ព័ត៌មាន

ជំរុញទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រេស៊ីល

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កំពុងមានសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីលតាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រេស៊ីល រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ និងមាន ប្រសិទ្ធភាព។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលវៀតណាមដំបូងគេដែលអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល ចាប់តាំងពីដំណើរទស្សនកិច្ចឆ្នាំ ២០០៧ របស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nong Duc Manh។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលវៀតណាមដំបូងគេដែលអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល ចាប់តាំងពីដំណើរទស្សនកិច្ចឆ្នាំ ២០០៧ របស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nong Duc Manh។ ដូច្នេះហើយ ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីលលើកនេះ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសារសំខាន់ខ្លាំងណាស់សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ប្រេស៊ីល - ដៃគូសំខាន់ជួរមុខរបស់វៀតណាមនៅអាមេរិកខាងត្បូង

វៀតណាមនិងប្រេស៊ីលបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ១៩៨៩។ វៀតណាមបានបើកស្ថានទូតនៅរដ្ឋធានី Brasilia ក្នុងឆ្នាំ ២០០០; ប្រេស៊ីលបានបើកស្ថានទូតនៅរដ្ឋធានីហាណូយក្នុងឆ្នាំ ១៩៩៤។ ប្រទេសទាំងពីរបានបង្កើតក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅខែឧសភា ឆ្នាំ ២០០៧។ រយៈពេលជាង ៣៤ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀតណាម - ប្រេស៊ីលបានអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពដោយឈរលើមូលដ្ឋាននៃការចែករំលែកតម្លៃរួមអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូត ប្រទេសទាំងពីរមានយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិ កសិកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាល វប្បធម៌។ល។

សម្រាប់វៀតណាម ប្រេស៊ីលគឺជាដៃគូសេដ្ឋកិច្ចសំខាន់លេខ ១ នៅអាមេរិកខាងត្បូង។ ដោយមានទីតាំងភូមិសាស្ត្រធំជាងគេទី ៥ នៅលើពិភពលោក និងចំនួនប្រជាជនជាង ២១១ លាននាក់ ប្រេស៊ីលពិតជាទីផ្សារសក្តានុពលសម្រាប់សហគ្រាសវៀតណាម។ ប្រេស៊ីលក៏ជាច្រកទ្វារដើម្បីវៀតណាមជ្រៀតចូលទីផ្សារអាមេរិកឡាទីនផងដែរ។ ផ្ទុយទៅវិញ វៀតណាមគឺជាច្រកទ្វារដើម្បីសហគ្រាសប្រេស៊ីលជ្រៀតចូលទីផ្សារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។ វៀតណាមនាំចេញទៅកាន់ប្រទេសប្រេស៊ីលមុខទំនិញដូចជា ជលផល ខ្លាញ់សត្វ អង្ករ ដែកថែប សេរ៉ាមិច គ្រឿងបន្លាស់អេឡិចត្រូនិច ស្បែកជើង និងសម្លៀកបំពាក់... ប្រេស៊ីលនាំចេញមកវៀតណាមមុខទំនិញដូចជា ស័ង្កសី ប្លាស្ទិក សាច់គ្រប់ប្រភេទ អនុផលកែច្នៃអាហារ កៅស៊ូ សរសៃវាយនភណ្ឌ... ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មវៀតណាម-ប្រេស៊ីលសម្រេចបានកម្រិតកំណត់ត្រាចំនួន ៦,៧៨ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ប្រទេសប្រេស៊ីលមានគម្រោងវិនិយោគចំនួន ៦ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ៣,៨៣ លានដុល្លារអាមេរិក។ នាបច្ចុប្បន្ននេះ ភាគីទាំងពីរមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បន្ថែមទៀត នៅពេលដែលសមាជិកនានានៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) រួមទាំងប្រេស៊ីលផងដែរ សុទ្ធតែមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម។

បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ការជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីគឺជាខ្លឹមសារស្នូលក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីលលើកនេះ។ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងទេ។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីលក៏បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រភពថាមពលថ្មី ការផ្លាស់ប្តូរឌីជីថល ការធានាសន្តិសុខថាមពល ស្បៀងអាហារ សមាហរណកម្មនិងសន្តិសុខតំបន់ កំណើនប្រកបដោយចីរភាព និងសមភាពក្នុងទំនាក់ទំនងអន្តរជាតិ.... នោះគឺជាវិស័យដែលភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា។ ភាគីទាំងពីរអាចរៀនសូត្រពីគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក និងពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធ តាមនោះក្ដាប់ជាប់ឱកាសដើម្បីរួមគ្នាអភិវឌ្ឍន៍ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh វេទិកាធុរកិច្ចវៀតណាម-ប្រេស៊ីលក៏នាំមកនូវអត្ថន័យជាក់ស្តែងក្នុងការស្វែងយល់ពីឱកាស លទ្ធភាពសហប្រតិបត្តិការ និងវិនិយោគសម្រាប់សហគ្រាសនៃភាគីទាំងពីរ។ ប្រៀបខ្លាំងនិងសក្ដានុពលដោយឡែកក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់វៀតណាម និងប្រេស៊ីល នៅពេលសហការគ្នានឹងបង្កើតឥទ្ធិពលរួមជាក់ស្តែង បម្រើបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិនៃប្រទេសនីមួយៗផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីលមានគោលបំណងពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាំឲ្យទំនាក់ទំនងទ្វេភាគីកាន់តែជាក់ស្ដែង មានប្រសិទ្ធភាព ជាពិសេសលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ការអប់រំ និងទេសចរណ៍។ ប្រព្រឹត្តទៅមុនពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៤ លទ្ធផលនៃដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយការអបអរសាទរព្រឹត្តិការណ៍នេះមានអត្ថន័យជាក់ស្តែងជាងប៉ុណ្ណោះទេ ថែមទាំងតម្រង់ទិសសម្រាប់ការងារជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រេស៊ីលឡើងកំពស់ថ្មីទៀតផង៕


top