ព័ត៌មាន

ជំរុញខ្លាំងថែមទៀតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៉ាណាម៉ា

ភាគីទាំងពីរបានចែករំលែក និងឯកភាពគ្នាលើទស្សនៈ ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសប៉ាណាម៉ា លោកស្រី Érika Mouynes បានអញ្ជើញមកបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ មេសា។ នាព្រឹកថ្ងៃទី ៥ មេសា ក្នុងជំនួបពិភាក្សាការងារ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេស លោកស្រី Érika Mouynes បានសំដែងគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពលថ្មីៗដូចជា ការដឹកជញ្ជូន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលកែច្នៃជាដើម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានចែករំលែក និងឯកភាពគ្នាលើទស្សនៈ ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានស្នើឱ្យប្រទេសទាំងពីរពង្រឹង និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេស លោកស្រី Érika Mouynes បានអះអាងថា រដ្ឋាភិបាលប៉ាណាម៉ាមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយរួមរបស់ខ្លួនចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក; ឯកភាពគ្នាថា ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលគ្នាយ៉ាង

ជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកម្រិតទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕


top