ការដែលភូមិរបរដាំខ្យង និងលាបម្រ័ក្សណ៍ខ្មុក ជ្វៀនមី ចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋសិប្បកម្មពិភពលោក បានកត់សម្គាល់នូវជំហានវិវត្តន៍ដ៏សំខាន់ នៃសិប្បកម្មវៀតណាម នៅលើមាគ៌ាសមាហរណកម្ម។
ការដែលភូមិរបរដាំខ្យង និងលាបម្រ័ក្សណ៍ខ្មុក ជ្វៀនមី ចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋសិប្បកម្មពិភពលោក បានកត់សម្គាល់នូវជំហានវិវត្តន៍ដ៏សំខាន់ នៃសិប្បកម្មវៀតណាម នៅលើមាគ៌ាសមាហរណកម្ម។ ចេញពីបេតិកភណ្ឌដែលមានអាយុកាលជិតមួយសហស្សវត្សរ៍ ជ្វៀនមី កំពុងបោះជំហានរីកសាយភាយតម្លៃវប្បធម៌ប្រពៃណី ទៅក្នុងលំហច្នៃប្រតិដ្ឋសកល។
បេតិកភណ្ឌរស់ក្នុងចរន្តសមាហរណកម្ម
នៅដើមឆ្នាំ២០២៦ ភូមិរបរសិប្បកម្មដាំខ្យង និងលាបម្រ័ក្សណ៍ខ្មុក ជ្វៀនមី (ឃុំជ្វៀនមី ទីក្រុងហាណូយ) បានចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋសិប្បកម្មពិភពលោកជាផ្លូវការ ដោយក្លាយជាភូមិរបរមួយ ក្នុងចំណោមភូមិរបរបន្តិចបន្តួច នៅវៀតណាម ដែលទទួលបានកិត្តិយសនេះ។
អ្នកជំនាញនៃក្រុមប្រឹក្សាសិប្បកម្មពិភពលោក (WCC) នៅវិហារបុព្វបុរសនៃរបរឆ្លាក់ដាំខ្យង
ជ្វៀនមី ដែលជាភូមិរបរមានអាយុកាលជាង ១.០០០ ឆ្នាំ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
គណៈប្រតិភូនៃក្រុមប្រឹក្សាសិប្បកម្មពិភពលោក (WCC) អញ្ជើញទៅទស្សនាវិហារ Chuon Trung (Chuyen
My)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ចាប់បដិសន្ធិឡើងតាំងពីសតវត្សទី១១ ជាមួយនឹងប្រវត្តិជិត ១.០០០ឆ្នាំ ជ្វៀនមី ជាកន្លែងប្រមូលផ្តុំ និងអភិវឌ្ឍន៍របរដាំខ្យង និងលាបម្រ័ក្សណ៍ខ្មុកឆ្លងកាត់ជាច្រើនជំនាន់។ មុខរបរនេះ ប្រមូលផ្តុំនៅតាមភូមិជួនថឿង (Chuon Thuong) ជួនហា (Chuon Ha) ជួនង៉ (Chuon Ngo) ជួនទ្រុង (Chuon Trung) និង បូយខេ (Boi Khe) ដែលបង្កើតបានជាលំហភូមិរបរដ៏ប្លែក និងផ្សារភ្ជាប់យ៉ាងស្អិតរមួត ជាមួយជីវភាពសហគមន៍។
លោក Sundeep Kumar អនុប្រធាន WCC តំបន់អាស៊ី ប៉ាស៊ីហ្វិក និងសមាជិកប្រតិភូ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រវត្តិរាប់ពាន់ឆ្នាំ នៃភូមិឆ្លាក់ដាំខ្យង ជ្វៀនមី។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
គណៈប្រតិភូ WCC ពិនិត្យមើលឯកសារ ស្តីពីភូមិរបរលាបថ្នាំម្រ័ក្សណ៍ខ្មុក
និងដាំខ្យង Chuyen My។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
បច្ចុប្បន្ន ភូមិរបរនេះ មានសិប្បករចំនួន២០រូប បានរដ្ឋទទួលស្គាល់ រួមជាមួយជាងជំនាញរាប់ពាន់នាក់ទៀត។ តាមរយៈបច្ចេកទេសសិប្បកម្មដ៏ប៉ិនប្រសប់ សិប្បករបង្កើតបាននូវផលិតផលចម្រុះជាច្រើនដូចជា៖ គ្រែឈើ ទូដាក់ចាន តុ កៅអី ថាសទឹកតែ គំនូរដាំខ្យង និងថូផ្កា។ល។ ដែលផ្ទុកនូវតម្លៃវិចិត្រ និងអត្តសញ្ញាណវប្បធម៌យ៉ាងជ្រាលជ្រៅ។
ក្នុងដំណើរការកសាងសំណុំឯកសារ ចូលជាសមាជិកបណ្តាញ អាជ្ញាធរមូលដ្ឋាន និងក្រុមសិប្បករ បានសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌវិនិច្ឆ័យតឹងរ៉ឹង។ សកម្មភាពជាច្រើន បានអនុវត្តក្នុងពេលដំណាលគ្នា ដូចជា ការលើកកម្ពស់លំហតាំងបង្ហាញ ការរៀបចំជាប្រព័ន្ធនូវរឿងរ៉ាវវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយផលិតផល និងកែលម្អបរិស្ថានភូមិរបរ តាមទិសដៅ បៃតង - ជ្រះ -ស្អាត។
ស្លាកស្នាមនៃសិល្បៈឆ្លាក់ដាំខ្យង លើគ្រែស្នែងដង្ហែបុណ្យ នៅ ជ្វៀនមី។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
នៅខែវិច្ឆិកា ឆ្នាំ២០២៥ ជ្វៀនមី បានទទួលស្វាគមន៍ប្រតិភូអន្តរជាតិជិត២០០រូប រួមមានអ្នកជំនាញសិប្បកម្ម និងអ្នកស្រាវជ្រាវមកទស្សនា សិក្សា និងវាយតម្លៃ។ អ្នកជំនាញ បានកត់សម្គាល់នូវការខិតខំប្រឹងប្រែងនៃមូលដ្ឋាន ក្នុងការរួមបញ្ចូលសម្របរវាងការអភិរក្សប្រពៃណី និងការច្នៃប្រតិដ្ឋថ្មី។
កម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
លោកស្រី ង្វៀន ធីធ្វីហឿង (Nguyen Thi Thuy Huong) អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំជ្វៀនមី បានមានប្រសាសន៍ថា ការចូលជាសមាជិកបណ្តាញច្នៃប្រតិដ្ឋ បាននាំមកនូវឱកាសជាក់ស្តែងជាច្រើនសម្រាប់មូលដ្ឋាន។ "តាមរយៈបណ្តាញនេះ សិប្បករ និងជាងនៅក្នុងភូមិរបរ មានលំហបន្ថែមទៀត សម្រាប់តំណភ្ជាប់ រៀនសូត្របទពិសោធន៍ ឈោងចាប់និន្នាការរចនាថ្មីៗ តាមរយៈនោះជួយលើកកម្ពស់តម្លៃផលិតផល"។
ប្រតិភូ WCC ទស្សនាថ្នាក់បណ្តុះបណ្តាលបន្តវេនរបរ នៅ ជ្វៀនមី។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
មិនត្រឹមតែឈប់ត្រឹមការផលិតប៉ុណ្ណោះទេ ជ្វៀនមី កំពុងឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍ភូមិរបរ ទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ នេះបានចាត់ទុកជាទិសដៅដ៏សំខាន់ ដើម្បីបង្កើតការងារបន្ថែម បង្កើនប្រាក់ចំណូល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមមូលដ្ឋាន។
នៅលើមូលដ្ឋាននៃបេតិកភណ្ឌមានស្រាប់ មូលដ្ឋានក៏យកចិត្តទុកដាក់លើការផ្លាស់ប្តូរវិធីសាស្រ្តចំពោះរបរប្រពៃណី ដោយរួមបញ្ចូលអនុវត្តបច្ចេកវិទ្យាឌីជីថល ធ្វើពិពិធកម្មបណ្តាញផ្សព្វផ្សាយកាន់តែមានភាពចម្រុះ និងកែលម្អម៉ូដផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិ។
សមាជិក WCC ចាប់អារម្មណ៍នឹងផលិតផលដ៏ផ្ចិតផ្ចង់ នៃភូមិរបរ ជ្វៀនមី។ រូបថត៖
វៀតគឿង/កាសែតរូបភាពវៀតណាម
លោក ង្វៀន ហូវជី (Nguyen Huu Chi) ប្រធានគណៈកម្មាធិការប្រជាជន ឃុំជ្វៀនមី យល់ឃើញថា ភាពខ្លាំងធំបំផុតនៃមូលដ្ឋាន គឺប្រព័ន្ធភូមិរបរប្រពៃណី ដែលមានប្រវត្តិយូរលង់។ "ប្រជាជនម្ចាស់ការក្នុងការថែរក្សា ពង្រីកការផលិត និងបោះជំហានលើកកម្ពស់គុណភាពផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែខ្ពស់ឡើងៗនៃទីផ្សារ" លោក ង្វៀន ហូវជី (Nguyen Huu Chi) បានបញ្ជាក់។
ក្នុងឆ្នាំ២០២៥ តម្លៃសរុបនៃផលិតកម្មឧស្សាហកម្ម - សិប្បកម្ម នៃឃុំសម្រេចបានជាង ២.៤០០ពាន់លានដុង កើនឡើងជិត ១០% បើធៀបនឹងឆ្នាំមុន។ តួលេខនេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជាវិជ្ជមាន នៃភូមិរបរក្នុងបរិបទនៃសមាហរណកម្ម។
គណៈប្រតិភូ WCC ចុះអង្កេតមូលដ្ឋានផលិតកម្ម
និងស្តាប់សិប្បករចែករំលែក អំពី ដំណើរការផលិត ព្រមទាំងទិសដៅអភិវឌ្ឍន៍។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ការក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រតិដ្ឋសិប្បកម្មពិភពលោក មិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដើម្បីឱ្យ ជ្វៀនមី បន្តការច្នៃប្រតិដ្ឋ និងអភិវឌ្ឍ។ ចេញពីភូមិរបរប្រពៃណីមួយ ជ្វៀនមី កំពុងបោះជំហានបញ្ជាក់ពីទីតាំងរបស់ខ្លួន នៅលើផែនទីច្នៃប្រតិដ្ឋពិភពលោក រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌វៀតណាម ប្រកបដោយចីរភាព ក្នុងយុគសម័យថ្មី៕
អត្ថបទ និងរូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង