ឆ្នាំ ២០២២ ជាលើកទី ២ ដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (លើកទី១ នៅឆ្នាំ ២០១៣) ។
ឆ្នាំ ២០២២ ជាលើកទី ២ ដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (លើកទី១ នៅឆ្នាំ ២០១៣) ។ ការជាប់ឆ្នោតជាសមាជិកក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបង្ហាញនូវការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះគោលនយោបាយ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាម ក្នុងការធានាឱ្យបានកាន់តែប្រសើរឡើងនូវសិទ្ធិរបស់ប្រជាជនលើគ្រប់វិស័យ រួមទាំងបញ្ហាសាសនាសម្រាប់ប្រជាជនក្នុងតំបន់ភ្នំខ្ពស់។
បុណ្យណូអែលកក់ក្តៅនៅតំបន់ភ្នំខ្ពស់ទល់មេឃ
ក្នុងបុណ្យណូអែលឆ្នាំ ២០២៣ វិហារកាតូលិកដែលស្ថិតនៅលើកំពូលភ្នំខ្ពស់នៃសមាគមគ្រិស្ត ហូវថាវ (Hau Thao) (នៅភូមិ ហាងដា (Hang Da) ភូមិ ហៅជឺ (Hau Chu) ឃុំ ហូវថាវ (Hau Thao) ក្រុង សាប៉ា (Sa Pa) ខេត្ត ឡាវកាយ (Lao Cai) រីករាយនឹងពិធីបុណ្យសំខាន់ក្នុងឆ្នាំ។ នៅម៉ោង ៩ និង ០០នាទី ព្រឹក ក្រុមត្រែស្ពាន់នៃវិហារកាតូលិកបានប្រគុំស្វាគមន៍បុណ្យណូអែលយ៉ាងរីករាយ។ គ្រិស្តបរិស័ទមួយចំនួនធំដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ និងសម្របខ្លួនក្នុងបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ ដើម្បីស្វាគមន៍បុណ្យណូអែល បីដូចជាបំបាត់អាកាសធាតុត្រជាក់នៅកណ្តាលតំបន់ពោរពេញពពកនេះ។
នៅក្នុងវិហារកាតូលិក លោកបូជាចារ្យ Phero ផាមថាញបិញ (Pham Thanh Binh) ដែលជាលោកបូជាចារ្យគ្រប់គ្រងសហគមកាតូលិក សាប៉ា (Sa Pa) និងជាអ្នកទទួលបន្ទុកក្នុងសមាគមគ្រិស្ត ហូវ ថាវ (Hau Thao) កំពុងបង្រៀនអំពីជំនឿ និងរបៀបរស់នៅប្រកបដោយសុជីវធម៌ សីលធម៌ ហើយមិនភ្លេចជូនពរគ្រិស្តបរិស័ទទាំងអស់គ្នាឱ្យមានសេចក្តីសុខសាន្ត និងកក់ក្តៅក្នុងបុណ្យណូអែល។ វិហារកាតូលិកនៃសមាគមគ្រិស្ត ហូវថាវ (Hau Thao) គឺជវិហារដ៏ធំទូលាយ និងស្រស់ស្អាតមួយ ដែលត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្ម gothic រួមផ្សំនឹងលក្ខណៈវប្បធម៌ជនជាតិ ម៉ុង (Mong) ។ នេះជាកន្លែងជួបជុំ និងរៀបចំពិធីសាសនារបស់ជនជាតិម៉ុង (Mong) អ្នកកាន់សាសនាកាតូលិកជាង ៧០០នាក់នៅឃុំ ហូវថាវ (Hau Thao)។
ទទួលស្វាគមន៍យើងខ្ញុំដោយស្នាមញញឹមដ៏កក់ក្តៅ លោក ម៉ា អាស៊ីញ (Ma A Sinh) អាយុ ៤០ ឆ្នាំ ជនជាតិម៉ុង (Mong) ម្នាក់ នៅភូមិ ហាងដា (Hang Da) បានចែករំលែកថា កាលពីមុន មិនមានផ្លូវទៅភូមិទេ ដូច្នេះហើយយើងត្រូវដើរកាត់ច្រាំងថ្មចោត និងឆ្លងកាត់ជ្រោះដែលត្រូវចំណាយពេញមួយថ្ងៃ។ នៅពេលនោះ ដើម្បីរៀបចំពិធីបុណ្យធំៗ សមាគមគ្រិស្ត ហូវថាវ (Hau Thao) ត្រូវធ្វើដំណើរទៅកាន់ទីរួមស្រុក សាប៉ា (Sa Pa) ដើម្បីទទួល និងនាំបូជាចារ្យមកមកធ្វើជាអធិបតីក្នុងពិធីការទាំងនោះ។ សព្វថ្ងៃនេះ ដោយសារការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានផ្លូវក្រាលកៅស៊ូអន្តរភូមិត្រូវបានសាងសង់ នាំទៅកាន់វិហារ ដូច្នេះហើយទើបមានភាពងាយស្រួលសម្រាប់ជីវភាព និងសកម្មភាពសាសនារបស់ប្រជាជននៅទីនេះ។
គ្រិស្តបរិស័ទ ក្នុងសមាគមគ្រិស្ត ហូវថាវ (Hau Thao) (នៅភូមិ ហាងដា (Hang Da) ភូមិ ហូវជឺ (Hau Chu) ឃុំ ហូវថាវ (Hau Thao) ទីរួមស្រុក សាប៉ា (Sa Pa) ខេត្ត ឡាវកាយ (Lao Cai)) ទៅកាន់វិហារ ក្នុងថ្ងៃឈប់សម្រាក។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
វិហារថ្ម សាប៉ា (Sa Pa) មានទីតាំងនៅកណ្តាលទីរួមស្រុក ហើយត្រូវបានគេចាត់ទុកជានិមិត្តរូបនៃទីរួមស្រុកដែលពោរពេញអ័ព្ទនេះ។ នៅឆ្នាំ ១៩០២ សមាគមអ្នកផ្សព្វផ្សាយសាសនាប៉ារីស (ប្រទេសបារាំង) បានបង្កើតសហគមន៍គ្រិស្ត សាប៉ា (Sa Pa) ហើយក្នុងឆ្នាំ១៩២៥ ពួកគេបានសាងសង់វិហារថ្ម សាប៉ា (Sa Pa) ។ សាប៉ា (Sa Pa) គឺជាកន្លែងរស់នៅដ៏យូរលង់របស់ជនជាតិ គិញ (Kinh) និងជនជាតិមួយចំនួនទៀត ដូចជា ម៉ុង (Mong) យ៉ាវ (Dao) តៃ (Tay) យ៉ៃ (Day)... ដូច្នេះហើយក្នុងអំឡុងពេលបុណ្យណូអែលឆ្នាំ២០២៣ វិហារថ្ម សាប៉ា (Sa Pa) លេចចេញជាមួយនឹងទេសភាពដ៏រីករាយ ចម្រុះពណ៌ដោយសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់បងប្អូនជនជាតិនានាក្នុងតំបន់។
ជាពិសេស បច្ចុប្បន្ននៅទីនេះនៅទាំងជាកន្លែងរស់នៅ និងរៀនសូត្ររបស់កុមារជនជាតិមួយចំនួនមកពីសហគមគ្រិស្ត សាប៉ា (Sa Pa)។ ក្នុងរយៈពេលរស់នៅ និងសិក្សានៅទីនេះ កុមារត្រូវបានលោកបូជាចារ្យ និងដូនជីកាតូលិកបង្រៀនបំណិនក្នុងជីវិត ដើម្បីជួយពួកគេគោរពសាសនា ស្រឡាញ់ជីវិត និងមានសមត្ថភាពសម្របខ្លួនក្នុងជីវិតសម័យទំនើប។
ពិធីការមួយបានប្រារព្ធឡើងយ៉ាងឧឡារិកនៅក្នុងបរិវេណវិហារថ្ម សាប៉ា (Sa Pa) ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
លោកបូជាចារ្យ (លោកឪពុក) Phero ផាមថាញបិញ (Pham Thanh Binh) សំណេះសំណាលជាមួយកុមារ នៅវិហារថ្ម សាប៉ា (Sa Pa) ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ដូចតំបន់ផ្សេងទៀតជាច្រើននៅភូមិភាគពាយ័ព្យ សហគមន៍កាតូលិក សាប៉ា (Sa Pa) គឺជាសហគមក្រីក្រមួយ គ្រិស្តបរិស័ទភាគច្រើនរស់នៅ និងធ្វើការក្នុងវិស័យទេសចរណ៍ និងកសិកម្ម។ អាស្រ័យហេតុនេះ អាជ្ញាធរមូលដ្ឋានបានអនុវត្តយ៉ាងសកម្មនូវគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនរបស់បក្ស រដ្ឋ ដើម្បីគាំទ្រប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រក្សាអត្តសញ្ញាណវប្បធម៌ រស់នៅប្រកបដោយសុខដុមរមនា សាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះឱ្យកាន់តែរីកចម្រើន សុខសាន្ត និងសុភមង្គល។
ស៊ីនសួយហូ (Sin Suoi Ho) ទីតាំងសុភមង្គល ខណៈពេលសាសនាផ្សារភ្ជាប់នឹងជីវិត
អ្នកកាន់សាសនាប្រូតេស្តង់ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចូលរួមក្នុងពិធីមួយ នៅភូមិ ស៊ីនសួយហូ (Sin Suoi Ho) ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
ភូមិស៊ីនសួយហូ (Sin Suoi Ho) (ឃុំ ស៊ីនសួយហូ (Sin Suoi Ho) ស្រុក ផុងថូ (Phong Tho) ខេត្ត ឡាយចូវ (Lai Chau)) ជាកន្លែងរស់នៅរបស់ជនជាតិ ម៉ុង (Mong) ចំនួន ១៥៩ គ្រួសារ ដែលមានប្រជាជនជាង ៦៥០ នាក់ ក្នុងនោះមានអ្នកកាន់សាសនាប្រូតេស្តង់ជាង ៥០០ នាក់ផងដែរ។ នេះគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ខេត្ត ឡាយចូវ (Lai Chau) ។ នៅឆ្នាំ ២០២៣ ក្នុងវេទិកាតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ភូមិ ស៊ីនសួយហូ (Sin Suoi Ho) ត្រូវបានលើកតម្កើងជាគោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញបំផុត នៅអាស៊ានក្នុងឆ្នាំ ២០២២។
យើងខ្ញុំមានវត្តមាននៅនៃក្រុមអ្នកកាន់សាសនាប្រូតេស្តង់ ស៊ីនសួយហូ (Sin Suoi Ho) នាចុងឆ្នាំ ដែលមានអាកាសធាតុត្រជាក់និងផ្ទៃមេឃស្រស់ថ្លា។ ជនជាតិម៉ុង (Mong) កាន់សាសនាប្រូតេស្តង់ក្នុងភូមិនេះ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតបំផុតរបស់ពួកគេ បានបបួសគ្នាមកជួបជុំ ដើម្បីចូលរួមពិធីបុណ្យណូអែល។ នៅលើវេទិកា ក្រៅពីការអត្ថាធិប្បាយអំពីទ្រឹស្ដីសាសនា លោកគ្រូគង្វាល ហាងអាសា (Hang A Xa) បានធ្វើចលនាប្រជាពលរដ្ឋ និងអ្នកកាន់សាសនាប្រូតេស្តង់ឲ្យចេះសាមគ្គីគ្នា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ក្លាយជាអ្នកមានដោយស្របច្បាប់ មិនជឿ និងស្តាប់មនុស្សអាក្រក់ ដែលបំផ្លៃគោលការណ៍ គោលនយោបាយ ដើម្បីប្រឆាំងនឹងបក្ស និងរដ្ឋ។
និយាយអំពីការផ្លាស់ប្តូររបស់ភូមិ ស៊ីនសួយហូ (Sin Suoi Ho) មនុស្សជាច្រើនតែងតែរំឭករឿងៗថា ៖ "អព្ភូតហេតុ ស៊ីនសួយហូ (Sin Suoi Ho) " "វេទមន្ត ស៊ីនសួយហូ (Sin Suoi Ho) " ឬ "រឿងចម្លែកនៅក្នុងភូមិញៀនអាភៀនស៊ីនសួយហូ (Sin Suoi Ho) " ... ព្រោះពីមុន ភូមិ ស៊ីនសួយហូ (Sin Suoi Ho) ជាភូមិក្រីក្រអត់ឃ្លាន ហើយដាំតែដើមអាភៀន និងមានប្រជាជនក្នុងភូមិជាង ៩០% គឺជាអ្នកញៀនអាភៀន។ អាភៀនបានធ្វើឲ្យជីវិតប្រជាជននៅទីនេះអាប់អួរ ស្រេកឃ្លាន វេទនា ឈឺស្កាត់ និងអបាយមុខជាច្រើនប្រភេទ។
គង្វាល ហាងអាស្វា (Hang A Xa) ចែករំលែកថា៖ «គ្រួសារខ្ញុំធ្លាប់មានអ្នកញៀនអាភៀនច្រើននាក់ ប៉ុន្តែបន្ទាប់ពីបានសិក្សាពីគម្ពីរ ហើយត្រូវបានផ្សព្វផ្សាយ និងពន្យល់ដោយអាជ្ញាធរអំពីផលវិបាកនៃអាភៀន ដូច្នេះមនុស្សគ្រប់រូបបានផ្ដាច់គ្រឿងញៀនដោយខ្លួនឯង។ ដំបូងឡើយ ការផ្ដាច់គ្រឿងញៀនដោយខ្លួនឯងពិតជាពិបាកណាស់។ ខ្ញុំត្រូវនាំគ្រួសារខ្ញុំចូលទៅព្រៃ ដើម្បីផ្ដាច់គ្រឿងញៀនដោយខ្លួនឯងជាមុនសិន ដើម្បីធ្វើជាគំរូសម្រាប់អ្នកភូមិ បន្ទាប់ពីមើលឃើញគ្រួសាររបស់ខ្ញុំបានផ្ដាច់គ្រឿងញៀនដោយខ្លួនឯងបានជោគជ័យ អ្នករាល់គ្នាក្នុងភូមិក៏ចាប់ផ្តើមធ្វើតាម។ ក្រោយអំឡុងពេលខិតខំប្រឹងប្រែងអស់រយៈពេល ១០ ឆ្នាំ ចំនួនអ្នកញៀនបានថយចុះជាបណ្តើរៗ ហើយឥឡូវនេះភូមិ ស៊ីនសួយហូ (Sin Suoi Ho) គ្មានអ្នកញៀនអាភៀនទៀតឡើយ»។
ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការឃោសនា ចលនា និងលើកទឹកចិត្តប្រជាជនឱ្យអនុវត្តបានល្អនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ហើយសាមគ្គីគ្នា ដើម្បីខិតខំអភិវឌ្ឍសេដ្ឋកិច្ច -សង្គម ជាពិសេសរួមចំណែកក្នុងការកសាងភូមិ ស៊ីនសួយហូ (Sin Suoi Ho) ឱ្យក្លាយជាភូមិទេសចរណ៍សហគមន៍ដ៏ល្បីល្បាញបំផុត ក្នុងតំបន់អាស៊ាន។ ក្នុងឆ្នាំ ២០២៣ លោកគ្រូគង្វាល ហាងអាស្វា (Hang A Xa) មានកិត្តិយសជាគំរូមួយក្នុងចំណោមគំរូឆ្នើមចំនួន ៧៥ រូប ទូទាំងប្រទេស ដែលទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី។
ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ចាប់តាំងពីឆ្នាំ ២០១២ ដោយការចលនាសាងសង់ជនបទថ្មី ផ្លូវនាំទៅដល់ភូមិ ស៊ីនសួយហូ (Sin Suoi Ho) ត្រូវបានចាក់បេតុង ក្រោលគោ ក្រោលជ្រូក និងបន្ទប់អនាម័យត្រូវបានផ្លាស់ប្តូរចេញឆ្ងាយពីទីលំនៅរបស់អ្នកភូមិ ដែលជួយឱ្យផ្ទះរបស់ជនជាតិ ម៉ុង (Mong) កាន់តែស្អាត និងមានអនាម័យជាងមុន។ ទន្ទឹមនឹងនោះ ប្រជាជនក៏បានអភិវឌ្ឍបន្ថែមរបរដាំ Cymbidium ដំណាំប៉ែស ដំណាំព្រូន... ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចភូមិ នាពេលបច្ចុប្បន្ននេះមើលទៅស្អាត និងរីកចម្រើនជាងមុនខ្លាំងណាស់។
សម្គាល់ជាងគេគឺប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងភូមិក៏បានរៀនសូត្រអំពីចំណេះដឹងវិស័យទេសចរណ៍ ដើម្បីបើកទម្រង់រូបភាពទេសចរណ៍សហគមន៍ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ក្នុងតំបន់។ ដោយមានការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងឆ្នាំ ២០១៥ គណៈកម្មាធិការប្រជាជនខេត្ត ឡាវចូវ (Lai Chau) បានទទួលស្គាល់ភូមិ ស៊ីនសួយហូ (Sin Suoi Ho) ជាភូមិទេសចរណ៍សហគមន៍។ ចាប់ពីពេលនោះមក ប្រជាជនក្នុងភូមិ ស៊ីនសួយហូ (Sin Suoi Ho) មានមូលដ្ឋាន និងកម្លាំងចលករបន្ថែមទៀតក្នុងការប្រកបមុខរបរជាច្រើន ក្នុងវិស័យទេសចរណ៍ និងរបរដាំដំណាំផ្កា Cymbidium ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ហេតុដូច្នេះនោះក្នុងមួយឆ្នាំៗ គ្រួសារទាំងអស់ដែលធ្វើគំរូនេះក៏ទទួលបានប្រាក់ចំណូឡរាប់ពាន់លានដុងផងដែរ។
បច្ចុប្បន្ន ភូមិ ស៊ីនសួយហូ (Sin Suoi Ho) មានជាង ១០ គ្រួសារប្រកបរបរទេសចរណ៍តាមទម្រង់ homestay ។ គ្រួសារជាច្រើនបានវិនិយោគលើការសាងសង់ផ្ទះថ្មី ឬកែលម្អផ្ទះសំណាក់ ដើម្បីបម្រើតម្រូវការដែលកំពុងកើនឡើងរបស់ភ្ញៀវទេសចរ។ ជាពិសេស ប្រជាពលរដ្ឋក៏អនុវត្តនូវគំរូ “៦ មិន” គឺ៖ មិនជក់អាភៀន មិនជក់បារី មិនសេពគ្រឿងស្រវឹង មិនលេងល្បែងស៊ីសង់ មិនចោលសំរាមផ្តេសផ្តាស និងមិនបំផ្លាញបរិស្ថានធម្មជាតិ។
ផ្សារណាត់ ស៊ីនសួយហូ (Sin Suoi Ho) បើកប្រចាំរៀងរាល់ថ្ងៃសៅរ៍សម្រាប់ប្រជាជននៅជុំវិញតំបន់នេះមកលក់ដូរទំនិញ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
ភូមិ ស៊ីនសួយហូ (Sin Suoi Ho) និយាយរួម និងសមាគមអ្នកកាន់សាសនាប្រូតេស្តង់ ក្នុងភូមិ ស៊ីនសួយហូ (Sin Suoi Ho) និយាយដោយឡែក នាពេលថ្មីៗនេះបានទទួលការយកចិត្តទុកដាក់យ៉ាងពិសេសពីបក្ស រដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ជាពិសេស ដូចការដែលគណៈកម្មាធិការកិច្ចការសាសនានៃរដ្ឋាភិបាលវៀតណាម គណៈកម្មាធិការកិច្ចការសាសនាខេត្ត និងអាជ្ញាធរមូលដ្ឋានបង្កលក្ខខណ្ឌងាយស្រួល ដើម្បីណែនាំប្រជាពលរដ្ឋអនុវត្តតាមនីតិវិធីសម្រាប់ការចុះបញ្ជីសកម្មភាពសាសនា។ ហើយក្នុងពិធីបុណ្យសំខាន់ៗរបស់សាសនា អាជ្ញាធរគ្រប់ជាន់ថ្នាក់តែងតែមកចូលរួមអបអរសាទរ ជូនពរ និងលើកទឹកចិត្តបរិស័ទនៃក្រុមនីមួយៗ។/.
អត្ថបទ៖ តឹតសើន
រូបថត៖ តឹតសើន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង
ប្រែសម្រួលដោយង្វៀនយ៉ាង