ព័ត៌មាន

ជួយឧបត្ថម្ភប្រជាកសិករស្ដារការអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយចីរភាព

ការរួមចំណែករបស់វិស័យកសិកម្ម ជនបទ និងកសិករចំពោះសមិទ្ធិផលរួមរបស់ប្រទេសជាតិគឺពិតជាមានសារៈសំខាន់ និងធំធេងណាស់។
    លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

 នាព្រឹកថ្ងៃទី ២៩ ឧសភា នៅមជ្ឈមណ្ឌលសន្និសីទខេត្ត Son La បានប្រព្រឹត្តទៅសន្និសីទលោកនាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រជាកសិករវៀតណាមឆ្នាំ ២០២២ ក្រោមប្រធានបទ “ជួយឧបត្ថម្ភប្រជាកសិករស្ដារការអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយចីរភាព”។ សន្និសីទនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូជាមួយខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស ដោយមានសំណួរ និងសំណើជាង ១ ៦០០ របស់ប្រជាកសិករផ្ញើជូនលោកនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាត កូវីដ-១៩ និងស្ថានការណ៍ពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះ ដោយបានជះឥទ្ធិពលដល់ផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងបរិបទសេដ្ឋកិច្ចវៀតណាមមានការបើកទូលាយយ៉ាងខ្លាំង៖

“ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវសហការគ្នាឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមជាមួយវិស័យកសិកម្ម និងប្រជាកសិករ ដោះស្រាយបញ្ហាលំបាកខាងសេដ្ឋកិច្ចសង្គមនិយាយរួម ក្នុងនោះមានការអភិវឌ្ឍន៍វិស័យកសិកម្ម ជនបទ និងកសិករ។ យើងត្រូវតែឈានឡើងដោយម្ចាស់ការ ក្នុងនោះត្រូវពឹងផ្អែកលើកម្លាំងផ្ទៃក្នុង។ កម្លាំងផ្ទៃក្នុង គឺជាមនុស្ស ពោលគឺមនុស្សជាដើមទុនដ៏មានតម្លៃបំផុត។ យើងក៏ត្រូវតែបន្តផ្លាស់ប្ដូរបច្ចេកវិទ្យា ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ តភ្ជាប់យ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងកសិកម្ម និងឧស្សាហកម្ម តភ្ជាប់ខ្សែសង្វាក់តម្លៃ អភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល ជាពិសេសការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ”។

ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឆ្លើយសំណួរជាច្រើនដែលប្រជាកសិករ តំណាងសហករណ៍កសិកម្ម សហគ្រាសដែលកំពុងប្រតិបត្តិការលើវិស័យកសិកម្ម អ្នកជំនាញ អ្នកវិទ្យាសាស្ត្រទាំងប្រទេស យកចិត្តទុកដាក់ដូចជាការស្តារឡើងវិញនូវផលិតកម្មកសិកម្មក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ការលើកកម្ពស់ទំនាក់ទំនងរវាងកសិករ-សហគ្រាស; ឥណទាន; បរិស្ថានជនបទ; ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលករនៅជនបទ។

អញ្ជើញថ្លែងបញ្ចប់សន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់វិស័យកសិកម្ម ជនបទ និងកសិករចំពោះសមិទ្ធិផលរួមរបស់ប្រទេសជាតិគឺពិតជាមានសារៈសំខាន់ និងធំធេងណាស់។ ដូច្នេះត្រូវពង្រីកកម្លាំងពលំ និងតួនាទីរបស់ប្រជាកសិករក្នុងការអភិវឌ្ឍកសិកម្ម និងជនបទ។ អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍជនបទ និងការលើកកម្ពស់ជំនាញសម្រាប់ប្រជាកសិករ។ គោលដៅគឺដើម្បីអភិវឌ្ឍកសិកម្មអេកូឡូស៊ី កសាងជនបទទំនើប និងកសិករអរិយធម៌ផងដែរ៕


top