ព័ត៌មាន

ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និង EU

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ក៏ដូចជាទំនាក់ទំនងជាមួយប្រទេសជាសមាជិក; ជានិច្ចកាលគាំទ្រដល់ការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប។
ទិដ្ឋភាពទូទៅនៃជំនួប (រូបថត៖ baochinhphu.vn

នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-អាស៊ាន និងសមាគមធុរកិច្ច EU ប្រចាំនៅវៀតណាម (EuroCham) នារសៀលថ្ងៃអង្គារទី ១៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល។ ជំនួបនេះបានធ្វើឡើង ដោយគោលបំណងផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និង EU។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើវិនិយោគិន EU បន្តរួមដំណើរជាមួយវៀតណាម ផ្តោតលើកត្តាជំរុញអភិវឌ្ឍន៍ចំនួនបី រួមមាន ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចំណុចយុទ្ធសាស្ត្រដែលបានដាក់ចេញ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសហគមន៍ធុរកិច្ច EU មានសំឡេងសកម្មរួមជាមួយវៀតណាម ដើម្បីកៀងគរប្រទេសសមាជិក EU ដែលនៅសេសសល់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) នាពេលឆាប់ៗខាងមុខ; ហើយ EU ពិចារណាលើការដកកាតលឿង IUU សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាមនាពេលឆាប់ៗ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ; រដ្ឋាភិបាលនឹងបន្តស្តាប់ និងពិភាក្សាជាមួយអ្នកវិនិយោគ និងធុរកិច្ច បន្តលុបបំបាត់ការលំបាក និងលើកកម្ពស់ការអភិវឌ្ឍន៍អចលនទ្រព្យ មូលធន មូលបត្រ និងទីផ្សារការងារ ... ដើម្បីឱ្យទីផ្សារទាំងនេះអាចអភិវឌ្ឍស្របតាមធម្មជាតិ តម្លាភាព សុវត្ថិភាព និរន្តរភាព និងសមាហរណកម្ម។

ពីសំណាក់ភាគីធុរកិច្ច EU លោក Jens Ruebbert អនុប្រធានក្រុមប្រឹក្សាធុរកិច្ច EU - ASEAN បានអះអាងថា វៀតណាមបាន ហើយនឹងដើរតួយ៉ាងសំខាន់ជាមួយ EU ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅក្នុងបរិបទនៃការបម្រែបម្រួលពិភពលោកបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោក Alain Cany ប្រធាន EuroCham នៅវៀតណាមបានអះអាងថា អាជីវកម្មអឺរ៉ុបនឹងជំរុញយ៉ាងសកម្មការអនុម័តលើ EVIPA ផងដែរ៕


top