ការស្វែងយល់

គំនូរអណ្ដែតចំនួន ១៦២ ផ្ទាំង នៅលើផើងជើងធូបទាំង ០៩ នៃទីក្រុង ហ្វេ (Hue) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌឯកសារពិភពលោក

នៅម៉ោង ១ និង​ ០៩ នាទី រសៀលថ្ងៃទី ៨ ឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី ឯកសារ "រូបភាព​ចាក់​ពុម្ភនៅលើផើងជើង​ធូបទាំង ០៩ នៅព្រះបរមរាជវាំង ហ្វេ (Hue)"... 



ផើងជើង​ធូបទាំង ០៩ ក្នុងរាជវាំង​ហ្វេ (Hue) ។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

នៅម៉ោង ១ និង​ ០៩ នាទី រសៀលថ្ងៃទី ៨ ឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី ឯកសារ "រូបភាព​ចាក់​ពុម្ភនៅលើផើងជើង​ធូបទាំង ០៩ នៅព្រះបរមរាជវាំង ហ្វេ (Hue)" (គំនូរអណ្ដែត ១៦២ ផ្ទាំងនៅលើ​ផើងជើង​​​ធូប​ទាំង ៩) នៃប្រទេសវៀតណាមត្រូវបានអនុម័ត​ ហើយក្លាយជាបេតិកភណ្ឌឯកសារជាផ្លូវ​ការនៃកម្មវិធីអនុស្សាវរីយ៍ពិភពលោក​តំបន់អាស៊ី ប៉ាស៊ីហ្វិករបស់​អង្គការ​ UNESCO​ ។

ការដែល UNESCO ទទួលស្គាល់គំនូរអណ្ដែត​ ១៦២ ផ្ទាំង បាន​ចាក់​ពុម្ភពីស្ពាន់ នៅលើផើងជើង​ធូបទាំង ៩ នៅហ្វេ (Hue) ជាបេតិកភណ្ឌឯកសារពិភពលោកបង្ហាញពីគុណតម្លៃពិសេស ដោយឡែក "សព្វវចនាធិប្បាយ" ធ្វើ​ពី​សំរឹទ្ធរបស់វៀតណាមក្នុងពាក់កណ្តាល​ដើមនៃសតវត្សទី ១៩ ។ ដូច្នេះជាមួយនឹងការទទួលស្គាល់នេះ មក​ដល់​ពេល​នេះ ហ្វេ (Hue) មាន​បេតិកភណ្ឌ​ចំនួន ០៨ បាន​អង្គការ UNESCO លើក​តម្កើង ។ នេះមិនត្រឹមតែជាភាពរីករាយសម្រាប់ខេត្ត ធឿធៀន​ហ្វេ  (Thua Thien Hue) តែប៉ុណ្ណោះទេ ថែមទាំងនេះជាកិត្តិយស និងមោទនភាពសម្រាប់ប្រជាជនវៀតណាមទូទាំងប្រទេសផងដែរ។

ផើងជើង​​ធូបទាំង ៩ ត្រូវបានដាក់នៅមុខទីធ្លានៃថេតូមៀវ (The To Mieu) (ក្នុង​រាជវាំងហ្វេ (Hoang Thanh Hue)) ជាបូជនិយដ្ឋានគោរពបូជា​ស្តេចជាច្រើនអង្គនៃ​រាជកាល​ង្វៀន  (Nguyen) ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ផើងជើងធូបទាំង ៩ ​ធ្វើ​ពី​ស្ពាន់បានដាក់នៅមុខទីធ្លាថេតូមៀវ (The To Mieu)  (ខាងក្នុងរាជវាំងហ្វេ (Hoang Thanh Hue)) ដែលត្រូវបានស្តេច មីញ​ម៉ាង (Minh Mang) បញ្ជាធ្វើ និង​ចាប់​ផ្តើម​ចាក់​ពុម្ភពីខែធ្នូ ឆ្នាំ ១៨៣៥។ ការចាក់​ពុម្ភផើងជើង​​ធូបទាំង ០៩ ត្រូវបានបញ្ចប់អស់​រយៈពេលជាងមួយឆ្នាំ ហើយបន្ទាប់មកតាក់តែងលម្អជារួចស្រេច។ ជាពិសេស នៅលើផើងជើង​​ធូបស្ពាន់ធំៗទាំង ៩ នេះ មានគំនូរអណ្ដែត​ចំនួន ១៦២ ផ្ទាំង ដែលចាក់​ពុម្ភ​ប្រកបយ៉ាង​ល្អិត​ល្អន់ និងពិពណ៌ពីបាតុភូតធម្មជាតិ​ ភ្នំ និងទន្លេ ទឹកដី ទីកន្លែង ផលិតផល សព្វាវុធ យានជំនិះ ជីវភាពរស់​នៅ ... ពិសេសនៃប្រទេសវៀតណាម។

បន្ទាប់ពីជិត ២០០ ឆ្នាំ ឆ្លងកាត់សង្រ្គាមដ៏ឃោរឃៅជាច្រើន ប៉ុន្តែផើងជើង​ធូបទាំង ០៩ នៅតែរក្សាបានស្ថាន​ភាព​ដើមដូចពីមុន។ នេះគឺជាវត្ថុ​​បុរាណដែល​រក្សា​បាន​ស្ថាន​ភាពដើម និងមានតែមួយគត់។ ចាប់តាំងពីការធ្វើ​ ផើងជើង​ធូបទាំង ៩ នេះមិនធ្លាប់បានជួសជុល សូម្បីតែផ្នែកលម្អិតតូចមួយណាក៏ដោយ។ ដូច្នេះ ផើងជើង​ធូបទាំងនេះមានតម្លៃពិសេស ហើយមិនអាចជំនួសបាន។

រូបភាពនៃលំហសមុទ្រវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់នៅផើងជើង​ធូបទាំង ៩ ។ រូបថត៖ ឯកសារ

ក្រៅពីនិមិត្តរូបនៃស្តេច និងការបង្ហាញអំណាចក្នុង​រាជកាល ង្វៀន (Nguyen) ផើងជើង​​ធូបទាំង ៩ បានគេប្រដូចទៅនឹង "សព្វវចនាធិប្បាយ" របស់ វៀតណាម នៅដើមសតវត្សទី ១៩ ជាមួយនឹងគំនូរអណ្ដែត​ទាំង  ១៦២ ផ្ទាំង ដែល​បាន​ចាក់​ពុម្ភ​យ៉ាង​ប្រណិត ។ រូបភាព​បាន​ចាក់​ពុម្ភបាន​​គិត​គូរ ចាត់ចំណាត់​ថ្នាក់ និងរៀបចំជាឈុតតាមលេខ ០៩ ។ ឧទាហរណ៍ៈ តារា និងធម្មជាតិក្នុងសកលលោកចំនួន ៩  ភ្នំធំចំនួន ០៩; ទន្លេធំៗចំនួន ០៩ ទន្លេជីកនិងទន្លេផ្សេងទៀតចំនួន ០៩ មាត់​សមុទ្រចំនួន ០៩ សត្វនិមិត្តរូបចំនួន ០៩ ប្រភេទ សត្វបក្សីចំនួន  ០៩  ដំណាំស្បៀងចំនួន ០៩ ប្រភេទ ​​ឈើហូបផ្លែចំនួន ០៩ ប្រភេទ ឱសថដ៏មានតម្លៃចំនួន ០៩ ប្រភេទ រុក្ខជាតិយក​ឈើចំនួន ០៩ ប្រភេទ អាវុធចំនួន ០៩ ប្រភេទ; ត្រី ខ្យង និងសត្វល្អិតចំនួន ០៩ ប្រភេទ; ទូក និងយានជំនិះ​ចំនួន ០៩ ប្រភេទ។

តាមរយៈគំនូរអណ្ដែតទាំង ១៦២ ផ្ទាំងលើផើងជើង​​ធូប គេអាចមើលឃើញថា រូបភាព​ចាក់​ពុម្ភ​បង្ហាញ​រួម ប៉ុន្តែសង្ខេបអំពីភាពចម្រុះនៃទេសភាព ទីកន្លែង ផលិតផល... ដ៏ល្បីល្បាញជាច្រើននៃតំបន់នីមួយៗ នៃប្រទេស ដែលបង្កើតជាគំនូរយ៉ាងរស់រវើកអំពីទ្រព្យសម្បត្តិ និងភាពស្រស់ស្អាតនៃមាតុភូមិ​។ ឧទាហរណ៍ លើផើងជើង​​ធូបមួយ​មាន​ឈ្មោះទៀន​ឌីញ  (Tuyen Dinh) មានទន្លេ ហុង (Hong) លើផើងជើង​​ធូបមួយ​មាន​ឈ្មោះ ហៀន​ឌីញ (Huyen Dinh) មានទន្លេគឺវឡុង​ (Cuu Long)  ហើយនៅលើផើងជើង​ធូបមួយ​មាន​ឈ្មោះ ញ៉ឹន​ឌីញ (Nhan Dinh) មានទន្លេហឿង (Huong) ។ ប្រសិន បើលើផើងជើង​​ធូបមួយ​មាន​ឈ្មោះ កាវ​ឌីញ (Cao Dinh) មានខ្លាក្នុងព្រៃ លើផើងជើង​​ធូបមួយ​មាន​ឈ្មោះ ញ៉ឹនឌីញ (Nhan Dinh) ត្រីបាឡែននៅក្នុងសមុទ្រ។

រូបភាពនៃកន្លែងល្បី​ល្បាញ​​ នៅប្រទេសវៀតណាមដែល​បាន​ចាក់​ពុម្ភលើផើងជើង​ធូបទាំង ៩ ។ រូបថត៖ ឯកសារ

គំនូរអណ្ដែតនៅលើផើងជើង​​ធូបទាំង ០៩ មាន​លក្ខណៈជាព្រះបរម​រាជវាំង និងប្រជាប្រិយ ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនវៀតណាមភាគច្រើន។ ដូច្នេះហើយ នៅទីនោះ ភ្ញៀវអាចឃើញរូបភាពដ៏ថ្លៃថ្នូរ ដូចជា នាគ ទូករាជ ព្រះអាទិត្យ ក្ងោក ដើមពោត ... និងរូបភាពសាមញ្ញៗ ដូចជា ដើមស្រូវ វល្លិ៍ម្លូ ដើមខ្នុរ ស្លឹក​ខ្ទឹម រមៀត  មាន់ ...។ ក្នុងចំណោមគំនូរអណ្ដែតទាំង ១៦២ ផ្ទាំង នៅលើផើងជើង​​ធូបធ្វើ​ពីស្ពាន់ មានគំនូរដល់ ៩០ ផ្ទាំង ដែលចម្លាក់ពីសត្វដែលជានិមិត្តរូបរបស់ប្រទេស វៀតណាម។ រូបភាពទាំងនេះបាន​បង្ហាញយ៉ាងរស់រវើកនូវរុក្ខជាតិ និងសត្វ ដោយការឆ្លាក់យ៉ាងលម្អិតពីលក្ខណៈពិសេសដ៏អស្ចារ្យនៃប្រភេទសត្វ។

រូបភាពយានជំនិះ និងបាតុភូតធម្មជាតិនៅលើផើងជើងធូបទាំង​​ ០៩ ។ រូបថត៖ ថាញហ័រ/កាសែតរូបភាព វៀតណាម

ជាពិសេស ក្នុងចំណោមរូបភាព​បាន​ចាក់​ពុម្ភនៅលើផើងជើង​​​​ធូបទាំង ០៩ បាន​បង្ហាញកន្លែងជាច្រើនដូចជា ភ្នំ ទន្លេ សមុទ្រ និងកោះនៃប្រទេសវៀតណាម រួមជាមួយនឹងពាក្យ​ពន្យល់ជាអក្សរចិនយ៉ាងច្បាស់លាស់ ដែលបង្ហាញយ៉ាងច្បាស់នូវការយល់​ដឹង​អំពីអធិបតេយ្យភាពទឹកដីពីយូរ​លង់របស់ស្តេចង្វៀន (Nguyen) ។ គួរកត់សម្គាល់ថា ក្នុងចំណោមផើងជើង​​​ធូបទាំង​ ០៩ នោះ មានផើងជើង​​​​ធូ​បចំនួន ០៣ ដែលស្តេច មីញម៉ាង (Minh Mang) ឲ្យចម្លាក់រូបសមុទ្រ ដើម្បីបង្ហាញសរុបអំពីស្ថានភាពសមុទ្រ និងកោះរបស់វៀតណាមនាពេលនោះ ដូចជា៖ សមុទ្រខាងកើតចាក់​ពុម្ភ​លើផើងជើង​​​​ធូប​ កាវ​ឌីញ (Cao Dinh) ; សមុទ្រ​ខាង​ត្បូង​ចាក់​ពុម្ភ​លើផើងជើង​​​​ធូប​ ញ៉ឹន​ឌីញ (Nhan Dinh) ហើយ​សមុទ្រ​ខាង​លិច​​ចាក់​ពុម្ភ​លើផើង​ជើង​​​​ធូប​ ចឿង​ឌីញ (Chuong Dinh​)​។ ទាំងនេះក៏ជាផើងជើង​​​​ធូប​ដ៏ខ្ពស់បំផុត និងសំខាន់បំផុតក្នុង​ចំណោមផើងជើង​​​​ធូប​ទាំង០៩ ផងដែរ។

ដូច្នេះ រួមជាមួយនឹងឯកសារបុរាណមួយចំនួន រូបភាពកោះ និងសមុទ្រដែលឆ្លាក់នៅលើផើងជើង​​​ធូបទាំង ៩ គឺជាប្រភពឯកសារដ៏មានតម្លៃអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ ហ័ង​សា (Hoang Sa) និង ទ្រឿង​សា (Truong Sa) ហើយទន្ទឹមនឹងនោះ វាក៏បានបង្ហាញថា ស្តេចជា​ច្រើន​អង្គក្នុង​រាជកាល​ ង្វៀន (Nguyen) បានព្យាយាមអស់ពីចិត្ត ដើម្បីការពារ និងពង្រឹងអធិបតេយ្យភាពចំពោះ​កោះ​និងសមុទ្រតាំងពី​យូរ​លង់មក​ហើយ។

រូបភាពនៃរុក្ខជាតិ និងសត្វពិសេសនៃប្រទេសវៀតណាម។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ក្រៅ​ពី​តម្លៃ​ដ៏​លេចធ្លោ​នៃ​ព័ត៌មានមាន​លក្ខណៈ​ឯកសារ និង​សព្វវចនាធិប្បាយ ផើងជើង​ធូបទាំង ០៩ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្នាដៃ​នៃ​បច្ចេកទេស​ចាក់​ស្ពាន់របស់​ជន​ជាតិ​វៀតណាម​ក្នុង​សតវត្ស​ទី​ ១៩​ ផង​ដែរ​។ ដើម្បីបង្កើត​​​ពុម្ភ​ចាក់បាន​យ៉ាង​ត្រឹម​ត្រូវ ​សិប្បករ​​​បាន​ជ្រើសរើសប្រភេទឥដ្ឋ​យ៉ាងមត់ចត់។ ​​ពីព្រោះពុម្ភចាក់ផើងជើង​ធូបទាំង ០៩ ជាពុម្ភ​មាន​តែមួយ​គត់ ដើម្បីជៀសវាងការចម្លង បន្ទាប់ពីបញ្ចប់ការចាក់​ពុម្ភ ពុម្ភទាំងនោះក៏ត្រូវបាន​កំទេចចោលទាំងអស់។ យោងតាមអ្នកប្រវត្តិសាស្ត្រក្នុង​រាជកាល​ ង្វៀន (Nguyen) ពេលវេលាដែលត្រូវចំណាយលើការ​ចាក់​ពុម្ភផើងជើង​ធូបត្រូវចាក់តាមដំណាក់កាលនីមួយៗ ចំណាយពេលជិតប្រាំពីរខែ។ ដំណើរការបង្កើតពុម្ភត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយរាជវាំង ចាប់ពីការ​បង្កើត​រូបរាងរហូតដល់ការតុបតែងលម្អនៅខាងក្រៅ ដែលបង្ហាញថាក្បួន​រចនា និងគំនូរតុបតែងទាំងឡាយនៅលើផើងជើង​​ធូបទាំង ៩ គឺជាវត្ថុ​បុរាណ​មាន​តែ​មួយ​គាត់ ​និងមិនធ្លាប់មានពីមុនមក។

អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ បើយើងក្រឡេកមើលប្រវត្តិរាជកាល​ក្នុង​សម័យសក្តិភូមិ នៅតាមបណ្តាប្រទេសក្នុងតំបន់ ដូចជា ចិន ជប៉ុន និងកូរ៉េខាង​ត្បូង យើងអាចឃើញថា នៅក្នុងរាជវាំងនៃប្រទេសទាំងនេះ ពុំមានផើងជើង​ធូប ដូចផើងជើង​ធូប នៅរាជធានី ហ្វេ (Hue) ក្នុងរាជកាលង្វៀន (Nguyen) ឡើយ។ សូម្បី​តែ​នៅ​ប្រទេស​វៀតណាម រាជកាល​មុន​ៗ​ក៏​មិន​បាន​បន្សល់​ទុក​ឯកសារ​បែប​នេះ​ដែរ។

ផើងជើង​ធូបទាំងប្រាំបួនមិនត្រឹមតែជា "សព្វវចនាធិប្បាយ" ដែលមានរូបភាពប្លែកៗប៉ុណ្ណោះទេ ថែមទាំងនោះជាស្នាដៃធ្វើស្ពាន់របស់វៀតណាមផងដែរ។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ដូចនេះ គេអាចមើលឃើញថា ផើងជើង​​ធូបទាំង ៩ នៃទីក្រុង ហ្វ (Hue) គឺជាស្នាដៃសិល្បៈដ៏វិសេសវិសាល ដែលមានតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រខ្ពស់របស់ប្រជាជនវៀតណាម ផ្ទុកខ្លឹមសារមនោគមវិជ្ជានៃសម័យកាល គំនិតរបស់មនុស្សអំពីប្រទេស សកលលោក​ និងធម្មជាតិ។  ក្នុងប្រព័ន្ធបេតិកភណ្ឌរបស់រាជកាល​ង្វៀន (Nguyen) អាចនិយាយបានថា ផើងជើង​​ធូបទាំង ៩ គឺជា "វត្ថុ​ពិសេស​មាន​តែមួយ​គត់" មិនមែន​ចាក់​ពុម្ភ​បាន​ច្រើនដូច​វត្ថុមួយចំនួនផ្សេងទៀតនោះទេ។ ដូច្នេះ ផើងជើង​ធូបទាំង ០៩នោះគឺជាវត្ថុ​មាន "តែមួយគត់" ហើយមិនអាចជំនួសបានឡើយ។ វត្ថុបុរាណទាំងនេះមានអាយុកាលជិតពីរសតវត្សមកហើយ ដូច្នោះវាត្រូវបានក្លាយជាកម្រង​វត្ថុបុរាណដ៏សម្បូរបែប និងមានតម្លៃបំផុត។ ក្រៅ​ពី​នេះ​ក៏​ជា​កម្រង​មាន​តែ​មួយ​គត់​អំពី​រូបភាព​ចាក់​ពុម្ភអណ្ដែត និង​អក្សរផ្ចង់  កម្រង​ស្នាដៃវិចិត្រសិល្បៈ​សម្បូរបែប និង​មាន​តម្លៃ​ដ៏​អស្ចារ្យ។ 

ជាមួយនឹងគុណតម្លៃ និងអត្ថន័យដ៏អស្ចារ្យទាំងនោះ ក្នុងឆ្នាំ ២០១២ ផើងជើង​​ធូប​ចំនួន ៩ ត្រូវបានរដ្ឋទទួលស្គាល់ថាជារតនសម្បត្តិជាតិ ហើយឥឡូវនេះអង្គការ UNESCO ក៏បានលើក​តម្កើងជាផ្លូវកាថា ផើងជើង​​ធូបទាំង ០៩ នោះជាបេតិកភណ្ឌឯកសារនៃកម្មវិធីអនុស្សាវរីយ៍ពិភពលោកក្នុង​តំបន់​អាស៊ី -ប៉ាស៊ីហ្វិក។/.

 

អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាព​វៀតណាម​ និង​ឯកសារ

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង

 



top