ព័ត៌មាន

ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ​បច្ចេកវិទ្យា​រវាង​សហគ្រាស​នៅ​រដ្ឋ Karnataka (ឥណ្ឌា) និង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអភិបាលរដ្ឋ លោក Thawar Chand Gehlot និងថ្នាក់ដឹកនាំរដ្ឋ ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងអង្គភាពអាជីវកម្មរដ្ឋ Karnataka ជាមួយសហគ្រាស វៀតណាមភាគខាងត្បូងផងដែរ។
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងលោក Thawar Chand Gehlot អភិបាលរដ្ឋ Karnataka ជាមួយគណៈប្រតិភូ (រូបថត៖ quochoi.vn)

នាថ្ងៃទី ១៨ ខែធ្នូ បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរដ្ឋ Karnataka។ នៅទីនេះ ប្រធានរដ្ឋសភាបានជួបធ្វើការជាមួយអភិបាលរដ្ឋ លោក Thawar Chand Gehlot និងថ្នាក់ដឹកនាំរដ្ឋ Karnataka។

ក្នុងជំនួបនេះ អភិបាលរដ្ឋ លោក Thawar Chand Gehlot បានអះអាងថា វៀតណាម និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង ហើយត្រូវបានពូនជ្រុំដោយឥតឈប់ឈរក្នុងរយៈពេលកន្លងទៅ។ នាពេលថ្មីៗនេះ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោក អភិបាលរដ្ឋ Thawar Chand Gehlot ជឿជាក់ថា ទំនាក់ទំនងឥណ្ឌា-វៀតណាមនាពេលខាងមុខនឹងកាន់តែស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមានប្រសាសន៍ថា នេះគឺជាលើកទី ២ ហើយ ដែលលោកបានមកបំពេញទស្សនកិច្ចនៅរដ្ឋ Karnataka។  លោកបានចែករំលែកថា លោកមានការចាប់អារម្មណ៍ និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រដ្ឋ ជាពិសេសគឺទីក្រុង Bengaluru ដែលកំពុងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវបានគេប្រៀបប្រដូចទៅនឹង "ជ្រលងភ្នំស៊ីលីកុន" របស់ប្រទេសឥណ្ឌា។ រដ្ឋ Karnataka និងទីក្រុង Bengaluru បានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ជាមួយនឹងវិស័យសំខាន់ៗជាច្រើន បច្ចេកវិទ្យាខ្ពស់ សហគ្រាសធំៗជាច្រើន ដោយរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចឥណ្ឌា។

ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអភិបាលរដ្ឋ លោក Thawar Chand Gehlot និងថ្នាក់ដឹកនាំរដ្ឋ ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងអង្គភាពអាជីវកម្មរដ្ឋ Karnataka ជាមួយសហគ្រាសវៀតណាមភាគខាងត្បូងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top