ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការ​ជាក់​ស្តែងរវាងស្ថាប័ននីតិបញ្ញត្តិវៀតណាម និងម៉ុងហ្គោលី

តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋ​សភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ុងហ្គោលីចាប់ពីថ្ងៃទី៩-១១ ខែកញ្ញា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង្វៀន មិញវ៉ូ។ រូបថត៖ VNA

ដំណើរទស្សនកិច្ចនេះ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ដោយរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ជាពិសេសវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យសហប្រតិបត្តិការថ្មីៗ ស្របតាមខ្លឹមសារនៃភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយវៀតណាម-ម៉ុងហ្គោលី។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង្វៀន មិញវ៉ូ ​ ដំណើរទស្សនកិច្ច​នេះ បានរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យ​ជាច្រើន ឱ្យ​ស័ក្តិសមនឹងកិច្ចសហប្រតិបត្តិការនយោបាយដ៏ល្អ​ប្រសើររវាងប្រទេសទាំងពីរ។

«អាចនិយាយបានថា កិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងម៉ុងហ្គោលី​ ខ្វះដំណើរទស្សនកិច្ចកម្រិតខ្ពស់បែបនេះអស់រយៈពេលជាង ២០​ ឆ្នាំមកហើយ ដែល​រួមចំណែកដល់ការបង្កើតកម្លាំងរស់ថ្មីសម្រាប់ភាគីទាំងពីរ នៅកម្រិតថ្នាក់ដឹកនាំនៃសភាទាំងពីរ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការឯកទេស សមាជិកសភាវ័យក្មេង និងសមាជិកសភាជា​ស្ត្រី ដើម្បីបង្កើនការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ បទពិសោធន៍អភិបាលកិច្ចជាតិ និងបទពិសោធន៍ក្នុងការកែលម្អស្ថាប័ន; ក៏ដូចជាការចូលរួមក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាម និងម៉ុងហ្គោលី ដោយធានាថា កិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីររហូតមកដល់ពេលនេះ នឹងក្លាយទៅជាគម្រោង កម្មវិធី លទ្ធផល និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ»​៕​


top