ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-សហរដ្ឋអាមេរិកឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង

កាលពីថ្ងៃទី ២៦ ខែឧសភា នៅអគាររដ្ឋសភា (ទីក្រុងហាណូយ) អនុប្រធានរដ្ឋសភាវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Doan Anh បានទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិកដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រ លោក Michael Baumgartner សមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ។
អនុប្រធានរដ្ឋសភាវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Doan Anh បានទទួលជួបសមាជិកសភាតំណាងរាស្ត្រ លោក Michael Baumgartner សមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកអនុប្រធានរដ្ឋសភា Nguyen Doan Anh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅ; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងរវាងស្ថាប័នរដ្ឋសភានានា។ លោកក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព តុល្យភាព យុត្តិធម៌ និងចីរភាព; ស្នើឲ្យអាមេរិកទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឱ្យបានឆាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល​ ជាដើម។

រីឯខ្លួនវិញ សមាជិកសភា​អាមេរិក​បាន​វាយតម្លៃ​ថា ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​បន្ត​ជា​កម្លាំងចលករ​ដ៏សំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី; ​ទទួលស្គាល់​កិច្ចខិតខំប្រឹងប្រែង​របស់​ភាគី​ទាំងពីរ​ក្នុង​ការជំរុញ​ការផ្លាស់ប្តូរ និង​ការចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម រួមទាំង​បញ្ហាពន្ធដារ​ផងដែរ។

កាលពីថ្ងៃទី ២៦ ខែឧសភា ផងដែរ នៅ​ទីស្នាក់ការ​ក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រី​ក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បាន​ទទួល​គណៈប្រតិភូសមាជិក​សភា​អាមេរិក​ដឹកនាំ​ដោយលោក Michael Baumgartner ​សមាជិក​គណៈកម្មាធិការ​កិច្ចការបរទេស​នៃសភាតំណាងរាស្ត្រ៕


top