ព័ត៌មាន

ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន

 នាព្រឹកថ្ងៃទី ២៦ ខែមេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯកបំរុង Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន ដែលកំពុងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯកបំរុង Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន (រូបថត៖ TTXVN)



ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិន។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនដើម្បីការអភិវឌ្ឍតម្លាភាពប្រកបដោយសុខសន្តិភាពស្ថិរភាពនិរន្តរភាព រួមមាន ផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមតែងតែគាំទ្រចិនឱ្យមានការរីកចម្រើននិងចូលរួមចំណែកកាន់តែសកម្មនិងជាក់ស្តែងដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងបរិបទមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ ប្រទេសទាំងពីរវៀតណាមនិងចិន បានសហការគ្នាគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ បង្កើតលក្ខណៈសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មនៅឆ្នាំ ២០២០ ឈានដល់កំណត់ត្រា ១៣៣ ពាន់លានដុល្លារអាមេរិក។

រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Wei Fenghe បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូ បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចិន ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម។ ដោយយោងទៅលើលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានមានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ចំណងមិត្តភាព ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងចិនឲ្យកាន់តែមានភាពល្អប្រសើរជាងនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top