តំបន់ភ្នំ Ba Den ក្នុងខេត្តតៃនិញ កំពុងអភិវឌ្ឍន៍សេវាកម្មទេសចរណ៍កសិកម្ម។ ចម្ការដើមឈើហូបផ្លែ និងសហករណ៍ជាច្រើន ត្រូវបានបង្កើតឡើង ហើយបើកទ្វារទទួលភ្ញៀវទេសចរមកទស្សនា បេះផ្លែឈើ និងទទួលទាននៅហ្នឹងកន្លែង ដែលរួមចំណែកពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរនៅពេលមកដល់ខេត្តតៃនិញ។
ទេសចរណ៍កសិកម្មជុំវិញជើងភ្នំ Ba Den បានចាប់ផ្តើមលេចចេញពីកសិដ្ឋានខ្នាតតូច របស់អ្នកស្រុក។ (រូបថត៖ VOV)
ទេសចរណ៍កសិកម្មជុំវិញជើងភ្នំ Ba Den
បានចាប់ផ្តើមលេចចេញពីកសិដ្ឋានខ្នាតតូច របស់អ្នកស្រុក។ ពីមុន
គ្រួសារជាច្រើនបានដាំនិងលក់កសិផលមួយចំនួន ដូចជា៖ ផ្លែទៀបបារាំង
ផ្លែត្រសក់ផ្អែមសំណាញ់ ទំពាំងបាយជូរ ដូងសរីរាង្គ ឬបន្លែស្អាតតាមរដូវ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារចំនួនភ្ញៀវទេសចរដែលមកទស្សនាភ្នំ Ba Den កាន់តែកើនឡើង ម្ចាស់ចម្ការដើមឈើហូបផ្លែមួយចំនួនបាន
រួមបញ្ចូលគ្នាការផលិតជាមួយនឹងសេវាកម្មឆ្លងកាត់បទពិសោធន៍។
ភ្ញៀវទេសចរអាចដើរលេងក្នុងចម្ការ បេះផ្លែឈើ ទទួលទាននៅហ្នឹងកន្លែង
និងថតរូបនៅកណ្ដាលលំហបៃតងនៃកសិដ្ឋាន។ គំរូមួយក្នុងចំណោមគំរូលេចធ្លោនោះ
គឺចម្ការដូងសរីរាង្គ ១,២ ហិកតា របស់លោក Nguyen Thanh
Vu នៅក្នុងឃុំ ប៊ិញមិញ។ ជាមធ្យម ចម្ការរបស់លោកទទួលភ្ញៀវទេសចរប្រហែល
៤៥០ នាក់ក្នុងមួយខែ ហើយចំនួននេះកើនឡើងទ្វេដងនៅចុងសប្តាហ៍ឬបុណ្យទាននានា។ លោក Nguyen
Thanh Vu បានចែករំលែកថា៖
“នោះជាគុណសម្បត្តិសម្រាប់ចម្ការដើមឈើហូបផ្លែ
នៅជុំវិញភ្នំ។ បច្ចុប្បន្ននេះ ចម្ការរបយ់យើងក៏ទទួលបានអត្ថប្រយោជន៍ពីគោលដៅទេសចរណ៍
ភ្នំ Ba Den ផងដែរ។ ទោះបីជាមិនទាន់មានចម្ការដើមឈើហូបផ្លែ
ច្រើនក៏ដោយ ប៉ុន្តែនៅពេលដែលប្រជាកសិករកាន់តែច្រើន ធ្វើតម្រាប់តាមគំរូនេះ
វានឹងបង្កើតឡើងប្រភពវត្ថុធាតុដើមដ៏ធំមួយ ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
ភ្ញៀវទេសចរនឹងមិនត្រឹមតែមកចម្ការដូងប៉ុណ្ណោះទេ
ថែមទាំងមកចម្ការដើមឈើហូបផ្លែជាច្រើនប្រភេទនៅជុំវិញកន្លែងនេះទៀតផង។
សហករណ៍
និងម្ចាស់ចម្ការដើមឈើហូបផ្លែ ច្រើនទៀតក៏កំពុងចាប់ផ្តើមផ្លាស់ប្តូរគំរូ
ពីការផ្តោតលើការផលិត និងលក់កសិផល
ទៅជាការរួមបញ្ចូលគ្នាជាមួយនឹងការទទួលភ្ញៀវទេសចរមកទស្សនា ឆ្លងកាត់បទពិសោធន៍
និងទិញផលិតផលនៅហ្នឹងកន្លែង។ លោក Le Minh Trung ប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍សេវាកម្មកសិកម្ម
Minh Trung បានឲ្យដឹងថា បច្ចុប្បន្ននេះ
អាជីវកម្មទេសចរណ៍មួយចំនួនបានចាប់ផ្តើមរចនាដំណើរកម្សាន្តពាក់កណ្តាលថ្ងៃ
ឬពេញមួយថ្ងៃនៅជុំវិញភ្នំ Ba Den។
“ដោយស្ដែងចេញពីមោទនភាពចំពោះកសិផលក្នុងស្រុក
ដូច្នេះយើងធ្វើយ៉ាងយកចិត្តទុកដាក់។ នៅពេលធ្វើកសិកម្មបៃតង
យើងចង់ឱ្យភ្ញៀវទេសចរមកទីនេះដើម្បីទទួលបានអារម្មណ៍ពិតប្រាកដចំពោះការខិតខំប្រឹងប្រែង
និងដំណើរការផលិតកម្មបៃតងរបស់កសិករ។ ពីនោះ យើងបានតភ្ជាប់ជាមួយម្ចាស់ចម្ការ
និងអាជីវកម្មទេសចរណ៍ដែលមានគំនិត និងទិសដៅដូចគ្នា
ដើម្បីរួមគ្នាអភិវឌ្ឍន៍គោលដៅទេសចរណ៍កសិកម្មនៅជុំវិញតំបន់នេះ”។
នៅក្នុងរង្វង់ប្រហែល
១០ គីឡូម៉ែត្រជុំវិញភ្នំ Ba Den គំរូកសិកម្មស្អាតជាច្រើនត្រូវបានបង្កើតឡើង។
ទេសភាពវាលស្រែ និងកសិដ្ឋានដែលលាយឡំជាមួយព្រៃភ្នំ
បានបង្កើតជាបរិយាកាសដ៏ស្និទ្ធស្នាលជាមួយធម្មជាតិ
ដែលសមស្របសម្រាប់ការអភិវឌ្ឍដំណើរទេសចរណ៍កសិកម្មនិងអេកូឡូស៊ី។ យោងតាមលោកស្រី Le
Thi Nhu Oanh នាយិការងក្រុមហ៊ុនទេសចរណ៍ Huong Sen Viet ជាមួយនឹងគុណសម្បត្តិដែលមានទីតាំងស្ថិតនៅជិតតំបន់ទេសចរណ៍ដ៏ធំមួយ
ចំនួនភ្ញៀវទេសចរមកភ្នំ Ba Den មានស្ថេរភាពពេញមួយឆ្នាំ
ដូច្នេះតំបន់នេះអាចបង្កើតជាខ្សែក្រវ៉ាត់ទេសចរណ៍កសិកម្មមួយ
ដើម្បីបង្កើនបទពិសោធន៍សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅពេលមកដល់ខេត្តតៃនិញ។
“ពីមុន
គេតែងតែនិយាយថា ទេសចរណ៍នៅ តៃនិញ មានភាពគគ្រឹកគគ្រែងតែនៅក្នុងខែមករាប៉ុណ្ណោះ។
ប្រការនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រពៃណីធ្វើធម្មយាត្រាទៅកាន់ភ្នំ Ba
Den និងការទៅទស្សនាព្រះវិហារសាសនា Cao Dai ដែលភាគច្រើនគឺទេសចរណ៍ខាងវិញ្ញាណ។
ប៉ុន្តែនោះជារឿងមុនឆ្នាំ ២០២០ នៅពេលដែលតំបន់ទេសចរណ៍ជាតិភ្នំ Ba Den មិនទាន់ត្រូវបានវិនិយោគ និងធ្វើអាជីវកម្មជាប្រព័ន្ធនៅឡើយទេ។
ចាប់តាំងពីក្រុមហ៊ុន Sun Group បានបណ្ដាក់ទុនអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ
ទេសចរណ៍តៃនិញ បានផ្លាស់ប្តូរយ៉ាងខ្លាំង។ ចំនួនភ្ញៀវទេសចរត្រូវបានរក្សាពេញមួយឆ្នាំ។
មួយផ្នែកគឺដោយសារតែគោលនយោបាយជំរុញតម្រូវការ និងការរៀបចំផលិតផលទេសចរណ៍ដ៏ទាក់ទាញ
ដែលជួយឱ្យខេត្តតៃនិញក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅតំបន់ភាគខាងត្បូងវៀតណាម”។
លោក Ngo
Tran Ngoc Quoc ប្រធានសមាគមទេសចរណ៍ខេត្តតៃនិញ បានឲ្យដឹងថា
ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព ខេត្តតៃនិញ
ត្រូវរៀបចំផែនការមេយ៉ាងឆាប់រហ័សលើតំបន់ទេសចរណ៍កសិកម្មនៅជុំវិញជើងភ្នំ
ដោយបង្កើតចង្កោមកសិដ្ឋាន ចម្ការដើមឈើហូបផ្លែ
និងតំបន់អេកូឡូស៊ីដែលតភ្ជាប់គ្នាជាខ្សែសង្វាក់គោលដៅទេសចរណ៍។ លើសពីនេះ
ចាំបាច់ត្រូវគាំទ្រប្រជាជនក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍សហគមន៍
បណ្តុះបណ្តាលជំនាញក្នុងការបម្រើភ្ញៀវទេសចរ និងការអនុវត្តបច្ចេកវិទ្យា...
ដើម្បីជួយបណ្ដាកសិដ្ឋានអាចធ្វើឱ្យសេវាកម្មរបស់ពួកគេមានលក្ខណៈវិជ្ជាជីវៈពីមួយថ្ងៃទៅមួយថ្ងៃ។
“ទាក់ទងនឹងការជំរុញនិងការផ្សព្វផ្សាយ
ខ្ញុំស្នើឱ្យខេត្តបង្កើនការផ្សព្វផ្សាយរូបភាពទេសចរណ៍នៅលើវេទិកាឌីជីថល បណ្តាញសង្គម
និងប៉ូស្តិ៍ទូរទស្សន៍ជាតិ និងអន្តរជាតិ។ តាមពិតទៅ នាពេលថ្មីៗនេះ
បណ្ដាញទំនាក់ទំនងសង្គមជាច្រើន ទោះបីជាមិនមែនជាបណ្តាញផ្លូវការក៏ដោយ
ប៉ុន្តែមានឥទ្ធិពលយ៉ាងទូលំទូលាយ ដូចជា TikTok, YouTube និង Facebook”។
នៅពេលដែលទេសចរណ៍ខាងវិញ្ញាណត្រូវបានគួបផ្សំជាមួយនឹងបទពិសោធន៍កសិកម្ម
តំបន់ជុំវិញភ្នំ Ba Den មិនត្រឹមតែជាគោលដៅដែលធ្លាប់ស្គាល់សម្រាប់ដំណើរធម្មយាត្រាប៉ុណ្ណោះទេ
ថែមទាំងក្លាយជាកន្លែងសម្រាប់ការរុករកធម្មជាតិ និងជីវភាពជនបទទៀតផង។
ដំណើរកម្សាន្តតាមកសិដ្ឋានបៃតងកំពុងបើកទិសដៅថ្មីមួយសម្រាប់ការអភិវឌ្ឍទេសចរណ៍នៃខេត្តតៃនិញ
ដែលរួមចំណែកដល់ការធ្វើពិពិធកម្មផលិតផល
និងពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរនៅពេលមកដល់តំបន់ដីនេះ៕