ព័ត៌មាន

ជំនួប​ដ៏​សំខាន់ៗនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G២០

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលថ្ងៃទី ២ ខែមីនា បានជួបប្រជុំភ្លាមៗ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G២០ នៅប្រទេសឥណ្ឌា។ នេះជាជំនួបទល់មុខគ្នាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំមុន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Sergei Lavrov នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅប្រទេសឥណ្ឌាកាលពីថ្ងៃទី ២ ខែមីនា។ (រូបថត៖ Reuters)

ក្នុងកិច្ចប្រជុំមានរយៈពេលតិចជាង ១០នាទី រដ្ឋមន្ត្រីការបរទេសលោក Blinken បានអំពាវនាវឱ្យរុស្ស៊ីបញ្ច្រាសការសម្រេចចិត្ត ផ្អាកកិច្ចសហប្រតិបត្តិការក្រោមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START និងទទួលយកសំណើរបស់អាមេរិកក្នុងការដោះលែងពលរដ្ឋអាមេរិក Paul Whelan ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះសំណើរសន្តិភាពរបស់អ៊ុយក្រែន ដោយមានការរក្សាបូរណភាពទឹកដីរបស់ប្រទេសនេះ។

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang។ នេះជាជំនួបលើកដំបូងរវាងប្រមុខការបរទេសនៃប្រទេសទាំងពីរ ចាប់តាំងពីលោក Qin Gang បានចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០២២។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីឥណ្ឌា-ចិន គឺ"មិនប្រក្រតី"។ ទំនាក់ទំនងនេះកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសគឺសន្តិសុខនិងស្ថិរភាពនៅព្រំដែន; ដូច្នេះភាគីទាំងពីរចាំបាច់ត្រូវពិភាក្សាប្រកបដោយបើកចំហនិងស្មោះត្រង់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅប្រទេសឥណ្ឌាកាលពីថ្ងៃទី ២ ខែមីនា។ (រូបថត៖ Reuters)

 

ក៏នៅថ្ងៃទី២ ខែមីនានេះដែរ រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានជួបសន្ទនាជាមួយសមភាគីប្រេស៊ីលលោក Mauro Vieira ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងរៀបចំសម្រាប់ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៅពេលខាងមុខផងដែរ។ នៅក្នុងជំនួបនោះ លោក Qin Gang  បានឲ្យដឹងថា ភាគីចិនមានបំណងចង់ពង្រឹងទំនុកចិត្តផ្នែកនយោបាយជាមួយប្រេស៊ីល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រៀបខ្លាំងនៃប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការនវានុវត្តន៍បច្ចេកទេស ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចឌីជីថល ជាមួយវិស័យកំពុងរីកចម្រើនដទៃទៀត។ លើសពីនេះទៅទៀត លោកក៏បានអំពាវនាវឱ្យប្រទេសទាំងពីរខិតខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យឡើងដល់កម្ពស់ថ្មីមួយ សំដៅបង្កើតកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពពិភពលោក៕

  
 

 


top