នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការមជ្ឈិមដឹកនាំគោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងក្នុងកិច្ចប្រជុំ
លោកនាយករដ្ឋមន្រ្តី បានលើកច្បាស់ថា៖ គោលនយោបាយលំនៅឋាន
និងទីផ្សារអចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ រួមចំណែកលើកកម្ពស់កំណើន
លើកកំពស់គុណភាពជីវិតរបស់ប្រជាជន បង្កើតមុខមាត់ថ្មីសម្រាប់ប្រទេសជាតិ។
ដោយលើកឡើងពីតម្រូវការអំពីការអភិវឌ្ឍតំបន់ទីក្រុងឲ្យបានលឿន
ប៉ុន្តែត្រូវមាននិរន្តរភាព កាត់បន្ថយការបំពុលខ្យល់
មិនបង្កឲ្យមានការកកស្ទះចរាចរណ៍នោះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា
គោលនយោបាយលំនៅឋាន និងទីផ្សារអចលនទ្រព្យ គឺជាបណ្តាញដ៏សំខាន់ក្នុងការកៀរគរ
និងបែងចែកដើមទុន ដោយជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចផ្សេងទៀត។
ក្នុងគោលនយោបាយលំនៅឋាន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយលំនៅឋានសង្គម
ដែលត្រូវធានាឱ្យប្រជាពលរដ្ឋអាចទិញ និងជួលផ្ទះ ធានាសិទ្ធិមនុស្ស និងការតាំងទីលំនៅ។
“ការរួមចំណែកបង្កើតប្រភពផ្គត់ផ្គង់
និងរចនាសម្ព័ន្ធអចលនទ្រព្យ
ជាពិសេសផ្នែកលំនៅឋានសង្គមសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម បច្ចុប្បន្នមានសារៈសំខាន់ខ្លាំងណាស់។
យើងត្រូវតែធ្វើ។ យើងមិនអាចព្រងើយកន្តើយនឹងគោលជំហរសំខាន់របស់បក្ស
និងគោលនយោបាយមនុស្សធម៌នេះបានឡើយ។
មិនលះបង់សុខុមាលភាពសង្គមដើម្បីប្ដូរយកកំណើនសុទ្ធសាធ។
ផ្នែកលំនៅឋានសម្រាប់អ្នកដែលមានចំណូលទាបប្រសិនបើអាចធ្វើបាន
វានឹងទាញប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតឱ្យអភិវឌ្ឍន៍ជាមួយគ្នា”។
គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គមចំនួន
១ លានខ្នង ក្នុងដំណាក់កាល ២០២១-២០៣០ កំពុងត្រូវបានអនុវត្តន៍យ៉ាងសកម្ម។
មកទល់នឹងពេលនេះ ប្រទេសទាំងមូលមានគម្រោងចំនួន ៦៩២
ដែលត្រូវបានអនុវត្តន៍ដោយមានចំនួនផ្ទះជាង ៦៣៣ ពាន់ខ្នង; ក្នុងនោះផ្ទះជាង ១១០ ពាន់ខ្នងត្រូវបានសម្រេចរួចរាល់៕