ឧត្តមសេនីយ៍ឯក Phung Si Tan ថ្លែងសុន្ទរកថាបើកកម្មវិធីវាយតម្លៃសមត្ថភាព (រូបថត៖ Viet Trung)
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ADMM+) ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២៣ ខែកញ្ញា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំកម្មវិធីវាយតម្លៃសមត្ថភាពសម្រាប់កងកម្លាំងកំពុងត្រៀមចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រុមអ្នកជំនាញការរក្សាសន្តិភាព វដ្តទី៤។ នាព្រឹកថ្ងៃទី ១៣ កញ្ញា កម្មវិធីបានបើកជាផ្លូវការនៅទីក្រុងហាណូយ ដោយមានការចូលរួមពីប្រទេស ADMM+ ចំនួន ១៨ (រួមទាំងប្រទេសអាស៊ានទាំង១០ និងអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី សហរដ្ឋអាមេរិក និងនូវែលសេឡង់) ក្រោមសហប្រធានរបស់វៀតណាម និងជប៉ុន។
ថ្លែងមតិក្នុងពិធីនេះ អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយឯក Phung Sy Tan បានសង្កត់ធ្ងន់ថា នេះជាលើកដំបូងដែលវៀតណាមបានរៀបចំសកម្មភាពពហុភាគីស្តីពីការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ លើទ្រង់ទ្រាយធំទាំងកម្លាំង និងមធ្យោបាយ។ ព្រឹត្តិការណ៍នេះរួមចំណែកក្នុងការអះអាងនូវតួនាទី កិត្យានុភាព ឋានៈ និងការរួមចំណែករបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគីលើការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងតំបន់ និងក្នុងក្របខ័ណ្ឌនៃ ADMM+។ លោកឧត្តមសេនីយ៍ឯក Phung Sy Tan បានលើកច្បាស់ថា៖ “អ្នកជំនាញ សិក្ខាកាម និងអ្នកសង្កេតការណ៍ជិត ៣០០ នាក់ មកពីប្រទេសសមាជិក ADMM+ បានចូលរួមដើម្បីបង្កើនសមត្ថភាព ប្រសិទ្ធភាព និងការសម្របសម្រួលនៃកម្លាំងសង្កេតការណ៍យោធា ដោយមានការគាំទ្រពីអង្គភាពវិស្វករយោធា និងផ្នែកវេជ្ជសាស្ត្រយោធាកម្រិតយុទ្ធសាស្ត្រ នៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នេះជាឱកាសដ៏ល្អសម្រាប់គណៈប្រតិភូដើម្បីផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ បណ្តុះបណ្តាល និងអនុវត្តជំនាញក្នុងការអនុវត្តការងាររក្សាសន្តិភាព។ ទន្ទឹមនឹងនោះ តាមរយៈកម្មវិធីនេះ រួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងចំណោមប្រទេសសមាជិក ADMM+”។
កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហាណូយ។ សកម្មភាពទាំងនេះរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិក ADMM+ ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសម្របសម្រួលនៃកងកម្លាំងដែលត្រៀមចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមមានៈ វិស្វករ វេជ្ជសាស្ត្រយោធា និងអ្នកសង្កេតការណ៍យោធានៃប្រទេសសមាជិក ADMM+៕