ព័ត៌មាន

ខេត្តយ៉ាឡាយ ជួយឧបត្ថម្ភអ្នកនេសាទក្នុងការផ្លាស់ប្តូរមុខរបរនិងស្ថិរភាពជីវភាពរស់នៅ

ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមនាវានេសាទឡើងវិញ ដែលភ្ជាប់ជាមួយនឹងការស្ថិរភាពជីវភាពរស់ និងអភិវឌ្ឍន៍វិស័យនេសាទក្នុងទិសដៅប្រកបដោយចីរភាព ខេត្តយ៉ាឡាយ បានបែងចែកថវិកាជាង ២១២ ពាន់លានដុង (ជាង ៨ លានដុល្លារអាមេរិក) ដល់ឃុំ និងសង្កាត់ឆ្នេរសមុទ្រចំនួន ១៦ ដើម្បីអនុវត្តគោលនយោបាយរុះរើនាវានេសាទ ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ ព្រមទាំងជួយអ្នកនេសាទក្នុងការផ្លាស់ប្តូរមុខរបរផងដែរ។
ទូកលែងបានប្រើប្រាស់នៅក្នុងសង្កាត់ Hoi Tan សង្កាត់ Quy Nhon Dong ខេត្ត Gia Lai (រូបថត៖ Nguyen Thao/VOV-Tay Nguyen)

បច្ចុប្បន្ន ខេត្តយ៉ាឡាយទាំងមូល មាននាវាចំនួន ៤២៤ គ្រឿង ដែលមានប្រវែងលើសពី ៦ ម៉ែត្រ ដែលមិនបំពេញតាមតម្រូវការ ឬលែងត្រូវការចេញទៅសមុទ្រទៀតហើយ។ នាវាទាំងនេះនឹងត្រូវរុះរើក្រោមគោលនយោបាយជួយឧបត្ថម្ភរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ដូច្នេះ តំបន់នេះនឹងជួយឧបត្ថម្ភដល់អ្នកនេសាទពី ៥០% ទៅ ៨០% នៃថ្លៃដើមសាងសង់សំបកថ្មី រួមជាមួយនឹង ៧០% នៃតម្លៃម៉ាស៊ីនសំខាន់ៗ ដែលប្រើរួច។ លើសពីនេះ អ្នកនេសាទ និងសមាជិកគ្រួសារប្រកបមុខរបរនេសាទក៏នឹងទទួលបានការឧបត្ថម្ភមួយផ្នែកសម្រាប់ថ្លៃដើមបណ្តុះបណ្តាលវិជ្ជាជីវៈ និងការទទួលបានអាទិភាពចំពោះប្រាក់កម្ចីអនុគ្រោះសម្រាប់ការចាប់ផ្តើមអាជីវកម្មផងដែរ។

គោលនយោបាយឧបត្ថម្ភការរុះរើនាវានេសាទរួមជាមួយនឹងការផ្លាស់ប្តូរមុខរបរ កំពុងទទួលបានការឯកភាពខ្ពស់ពីអ្នកនេសាទនៅតំបន់ឆ្នេរសមុទ្រនៃខេត្តយ៉ាឡាយ។ លោក ង្វៀន ថាញ់ យ៉ាញ់ អនុប្រធានគណៈកម្មាធិការប្រជាជននៃសង្កាត់ ក្វី ញ៉ើន ដុង ខេត្តយ៉ាឡាយ បានឲ្យដឹងថា៖ “បន្ទាប់ពីកិច្ចប្រជុំពិនិត្យឡើងវិញ យើងនឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងនៃនាវានេសាទ ដើម្បីអនុវត្តគោលនយោបាយដែលស្របនឹងគោលនយោបាយរបស់ខេត្ត។ បន្ទាប់មក សង្កាត់នឹងបិទបង្ហោះព័ត៌មានជាសាធារណៈរយៈពេល ៧ថ្ងៃ។ ប្រសិនបើមិនមានការឆ្លើយតបទេ យើងនឹងបិទឯកសារ។ គណៈកម្មាធិការប្រជាជនសង្កាត់នឹងធ្វើការជាមួយម្ចាស់នាវាដើម្បីប្រគល់នាវាទៅកាន់ទីតាំងចតដែលបានកំណត់។ បន្ទាប់ពីបាន ចែកចាយថវិកាដល់គ្រួសាររួច សង្កាត់នឹងបន្តលក់ឡាយឡុងនាវានេសាទតាមបទប្បញ្ញត្តិ”៕


top