ទិដ្ឋភាពនៃជំនួប (រូបថត៖ quochoi.vn)
នាថ្ងៃទី ១៥ កុម្ភៈ នៅវិមានរដ្ឋសភា អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោក Nguyen Duc Hai បានអះអាងថា៖ វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកគឺជាដៃគូមួយ ក្នុងចំណោមដៃគូសំខាន់ជួរមុខ។ លោកអនុប្រធានរដ្ឋសភាមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិកឱ្យកាន់តែជាក់ស្ដែង ស្ថិរភាព ស៊ីជម្រៅ ដោយផ្អែកលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងរបៀបរបបនយោបាយរបស់គ្នាទៅវិញទៅមក ឆ្ពោះទៅការជំរុញទំនាក់ទំនងឡើងកម្ពស់ថ្មី។ វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយសហរដ្ឋអាមេរិកលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិក្នុងតំបន់ ក្នុងនោះមានបញ្ហាថែរក្សាសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982)។
លោកអនុប្រធានរដ្ឋសភាបានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រ និងជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ បន្តការសន្ទនាជាមួយវៀតណាមលើបញ្ហាសេដ្ឋកិច្ចទីផ្សារ (MES) ហើយទន្ទឹមនឹងនោះ ពិចារណាអនុវត្តន៍សេដ្ឋកិច្ចទីផ្សារតាមផ្នែក និងរៀបចំកិច្ចសន្ទនាបន្តអំពីបញ្ហានេះឲ្យបានឆាប់ៗ។
លោកអនុប្រធានរដ្ឋសភាមានបំណងថាភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នាដូចជា៖ ជំរុញបរិយាកាសពាណិជ្ជកម្ម វិនិយោគប្រកបដោយសេរីភាព តម្លាភាព; បង្កើនអំណាចដល់ស្ត្រី; ឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ; អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និង ការបណ្តុះបណ្តាលធនធានមនុស្ស៕