍ខ្មុក Tuong Binh Hiep ដោយគួបផ្សំនឹងការធ្វើទេសចរណ៍ផងដែរ”។ វិចិត្រករ Nguyen Van Quy អនុប្រធានសមាគមម្រ័ក្សណ៍ខ្មុកខេត្ត Binh Duong បានឲ្យដឹងថា៖

“បន្ទាប់ពីគម្រោងត្រូវបានបង្កើតឡើង ក្រៅពីកម្មវិធីពន្លឿនពាណិជ្ជកម្ម និងសកម្មភាពផលិតកម្ម អាជីវកម្មនោះ កម្មវិធីបណ្តុះបណ្តាលក៏ត្រូវបានដាក់ពង្រាយផងដែរ។ មុខរបរពិសេសទាមទារឲ្យមានអ្នកទទួលមរតក មានការស្នងបន្តបន្ទាប់។ ហេតុដូច្នេះ យើងខ្ញុំបានអញ្ជើញសិប្បករ មកបង្រៀនដល់យុវជនជំនាន់ក្រោយ”។

ខេត្ត Binh Duong ក៏ល្បីល្បាញជាមួយនឹងរបរផលិតសេរ៉ាមិច ម៉ាកយីហោដូចជា Minh Long, Cuong Phat, Phuoc Du Long... ផលិតផលសេរ៉ាមិច Binh Duong ក៏ត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនលើពិភពលោកផងដែរ។ ទោះបីជាមានកេរ្តិ៍ឈ្មោះក៏ដោយ ប៉ុន្តែដោយសារផលប៉ះពាល់នៃជម្លោះ និងជំងឺរាតត្បាត បណ្ដាសិប្បកម្មសេរ៉ាមិចនៅខេត្ត Binh Duong កំពុងប្រឈមមុខនឹងការលំបាកក្នុងការបញ្ជាទិញ។ លោក Nguyen Tien Thanh ប្រធានសមាគមសេរ៉ាមិច Binh Duong បានឲ្យដឹងថាសិប្បកម្មសេរ៉ាមិចភាគច្រើនដំណើរការតាមលក្ខណៈគ្រួសារ ដូច្នេះពួកគេ មិនមានដើមទុនសាងសង់ផ្ទះរោងថ្មីនោះទេ។ ម្យ៉ាងវិញទៀត កម្មករជំនាញមាននៅហ្នឹងកន្លែងហើយ ដូច្នេះគេនឹងមិនទៅកន្លែងផ្សេងជាមួយរោងចក្រទេ។ ដើម្បីថែរក្សាមុខរបរប្រពៃណីដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ គឺចាំបាច់ត្រូវមានគោលនយោបាយគាំទ្រជាក់លាក់។

“យើងសង្ឃឹមថាគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក នឹងរៀបចំបណ្ដុំឧស្សាហកម្មដែលមានទីតាំងធ្វើដំណើរងាយស្រួល មិនឆ្ងាយពេកពីកន្លែងផលិតកម្មចាស់ ដើម្បីឱ្យសហគ្រាសអាចដឹកជញ្ជូនកម្មករជំនាញទៅកាន់កន្លែងផលិតកម្មថ្មី។ ពីនោះ កសាងក្របខណ្ឌផលិតកម្ម ពេលណាដែលកន្លែងផលិតកម្មថ្មីដំណើរការដោយស្ថិរភាពហើយ យើងនឹងឈប់ទាំងស្រុងនៅកន្លែងចាស់”។

ទាក់ទងនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីមានអ្នកស្នងបន្ត ខេត្ត Binh Duong បានលើកលែងថ្លៃសិក្សាសម្រាប់សិស្សានុសិស្សដែលរៀនវិជ្ជាជីវៈម្រ័ក្សណ៍ខ្មុក និងចម្លាក់នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ-វប្បធម៌ខេត្ត។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏នឹងតភ្ជាប់ជាមួយអាជីវកម្ម និងកន្លែងផលិតកម្មសិប្បកម្មប្រពៃណី ដើម្បីបណ្តុះបណ្តាលតាមតម្រូវការផងដែរ។ លោក Ho Truc Thanh នាយករងមន្ទីរកសិកម្ម និងបរិស្ថានខេត្ត Binh Duong បានឲ្យដឹងថា៖

“មន្ទីរបានធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនអំពីយន្តការ គោលនយោបាយដើម្បីសិប្បករចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ខេត្ត ដើម្បីថែរក្សា និងពង្រីកគុណតម្លៃ និងភាពច្នៃប្រឌិតរបស់សិប្បករ ធានាការអភិរក្សរបរប្រពៃណី”។

ទាក់ទិននឹងការឧបត្ថម្ភដើមទុន និងគោលនយោបាយ ដើម្បីភូមិសិប្បកម្ម និងអ្នកប្រកបរបរប្រពៃណី មានធនធានបន្ថែមទៀត សម្រាប់វិនិយោគឲ្យផលិតកម្មនោះ ថ្នាក់ដឹកនាំខេត្ត Binh Duong ក៏បានដឹកនាំផ្នែកនានាធ្វើសេនាធិការ និងស្នើយន្តការជាក់លាក់ក្រៅពីគោលនយោបាយរបស់មជ្ឈិម។ លោក Nguyen Van Danh ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Duong បានឲ្យដឹងថា៖

“ខេត្ត Binh Duong ត្រូវរៀបចំលំហអភិវឌ្ឍន៍យ៉ាងណា ដើម្បីអភិរក្សភូមិសិប្បកម្ម បែបទំនើប ដោយអនុវត្តន៍បច្ចេកវិទ្យាថ្មី។ ធ្វើយ៉ាងណាដើម្បីមុខរបរប្រពៃណីក្លាយជាផ្នែកសេដ្ឋកិច្ចមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍”។

ខេត្ត Binh Duong បាននឹងកំពុងខិតខំប្រឹងប្រែង “ដាស់” ភូមិសិប្បកម្មប្រពៃណី ឲ្យទាល់តាមនិន្នាការទីផ្សារ តាមនោះថែរក្សាអត្តសញ្ញាណភូមិសិប្បកម្មប្រពៃណី និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕


top