សម័យប្រជុំលើកទី ៩ នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ កំពុងប្រព្រឹត្តទៅនៅ ទីក្រុងហាណូយ។ សេចក្តីព្រាងច្បាប់មួយដែលកំពុងត្រូវបានលើកយកមកពិភាក្សាគឺ ច្បាប់ស្តីពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប)។
លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធានស្នងការរក្សាសន្តិភាពវៀតណាម ក្រសួងការពារប្រទេស។ (រូបថត៖ ស្នងការរក្សាសន្តិភាពវៀតណាម)
សេចក្តីព្រាងច្បាប់នេះបានដាក់ចេញយន្តការលើកទឹកចិត្ត សម្រួលដល់ការចូលរួមរបស់ស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បង្ហាញពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងលើក កំពស់ឋានៈរបស់ស្ត្រីក្នុងការចូលរួមក្នុងសកម្មភាពសន្តិភាព និងសន្តិសុខលើ សកលលោកផងដែរ។
ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានបញ្ជូនកម្មាភិបាល និងបុគ្គលិក ប្រមាណ ១១០០ នាក់ទៅចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិនៅបេសកកម្ម និងទីស្នាក់ការអង្គការសហប្រជាជាតិចំនួន ៣។ ក្នុងនោះ សមាមាត្រស្ត្រីមានជាង ១៣% ដែលធានាសមាមាត្រស្ត្រីត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសហប្រជាជាតិ។
ដើម្បីរក្សានិងបង្កើនសមាមាត្រស្ត្រី វៀតណាមត្រូវការគោលនយោបាយប្រកប ដោយនិរន្តរភាព ដើម្បីទាក់ទាញការចូលរួមរបស់ស្ត្រី។ សេចក្តីព្រាងច្បាប់ស្តីពី "ការចូលរួមនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ" បានអនុវត្តន៍ យ៉ាងពេញលេញនូវគោលការណ៍ជាមូលដ្ឋានអំពីសមភាពយេនឌ័រក្នុងការកសាង និង សុក្រិតប្រព័ន្ធច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមភាពយេនឌ័រឆ្នាំ ២០០៦។ លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធានស្នងការរក្សាសន្តិភាពវៀតណាម ក្រសួងការពារប្រទេសបានមានប្រសាសន៍ថា៖
“សេចក្តីព្រាងច្បាប់ បានស្នើវិធានការលើកកម្ពស់តួនាទីនៃសមភាពយេនឌ័រ ដើម្បីគោលដៅចំនួន ២។ ទីមួយ បំពេញតាមតម្រូវការរបស់អង្គការសហប្រជាជាតិ ក្រោមសេចក្ដីសម្រេចចិត្តលេខ ១៣២៥ របស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ ក្នុងនោះ ស្ត្រីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិបានកំណត់លក្ខណៈ វិនិច្ឆ័យជាក់លាក់សម្រាប់បុគ្គល និងអង្គភាពដែលចូលរួម។ ចំណុចទីពីរ ដែលមាន សារៈសំខាន់ខ្លាំងណាស់ គឺការបង្កើតច្រករបៀងផ្លូវច្បាប់ និងជាការលើកទឹកចិត្តដ៏ ធំធេងដល់នាយទាហានយោធា និងនគរបាលជាស្ត្រីឱ្យចូលរួមក្នុងការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិផងដែរ”។
លោកវរសេនីយ៍ឯក Le Quoc Huy នៅការិយាល័យអចិន្ត្រៃយ៍នៃក្រសួង នគរបាល ទទួលបន្ទុកការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានអះអាងថា ការបង្ហើយសេចក្តីព្រាងច្បាប់នេះ ជាក្របខ័ណ្ឌផ្លូវច្បាប់ដ៏សំខាន់មួយដើម្បីលើកទឹកចិត្ត ស្ត្រីឱ្យចូលរួមចំណែកក្នុងសកម្មភាពនេះ៖
“សេចក្ដីព្រាងច្បាប់លើកនេះ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបប គោល នយោបាយសម្រាប់កងកម្លាំងដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែ អនុវត្តន៍ចំពោះកងកម្លាំងក្នុងអំឡុងពេលហ្វឹកហ្វឺនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំង អំឡុងពេលដាក់ពង្រាយ សូម្បីតែបន្ទាប់ពីកងកម្លាំងបានបញ្ចប់អាណត្តិ និងត្រឡប់មក វិញដោយសុវត្ថិភាពផងដែរ។ មានបទប្បញ្ញត្តិដើម្បីលើកទឹកចិត្តកម្លាំងស្ត្រីទាំងខាងសម្ភារៈ និងខាងស្មារតី ដែលបានលើកឡើងក្នុងសេចក្ដីព្រាងច្បាប់នេះ”។
ការដែលវៀតណាមសុក្រិតបទបញ្ញត្តិអំពីការចូលរួម ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ ច្បាស់លាស់ តម្លាភាព ជាក់លាក់ និងស្ថិរភាព គឺជាការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វៀតណាមក្នុងបរិបទ លើកកម្ពស់សមភាពយេនឌ័រ ធានាភាពសមស្របនៃច្បាប់វៀតណាម ជាមួយនឹង គោលដៅបង្កើនសមាមាត្រស្ត្រីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ យោងតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ៕