ព័ត៌មាន

កូរ៉េខាងត្បូង និងវៀតណាម គឺជាដៃគូជឿទុកចិត្ត និងជិតស្និទ្ធ

នៅរសៀលថ្ងៃទី ៣ ខែមេសា នៅទីក្រុងហាណូយ លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Park Yoon Joo អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកូរ៉េខាងត្បូងក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម។

លោក Le Hoai Trung បានបញ្ជាក់ថា ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយសង្ឃឹមថា កូរ៉េខាងត្បូងនឹងរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅដែលបានកំណត់នៅក្នុងមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាមនាពេលថ្មីៗនេះ។ 

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីខិតខំលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជម្រុញពាណិជ្ជកម្មទ្វេភាគីតាមទិសដៅតុល្យភាព ចីរភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបើកទីផ្សារនាំចេញ និងនាំចូលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក។ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ធុរកិច្ច និងអង្គការសេដ្ឋកិច្ចកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ហើយសង្ឃឹមថា ធុរកិច្ចកូរ៉េខាងត្បូងនឹងបន្តពង្រីកការវិនិយោគនៅក្នុងវិស័យដែលវៀតណាមផ្ដល់អាទិភាព។

លោក Park Yoon Joo បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរជាដៃគូដែលអាចទុកចិត្តបាន និងជិតស្និទ្ធក្នុងវិស័យជាច្រើន។ លោកបញ្ជាក់ថា កូរ៉េខាងត្បូងបានត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយប្រទេសវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តយកចិត្តទុកដាក់ និងជួយគាំទ្រធុរកិច្ចកូរ៉េខាងត្បូងក្នុងការពង្រីកការវិនិយោគ និងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសវៀតណាម។

ភាគីទាំងពីរបានឯកភាពគ្នាថា ក្រសួងការបរទេសនៃប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕


top