មុខរបររបស់ប្រជាជនវៀតណាម

ជាងកន្លះសតវត្សរ៍ ថែរក្សាមុខរបររនាំងឫស្សី នៅទីក្រុងហូជីមិញ

ផ្តើម​ពី​កំណាត់​ឫស្សី​សាមញ្ញៗ សិប្បករ​បង្កើតបាន​ស្នាដៃ ដែល​មានលក្ខណៈវប្បធម៌​វៀតណាម​ស៊ី​ជម្រៅ​ ​បន្ត​ធ្វើ​ដំណើរ​​ពី ជនបទវាល​ស្រែ​នៃ​ភូមិ​ភាគខាងត្បូង ទៅកាន់ទីផ្សារ​អន្តរជាតិ​​ជាច្រើន។

នៅចំកណ្តាលចង្វាក់​អភិវឌ្ឍន៍​យ៉ាង​រស់រវើក​ នៃទីក្រុងហូជីមិញ ភូមិរបររនាំងឫស្សី ដែលមាន​អាយុកាលជាងកន្លះសតវត្សរ៍ នៅសង្កាត់តឹន​ថុង​ហូយ​ (Tan Thong Hoi) ស្រុកគូជី (Cu Chi) នៅតែបន្តរស់រានមានជីវិតដោយ​ស្ងៀមស្ងាត់។ ផ្តើម​ពី​កំណាត់​ឫស្សី​សាមញ្ញៗ សិប្បករ​បង្កើតបាន​ស្នាដៃ ដែល​មានលក្ខណៈវប្បធម៌​វៀតណាម​ស៊ី​ជម្រៅ​ ​បន្ត​ធ្វើ​ដំណើរ​​ពី ជនបទវាល​ស្រែ​នៃ​ភូមិ​ភាគខាងត្បូង ទៅកាន់ទីផ្សារ​អន្តរជាតិ​​ជាច្រើន។

គំនូរលើរនាំង​ឫស្សី បាន​បង្កើតឡើងជាមួយនឹងប្រធានបទផ្សេងៗគ្នា អាស្រ័យ​លើ​សំណើរបស់​អតិថិជន ចាប់ពីទេសភាព រូបថត​ រហូតដល់រូបភាព ដែលពោរពេញ​ទៅដោយ​​វប្បធម៌ប្រពៃណី​។ រូបថត៖ ថុងហាយ/VNP

ភូមិរបរនាំចេញរនាំងឫស្សីល្បីល្បាញ

មុខរបរធ្វើរនាំង​ឫស្សីនៅ តឹន​ថុង​ហូយ​ បានបង្កើតឡើងតាំងពីមុនឆ្នាំ១៩៧៥ ហើយធ្លាប់បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ខ្លាំងក្លា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ លោក ង្វៀន ហ៊ឺវ​បេន​ (Nguyen Huu Ben) ម្ចាស់សិប្បកម្មរនាំង​ឫស្សី ថាញ់ត្រុក (Thanh Truc) បានឱ្យ​ដឹងថា នៅក្នុងសម័យកាលរុងរឿង មូលដ្ឋាន​មាន​សហករណ៍​ផលិតរនាំងឫស្សី​រហូតដល់​ទៅ ៥៤កន្លែង​​ ដើម្បីបម្រើតម្រូវការតុបតែងនៅសហភាពសូវៀត និងបណ្តាប្រទេសអឺរ៉ុប​ខាងកើត។

មុខរបរធ្វើរនាំង​​ឫស្សី ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ រូបថត៖ ថុងហាយ/VNP
ជាងនៅតឹនថុងហូយ (Tan Thong Hoi) កាត់កំណាត់ឬស្សីឱ្យ​ស្មើៗគ្នា មុនពេល​ធ្វើរនាំងឬស្សី។ រូបថត៖ ថុងហាយ/VNP
 

នាពេលបច្ចុប្បន្ននេះ ទំហំផលិតកម្ម​បាន​រួញចុះ​គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​ផលិតផល​នៅតែ​បាន​នាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើន​ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន និងចិន​។ យោងតាម​ទិន្នន័យស្ថិតិនៃ​មូលដ្ឋាន បច្ចុប្បន្ននៅសល់សិប្បកម្មផលិត​ប្រហែល ៥កន្លែង រួមជាមួយគ្រួសារ​ជិត ៤០០គ្រួសារ ដែលចូលរួមក្នុងការកែច្នៃនៅ​នឹ​ង​កន្លែង​​។

នៅតាមច្រកផ្លូវ​តូចៗសង្កាត់ តឹន​ថុង​ហូយ សំឡេងខួងរន្ធ ស៊កខ្សែ និងក្រងរនាំង​ នៅតែបន្លឺឡើងជារៀងរាល់ថ្ងៃ។ អ្នកធ្វើការភាគច្រើនជាស្ត្រីវ័យចំណាស់ ដែលឆ្លៀតពេលធ្វើការងារសិប្បកម្មផង និងមើលថែទាំគ្រួសារផង។ រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ របរធ្វើរនាំងឫស្សី បានបង្កើតការងារធ្វើជូនពលករក្នុងស្រុករាប់​ពាន់នាក់ ព្រមទាំង​រួមចំណែក​នាំយក រូបភាពវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ តាមរយៈ​ផលិតផលសិប្បកម្ម​ដ៏សាមញ្ញ ប៉ុន្តែសម្បូរទៅដោយ​អត្តសញ្ញាណជា​តិ។

ដំណាក់កាល​ក្រងឬស្សី ​បានជាង​នៅតឹនថុងហូយ ធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងផ្ចិតផ្ចង់។ រូបថត៖ ថុងហាយ/VNP
 

បងស្រី ឡេ ធីហាយ (Le Thi Hai) បានប្រកបរបរនេះអស់រយៈពេលជាង ៣៥ឆ្នាំមកហើយ បានឱ្យ​ដឹងថា ផលិតផលភាគច្រើន នាពេលបច្ចុប្បន្ន បានផលិតឡើង​តាម​ការបញ្ជាទិញ​សម្រាប់​នាំចេញ បម្រើជាចម្បងនូវតម្រូវការតុបតែងនៅក្នុងភោជនីយដ្ឋាន សណ្ឋាគារ និង​ទីធ្លា មានរចនាបថ​បែប​អាស៊ីបូព៌ា​។ នៅជិតដាច់ឆ្នាំ ទីផ្សារក្នុងស្រុក​ក៏មានភាព​អ៊ូអរជាងមុនដែរ ដោយសារ​គ្រួសារជាច្រើន បានស្វែងរកទិញរនាំង​ឫស្សី ដើម្បីតុប​តែង​ផ្ទះ។ រនាំងនីមួយៗ មានតម្លៃជាមធ្យមចាប់ពី ១៥០.០០០ ដល់ ៣០០.០០០ដុង ​អាស្រ័យ​លើ​ទំហំ និងភាព​សម្រេច នៃផលិតផល។

ត្រឹមតែកំហុសឆ្គងដ៏តូចមួយ ក៏អាចធ្វើឱ្យគំនូរទាំងមូលដាច់ខ្សែទម្រង់បានដែរ។ រូបថត៖ ថុងហាយ/VNP
 

ម្រាមដៃថែរក្សាសិល្បៈនៅលើផ្ទាំងរនាំងឫស្សី

ដើម្បីធ្វើ​សម្រេចបានរនាំង​មួយផ្ទាំង ជាងត្រូវឆ្លងកាត់​ការងារខុសៗគ្នាជាច្រើន រួមទាំងអស់ជាងដប់ដំណាក់កាល​ តាំងពីការជ្រើសរើសវត្ថុធាតុដើម ធ្វើ​ប្រព្រឹត្តិកម្ម​ការពារសត្វល្អិត (ខ្មូត) ហាលសម្ងួត​ ខួងរន្ធ ស៊កខ្សែ រហូតដល់ការក្រងរនាំង និងគូរគំនូរ។ ជាងមានបទពិសោធន៍​យូរឆ្នាំមួយ​ចំនួននៅសិប្បកម្មថាញ់ត្រុក​ បានឱ្យ​ដឹងថា កំណាត់​ឫស្សី​បន្ទាប់ពីកាត់​រួច ត្រូវបានដាក់ចូលទៅក្នុង​ឡវិលជាមួយខ្សាច់ម៉ដ្ឋ ដើម្បីសម្អាតស្រទាប់ខាងក្រៅ ជួយឱ្យ​ផ្ទៃខាងក្រៅរលោង និងងាយស្រួលជាប់ពណ៌ថ្នាំ​ជាងមុន។ បន្ទាប់មក វត្ថុធាតុដើមត្រូវបានបន្តយកទៅធ្វើ​ប្រព្រឹត្តិកម្ម​ការពារខ្មូត មុនពេលដាក់ចូលទៅក្នុងខ្សែសង្វាក់​ផលិតកម្ម​។

យោងតាមលោក Nguyen Huu Ben ដំណាក់កាលដែលសម្រេចលើតម្លៃនៃផលិតផល គឺស្ថិតនៅលើការលាបពណ៌ និងការគូររូបលម្អ។ នេះក៏ជាផ្នែកដែលទាមទារនូវស្នាដៃខ្ពស់បំផុតផងដែរ។ សិល្បករមិនមែនគូរនៅលើផ្ទៃរាបស្មើថេរនោះទេ ប៉ុន្តែត្រូវបង្កើតរូបរាងនៅលើផ្ទាំងឫស្សីរាប់រយផ្ទាំងដែលផ្គុំចូលគ្នា។ រាល់បន្ទាត់ពណ៌ទាំងអស់ត្រូវតែគណនាយ៉ាងម៉ត់ចត់ ដើម្បីនៅពេលដែលរនាំងត្រូវបានទម្លាក់ចុះ រូបភាពទាំងមូលនៅតែមានភាពតភ្ជាប់គ្នា និងមានតុល្យភាព។

រនាំងឬស្សីតឹនថុងហូយមួយចំនួន ​បានទីផ្សារ​និយម​ចូល​ចិត្ត។ រូបថត៖ ថុងហាយ/VNP
 

ប្រធានបទដែលអតិថិជនអន្តរជាតិនិយមចូលចិត្តជាញឹកញាប់ គឺទេសភាពជនបទវៀតណាម ដំបូលវិហារ​បុរាណ របងឫស្សី បុណ្យទានប្រជាប្រិយ​ ឬអក្សរក្បាច់​ប្រពៃណី​។ ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីរបស់ទីផ្សារ សិប្បកម្មជាច្រើនបានបន្ថែមបច្ចេកទេសដាំខ្យង​ និងបន្លាស់ប្ដូររចនាម៉ូដ ដើម្បីបង្កើន​សោភ័ណភាពសម្រាប់ផលិតផល។

បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃនៅតាម​ភូមិរបរ ម្រាមដៃទាំងដប់នៅតែ​​ឧស្សាហ៍ព្យាយាម​ បន្តតំណភ្ជាប់ឫស្សីមួយ​កំណាត់​​តូច​ៗឱ្យ​ជាប់ចូលគ្នា។ នៅកណ្តាលចង្វាក់ជីវិតដ៏រស់រវើក​នៃទីក្រុង ភូមិរបររនាំង​​ឫស្សី តឹន​ថុង​ហូយ នៅតែ​អភិវឌ្ឍមិនឈប់ឈរ ហើយជាទីកន្លែងអនុស្សាវរីយ៍​នៃជំនាញ​សិប្បកម្ម និង​អត្តសញ្ញាណវប្បធម៌វៀតណាម នៅតែបន្ត​​បានរក្សាទុក តាមរយៈផ្ទាំងរនាំង​នីមួយៗ ដែលមាន​ពណ៌​លឿងទុំ ដូចពណ៌​ពន្លឺថ្ងៃ៕

អត្ថបទ និងរូបថត៖ ថុងថៀន​/VNP

ប្រែសម្រួល៖ រីកើង​


top