ព័ត៌មាន

ខេត្តក្វាងនិញ ត្រូវតែក្លាយជាកន្លែងគួរជាទីរស់នៅ គួរជាទីមកដល់ គួរជាទីវិនិយោគ និងគួរជាទីមោទនភាព

នេះគឺជាប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការបង្កើតទីក្រុងក្វាងនិញ និងទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែសីហា នៅខេត្តក្វាងនិញ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងក្វាងនិញ (រូបថត៖ ថុង ញ៉ិត/VNA)

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស​ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា ខេត្តក្វាងនិញ មានទីតាំងពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃការកសាងប្រទេសជាតិ និងការពារជាតិ ហើយក្នុងពេលជាមួយគ្នានេះ នៅក្នុងដំណាក់កាលនៃការកែទម្រង់ ខេត្តក្វាងនិញ នៅតែបន្តដឹកនាំក្នុងការកែទម្រង់ពីការត្រិះរិះ និងវិធីសាស្រ្តអភិវឌ្ឍន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានថ្លែងថា នៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍជាតិ ខេត្តក្វាងនិញ ត្រូវរក្សាតួនាទីយ៉ាងសំខាន់ពិសេស ជាតំបន់យុទ្ធសាស្ត្រសម្រាប់ការពារជាតិ សន្តិសុខ និងទំនាក់ទំនងការបរទេស។

“ការបង្កើតទីក្រុងក្វាងនិញមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះ ឬគំរូអង្គការនោះទេ។ ប្រការសំខាន់ជាងនេះទៅទៀត គឺបង្កើតការផ្លាស់ប្តូរអំពីគុណភាព។ អភិបាលកិច្ចត្រូវតែទំនើបជាង។ សេដ្ឋកិច្ចត្រូវតែបៃតងជាង។ ហេដ្ឋារចនាសម្ព័ន្ធត្រូវតែស៊ីសង្វាក់គ្នាជាង។ វប្បធម៌ត្រូវតែមានតម្លៃខ្ពស់ជាង។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវតែប្រសើរជាង។ ចក្ខុវិស័យរបស់ខេត្តក្វាងនិញត្រូវតែច្បាស់លាស់៖ ពោលគឺ កសាងទីក្រុងទំនើប បៃតង និងឆ្លាតវៃជាមួយនឹងអត្តសញ្ញាណដ៏សម្បូរបែប; ជាបង្គោលកំណើនថាមវន្តនៅភាគខាងជើង។ ជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ សេវាកម្ម និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់; ជាតំបន់សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងសមាហរណកម្ម; ជាកន្លែងដែលគួរជាទីរស់នៅ គួរជាទីមកដល់ គួរជាទីវិនិយោគ និងគួរជាទីមោទនភាព”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៕

យោងតាមសេចក្តីសម្រេចចិត្តលេខ ៣៦ របស់រដ្ឋសភាជាតិ ស្តីពីការបង្កើតទីក្រុង ក្វាង និញ ហើយទីក្រុងក្វាង និញត្រូវបានបង្កើតឡើងដោយផ្អែកលើតំបន់ធម្មជាតិ និងចំនួនប្រជាជនទាំងមូលនៃខេត្ត ក្វាង និញ។ ទីក្រុង ក្វាង និញ មានព្រំប្រទល់ជាប់នឹងទីក្រុង ហាយ ហ្វុង ទីក្រុង បាក់ និញ ខេត្ត ឡាង សឺន សាធារណរដ្ឋប្រជាមានិតចិន និងសមុទ្រខាងកើត។ សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦។


top