ព័ត៌មាន

ជប៉ុននឹងបើកទីផ្សារសម្រាប់ផ្លែមៀនរបស់វៀតណាមក្នុងខែវិច្ឆិកា

នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនោះ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា ជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញ  ហើយដាក់ពង្រាយឲ្យបានឆាប់ៗ នូវជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មី; កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខថាមពល សន្តិសុខស្បៀង និងសន្តិសុខរូបិយវត្ថុ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋាភិបាលជប៉ុននឹងមានគោលនយោបាយជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមជាង ៤០ម៉ឺននាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Kishida បានអះអាងថា វៀតណាមមានតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ជប៉ុនសម្រាប់តំបន់; បញ្ជាក់ថា ជប៉ុននឹងជំរុញការដាក់ពង្រាយកម្ចី ODA ជំនាន់ថ្មីក្នុងពេលឆាប់ៗ; ឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការនាំចេញកសិផលនៃប្រទេសទាំងពីរ។ ជប៉ុននឹងប្រកាសបើកទីផ្សារផ្លែមៀនសម្រាប់វៀតណាមជាផ្លូវការនៅខែវិច្ឆិកា។

នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាស៊ាន និងជប៉ុន (១៩៧៣-២០២៣) ក្នុងយន្តការសហប្រតិបត្តិការពហុភាគីដូចជាអាស៊ាន អនុតំបន់មេគង្គ និងអង្គការសហប្រជាជាតិ៕


top