អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង។ (រូបថត៖ TTXVN)
នាយប់ថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមលោក លី ឈាំង ក្នុងឋានៈជានាយករដ្ឋមន្ត្រីមានអត្ថន័យសំខាន់ បន្តនាំទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្ដែង គ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី លី ឈាំង បានសង្កត់ធ្ងន់ថា ចិនចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការទូតជាមួយអ្នកជិតខាង; អះអាងថា បក្ស និងរដ្ឋាភិបាលចិនគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងកសាងសង្គមនិយមរបស់វៀតណាម។
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី; ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រក្សាពាណិជ្ជកម្មឆ្លងដែនឱ្យរលូន ដាក់ពង្រាយការកសាងគំរូច្រកទ្វារព្រំដែនឆ្លាតវៃ; ពង្រឹងការតភ្ជាប់រវាងក្របខ័ណ្ឌ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" និងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ដោយផ្តល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដែក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសចិនមកវៀតណាមដើម្បីបណ្តាក់ទុនលើគម្រោងខ្នាតធំជាមួយនឹងបច្ចេកវិទ្យាទំនើប។ ក្នុងពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី លី ឈាំង បានសង្កត់ធ្ងន់ថា ចិននឹងបង្កើនការបើកទីផ្សារសម្រាប់កសិផលវៀតណាម; គាំទ្រវៀតណាមបើកការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មប្រចាំនៅចិន។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ការអភិវឌ្ឍបៃតង ការធ្វើបរិវត្តកម្មឌីជីថល។ ល។
ដើម្បីឆ្ពោះទៅរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២៥ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំឲ្យបានល្អនូវសកម្មភាពក្នុង “ឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម - ចិន” ហើយខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ទាក់ទិននឹងបញ្ហានៅសមុទ្រ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមកម្រិតខ្ពស់; ស្វែងរកយ៉ាងសកម្មនូវវិធីសាស្ត្រ និងវិធានការដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែល្អជាងមុន; ពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមកម្រិតនៃទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕