ព័ត៌មាន

ចិននឹងបញ្ជូនបេសកជនពិសេសទៅកាន់មជ្ឈិមបូព៌ា

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាថ្ងៃទី៤ ខែមីនា បាននិយាយថា ទីក្រុងប៉េកាំងនឹងបញ្ជូនបេសកជនពិសេសទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាទៅកាន់បណ្តាប្រទេសក្នុងតំបន់ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ រូបថត៖ ក្រសួងការបរទេសចិន

នៅពេលដែលជម្លោះក្នុងប្រទេសអ៊ីរ៉ង់បានចូលដល់ថ្ងៃទី ៥ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Abdullah bin Zayed Al-Nahyan និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud។

លោកបានឲ្យដឹងថា ប្រទេសចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់អេមីរ៉ាតអារ៉ាប់រួម និងស្វាគមន៍ចំពោះសេចក្តីប្រកាសនៃកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនា និងការទូតជាមធ្យោបាយតែមួយគត់ដើម្បីយកឈ្នះលើវិបត្តិនាបច្ចុប្បន្ន និងការពារសន្តិសុខក្នុងតំបន់៕


top