ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទីក្រុងហូជីមិញ ប្រារព្ធរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំ ដែលទីក្រុងទទួលបានកិត្តិយសដាក់ឈ្មោះតាមឈ្មោះលោកប្រធាន ហូជីមិញ ដ៏អស្ចារ្យ ។
ឆ្នាំ២០២៦
ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទីក្រុងហូជីមិញ ប្រារព្ធរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ
ដែលទីក្រុងទទួលបានកិត្តិយសដាក់ឈ្មោះតាមឈ្មោះលោកប្រធាន ហូជីមិញ
ដ៏អស្ចារ្យ (យោងតាមសេចក្តីសម្រេច របស់រដ្ឋសភា ស្តីពីការដាក់ឈ្មោះជាផ្លូវការ
ទីក្រុងសាយហ្គន - យ៉ាឌិញ ទៅជាទីក្រុងហូជីមិញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦
ក្នុងសម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី៦)។
រយៈពេល៥០ឆ្នាំកន្លងមកនេះ ទីក្រុងហូជីមិញបានពង្រីកប្រពៃណីបដិវត្តន៍ ស្មារតីអត់ធន់ សកម្ម ច្នៃប្រតិដ្ឋ និងមនោសញ្ចេតនា។ ជំនះរឹងមាំឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីឈានឡើងយ៉ាងខ្លាំងក្លា។ ជាមួយនឹងការគិតគូរផ្លាស់ប្តូរថ្មី និងមហិច្ឆតាឈានឡើង ទីក្រុងសម្រេចបាន ការអភិវឌ្ឍយ៉ាងលេចធ្លោ ទាំងទំហំ និងគុណភាពនៃកំណើន។
រយៈពេល៥០ឆ្នាំកន្លងមក ទីក្រុងតែងតែលើកកម្ពស់ស្មារតីនាំមុខ ស្មារតី “ហ៊ានគិត ចេះធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម”។ នេះជាប្រភពដើម នៃគំនិតផ្តួចផ្តើមរបកគំហើញ ដោយរួមចំណែកជាក់ស្តែងដល់ចរន្តនៃការផ្លាស់ប្តូរថ្មី និងធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័នអភិវឌ្ឍន៍របស់ប្រទេស។ ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានធ្វើបទសម្ភាសន៍ជាមួយ សមមិត្ត ង្វៀន វ៉ាន់ដឿក (Nguyen Van Duoc) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ អំពីចំណុចលេចធ្លោ ដែលទីក្រុងសម្រេចបានក្នុងរយៈពេល៥០ឆ្នាំ បានដាក់ឈ្មោះជាផ្លូវការ តាមឈ្មោះលោកអ៊ំហូជាទីគោរព។
ទីក្រុងហូជីមិញដ៏ស្រស់បំព្រងនៅតាមដងទន្លេសាយហ្គន (Saigon)។ រូបថត៖ គីមកឿង
អ្នកសារព័ត៌មាន៖ ជាបឋម សូមថ្លែងអំណរគុណចំពោះ អនុលេខាគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន វ៉ាន់ដឿក ដែលបានផ្តល់បទសម្ភាសន៍នេះ ដល់ VNA។ ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី៥០ឆ្នាំ នៃទីក្រុងដែលបានដាក់ឈ្មោះ តាមឈ្មោះលោកអ៊ំ សូមលោកប្រាប់យើងខ្ញុំអំពីសមិទ្ធផលលេចធ្លោ លើវិស័យសេដ្ឋកិច្ច - សង្គម ធានាការពារជាតិ - សន្តិសុខ កសាង និងការអភិវឌ្ឍ ដែលទីក្រុងហូជីមិញ សម្រេចបានក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ?
លោក ង្វៀន វ៉ាន់ដឿក៖ ៥០ឆ្នាំចាប់តាំងពីថ្ងៃទីក្រុងសាយហ្គន - យ៉ាឌិញ បានដាក់ឈ្មោះជាផ្លូវការ តាមឈ្មោះលោកប្រធានហូជីមិញ ជាដំណើរប្រវត្តិសាស្ត្រដ៏គួរឱ្យមានមោទនភាពមួយ។ ទីក្រុងហូជីមិញ បានពង្រីកប្រពៃណីបដិវត្តន៍ ស្មារតីអត់ធន់ សកម្ម ច្នៃប្រតិដ្ឋ និងមនោសញ្ចេតនា ជំនះរឹងមាំឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីឈានឡើងយ៉ាងខ្លាំងក្លា។ សមិទ្ធិផលគ្រប់ជ្រុងជ្រោយ លើវិស័យសេដ្ឋកិច្ចសង្គម និងការពារជាតិ - សន្តិសុខ មិនត្រឹមតែផ្លាស់ប្តូរសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងអះអាងយ៉ាងរឹងមាំនូវទីជំហរ និងតួនាទីនាំមុខសេដ្ឋកិច្ច ប៉ូស្តិ៍កំណើន និងជាមជ្ឈមណ្ឌលធំផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ - បច្ចេកវិទ្យារបស់ប្រទេសទាំងមូលផងដែរ។
ផ្នែកសេដ្ឋកិច្ច៖ ជាមួយនឹងការគិតគូរផ្លាស់ប្តូរថ្មី មហិច្ឆតាឈានឡើង ទីក្រុងបានសម្រេចនូវជំហានអភិវឌ្ឍន៍ដ៏លេចធ្លោ ទាំងទំហំ និងគុណភាពកំណើន។ ដើរឡើងពីអត្រាកំណើន ជាមធ្យមត្រឹមតែ ០,៩១%/ឆ្នាំ ក្នុងដំណាក់កាល ១៩៧៦ - ១៩៨០ ទីក្រុងមានការរីកចម្រើនយ៉ាងអស្ចារ្យ បន្ទាប់ពីការផ្លាស់ប្តូរថ្មី ដោយសម្រេចបាន ១២,៦២%/ឆ្នាំ ក្នុងដំណាក់កាល ១៩៩១ - ១៩៩៥។ ត្រឹមឆ្នាំ២០២៥ GRDP របស់ទីក្រុងប៉ាន់ស្មាន នឹងកើនឡើង ៨,០៣% ដែលរួមចំណែកប្រហែល ១/៤ នៃ GDP ទូទាំងប្រទេស (ដោយឡែកត្រឹម ៣ ខែដំបូង នៃឆ្នាំ២០២៦ កំណើនឈានដល់ ៨,២៧%)។ រចនាសម្ព័ន្ធសេដ្ឋកិច្ច បានផ្លាស់ប្តូរទៅរកភាពទំនើប ជាមួយវិស័យសេវាកម្មមានចំនួនជាង ៥២%។
ជាពិសេស ចាប់តាំងពីច្បាប់ ស្តីពីការវិនិយោគបរទេស បានប្រកាសឱ្យប្រើប្រាប់ នៅចុងឆ្នាំ១៩៨៧ ទីក្រុងហូជីមិញតែងតែជា “មេដែក” ឈានមុខ ក្នុងប្រទេស ក្នុងការទាក់ទាញ FDI ដែលមានគម្រោង FDI ចំនួន ២០.២៥៩ ដោយមានទុនសរុបជិត ១៤២ ពាន់លានដុល្លារអាមេរិក មកពី ១៥២ ប្រទេស និងដែនដី ហើយនៅឆមាសទីមួយនៃឆ្នាំ២០២៦ ទីក្រុងនេះទាក់ទាញដោយជោគជ័យទុន FDI ជាង ៦,៨ ពាន់លានដុល្លារ ដែលសម្រេចបាន ៦២% នៃផែនការប្រចាំឆ្នាំ។ វិស័យ FDI មានប្រហែល ២០% នៃការវិនិយោគសង្គមសរុប និងច្រើនជាង ៥០% នៃតម្លៃចំណូលនាំចេញ។ បច្ចុប្បន្ន ទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុត ព្រមទាំងជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងប្រមូលផ្តុំធនធានមនុស្សគុណភាពខ្ពស់របស់ប្រទេសជាតិ។
ផ្នែកកសាង និងអភិវឌ្ឍន៍ទីក្រុង៖ យើងបានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដែលជាជំហានរបត់មួយ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍កាន់តែមានភាពស៊ីសង្វាក់គ្នា និងទំនើប ជាមួយនឹងសំណង់ប្រវត្តិសាស្ត្រដូចជា៖ មហាវិថី ង្វៀន វ៉ាន់ឡិញ មហាវិថី ដុងតី ផ្លូវរូងក្រោមទន្លេសាយហ្គន ស្ពានភូមី ព្រមទាំងបណ្តាញផ្លូវក្រវាត់ក្រុង និងផ្លូវល្បឿនលឿនតភ្ជាប់តំបន់បិទជិត។ ចំណុចលេចធ្លោជាប្រវត្តិសាស្ត្រ គឺការដាក់ឱ្យដំណើរការជាផ្លូវការ នូវរថភ្លើង Metro លេខ១ (Ben Thanh - Suoi Tien) នៅចុងឆ្នាំ២០២៤ ដែលបើកយុគសម័យថ្មី សម្រាប់ការដឹកជញ្ជូនសាធារណៈទំនើប។ ទន្ទឹមនឹងនោះ តំបន់ទីក្រុងគំរូដូចជា ភូមីហឹង ធូធីម រួមជាមួយនឹងប្រព័ន្ធតំបន់កែច្នៃនាំចេញ តំបន់ឧស្សាហកម្ម និងតំបន់បច្ចេកវិទ្យាខ្ពស់ បង្កើតបានទីក្រុងហូជីមិញដ៏ស៊ីវិល័យ ទំនើប និងត្រៀមខ្លួនជាស្រេច សម្រាប់ការធ្វើសមាហរណកម្មអន្តរជាតិទូលំទូលាយ។
ពិធីបុណ្យប៉េងប៉ោងខ្យល់ នៅតាមមាត់ទន្លេសាយហ្គន។ រូបថត៖ កាសែតរូបភាពវៀតណាម
ផ្នែកវប្បធម៌ - សង្គម៖ ទីក្រុងតែងតែយល់ច្បាស់នូវទស្សនាទាន ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាព និងយុត្តិធម៌សង្គម ដោយមិនទុកនរណាម្នាក់ចោលឡើយ។ ប្រព័ន្ធនយោបាយទាំងមូល បានផ្តោតលើការថែរក្សាសុខុមាលភាពសង្គម លើកកម្ពស់គុណភាពជីវិត របស់ប្រជាជន អភិវឌ្ឍការអប់រំ និងការថែទាំសុខភាព។ ការដែលផ្តល់កិត្តិយសរបស់អង្គការយូណេស្កូ (UNESCO) ដល់ទីក្រុងនេះថា ជា “ទីក្រុងសិក្សាសកល” នៅឆ្នាំ២០២៤ និងការបង្កើតជាបណ្តើរៗ នូវមជ្ឈមណ្ឌលថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ នៃតំបន់អាស៊ាន គឺជាតឹតតាងជាក់ស្តែងនៃទិសដៅដ៏ត្រឹមត្រូវនេះ។
ផ្នែកការពារជាតិ - សន្តិសុខ៖ ទីក្រុងតែងតែរក្សាបានស្ថិរភាពនយោបាយ ធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅគ្រប់ស្ថានភាព។ ទម្រង់ការពារជាតិទូទាំងប្រជាជន ផ្សារភ្ជាប់ជាមួយនឹងទម្រង់សន្តិសុខប្រជាជន និង “ទម្រង់យុទ្ធសាស្រ្តបេះដូងប្រជាជន” កំពុងបានកសាងកាន់តែរឹងមាំ។ ប្រសិទ្ធភាពប្រតិបត្តិការ នៃរដ្ឋអំណាចពីរថ្នាក់បានលើកកម្ពស់ ដោយបង្កើតជាបរិយាកាសសុវត្ថិភាព និងរលូន ដើម្បីឱ្យទីក្រុងអភិវឌ្ឍប្រកបដោយល្បឿនលឿន និងនិរន្តរភាព។
ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនា និងកម្សាន្ត នៅវិថីថ្មើរជើង Nguyen
Hue ក្រោមពន្លឺថ្ងៃលិចដ៏ស្រស់បំព្រង លេចធ្លោនៅខាងមុខ គឺកាំជ្រួចទឹកផ្កាឈូក
និងអគារគណៈកម្មាធិការប្រជាជនទីក្រុង។ រូបថត៖ គីមកឿង
អាចបញ្ជាក់បានថា
សមិទ្ធិផលដ៏អស្ចារ្យក្នុងរយៈពេល៥០ឆ្នាំ កន្លងមកនេះ មិនមែនកើតឡើងដោយឯកឯងនោះទេ។ នោះគឺជាការបង្រួបបង្រួមពីការសន្យាដ៏ពិសិដ្ឋ
មហិច្ឆតាដ៏មុតស្រួច និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវ នៃគណៈកម្មាធិការបក្ស
និងរដ្ឋអំណាចគ្រប់ជំនាន់។ ជាតំណាងនៃស្មារតី មហាសាមគ្គីភាព
ឆន្ទៈនៃការពឹងផ្អែកលើខ្លួនឯង និងភាពរឹងមាំរបស់ប្រជាជនទីក្រុង។ នេះគឺជាចំណុចទ្រទ្រង់
និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ទីក្រុងហូជីមិញ ដើម្បីបន្តការលោតផ្លោះ
និងឈានទៅមុខយ៉ាងរឹងមាំ ក្នុងយុគសម័យថ្មី - យុគសម័យនៃការឈានឡើង របស់ប្រជាជាតិ។
អ្នកសារព័ត៌មាន៖ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ទីក្រុងហូជីមិញ បានបញ្ជាក់ពីតួនាទីឈានមុខ ក្នុងការបង្កើតស្ថាប័នអភិវឌ្ឍន៍។ ទីក្រុងដើរតួជា "បន្ទប់ពិសោធន៍គោលនយោបាយ" (sandbox) ដើម្បីសាកល្បងនូវគោលនយោបាយថ្មី និងយន្តការរបកគំហើញឆ្នើម ដែលពីនោះអាចសង្ខេបពីការអនុវត្តជាក់ស្តែង និងធ្វើឱ្យល្អឥតខ្ចោះនូវប្រព័ន្ធច្បាប់ទូទៅ សម្រាប់ប្រទេសទាំងមូល។ តើលោកអាចចែករំលែក អំពីយន្តការ និងគោលនយោបាយអាទិភាពរបកគំហើញការអភិវឌ្ឍ សម្រាប់ទីក្រុងហូជីមិញ នាពេលថ្មីៗនេះ និងពេលខាងមុខបានទេ?
លោក ង្វៀន វ៉ាន់ដឿក៖ ពិតប្រាកដណាស់! ប្រវត្តិសាស្ត្រ៥០ឆ្នាំកន្លងមកនេះ បានបង្ហាញថា៖ ទីក្រុងហូជីមិញ មិនត្រឹមតែទទួលភារកិច្ចជាអ្នកនាំមុខសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានទំនួលខុសត្រូវជា “បន្ទប់ពិសោធន៍គោលនយោបាយ” របស់ប្រទេសទាំងមូលផងដែរ។ ទីនេះគឺជាប្រភពដើមនៃស្មារតីផ្លាស់ប្តូរថ្មី ជាកន្លែងដែលក្លាហាន “បំបែករបាំង” បើកផ្លូវ សម្រាប់ផលិតកម្មមុនឆ្នាំ១៩៨៦ ត្រួសត្រាយទម្រង់តំបន់កែច្នៃនាំចេញតឹនធ្វឹន (Tan Thuan) ដំបូងគេ នៅឆ្នាំ១៩៩១ និងជាអ្នកនាំមុខបង្កើតនិមិត្តសញ្ញាបច្ចេកវិទ្យាខ្ពស់ ទីក្រុងទំនើបលំដាប់អន្តរជាតិ។
មិនឈប់ត្រឹមសេដ្ឋកិច្ចទេ ការគិតគូររបស់ទីក្រុង តែងតែប្រកបដោយស្មារតីមនុស្សធម៌ ជាមួយនឹងកម្មវិធី “លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ” និងចលនាកសាងផ្ទះមនោសញ្ចេតនា ក្លាយជាគំរូសុខុមាលភាព ដែលរីករាលដាលទូទាំងប្រទេស។ ផលផ្លែទាំងនោះ - ចាប់ពីទំហំ GRDP ក្នុងឆ្នាំ២០២៥ ដែលប៉ាន់ស្មានថានឹងកើនឡើង ៨,០៣% (រួមចំណែក ២៣,១% នៃ GDP ទូទាំងប្រទេស) រហូតដល់ពានរង្វាន់ “ទីក្រុងសិក្សាសកល” របស់អង្គការយូណេស្កូ - មិនមែនកើតឡើងដោយឯកឯងទេ។ វាគឺជាការបង្រួបបង្រួម នៃភាពក្លាហាន មហិច្ឆតានៃថ្នាក់ដឹកនាំគ្រប់ជំនាន់ និងជានិមិត្តរូបដ៏កម្រ សម្រាប់ស្មារតី មហាសាមគ្គីភាព ឆន្ទៈនៃការពឹងផ្អែកលើខ្លួនឯង និងភាពរឹងមាំរបស់ជនរួមជាតិ ជាង ១០ លាននាក់ បង្កើតបានជាចំណុចទ្រទ្រង់ដ៏រឹងមាំ សម្រាប់ទីក្រុង ដើរតួជាអ្នកនាំមុខឈានចូលយុគសម័យ នៃការឈានឡើង របស់ប្រជាជាតិ។
ទិដ្ឋភាពទូទៅនៃតំបន់មជ្ឈមណ្ឌលទីក្រុងហូជីមិញ នៅតាមដងទន្លេសាយហ្គន ជាមួយនឹងអគារ Landmark 81 ដែលជានិមិត្តរូបនៃការអភិវឌ្ឍប្រកបដោយភាពស្វាហាប់
នៃទីក្រុងសេដ្ឋកិច្ចដ៏ធំបំផុត របស់វៀតណាម។ ទីក្រុងនេះ កំពុងឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្នុងតំបន់។
រូបថត៖ គីមកឿង
បច្ចុប្បន្ន
ទីក្រុងកំពុងប្រមូលផ្តុំកម្លាំងអនុវត្តឧបករណ៍ស្ថាប័នឆ្នើម ពីរដ្ឋសភា (ដូចជា
សេចក្តីសម្រេចលេខ 98/2023/QH15 និងលេខ 260/2025/QH15 របស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេស។ សេចក្តីសម្រេចលេខ 188/2025/QH15
ស្តីពីរបកគំហើញប្រព័ន្ធផ្លូវរថភ្លើងទីក្រុង និងសេចក្តីសម្រេចលេខ
222/2025/QH15 ស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ)
ដើម្បីបង្កើតកម្លាំងចលករលោតផ្លោះថ្មី។
ក្នុងដំណាក់កាលខាងមុខ ដោយយល់ច្បាស់នូវសេចក្តីសម្រេចលេខ 09-NQ/TW នៃការិយាល័យនយោបាយ ទីក្រុងហូជីមិញប្តេជ្ញារក្សាទង់នាំមុខ បញ្ជាក់ពីទីជំហរ ជាប៉ូស្តិ៍កំណើនដ៏សំខាន់ និងជាមជ្ឈមណ្ឌលនវានុវត្តន៍ ជំរុញប្រទេសទាំងមូល ឈានចូលយុគសម័យថ្មី ជាមួយនឹងភារកិច្ចសំខាន់ៗ ៥ យ៉ាង ដូចខាងក្រោម៖
ទីមួយ បង្កើតទម្រង់កំណើនថ្មី៖ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាដោយផ្អែកលើវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។ ផ្តោតលើការទាក់ទាញសហគ្រាសឈានមុខ ចូលផ្នែកបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលទិន្នន័យធំ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ កសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីប្រកប ដោយភាពច្នៃប្រតិដ្ឋ ដែលមានគ្រប់សមត្ថភាពប្រកួតប្រជែងមួយទល់នឹងមួយ នៅកម្រិតតំបន់ និងអន្តរជាតិ។
ទីពីរ ឈានមុខក្នុងរបកគំហើញស្ថាប័ន៖ ទីក្រុងមិនរង់ចាំទេ ប៉ុន្តែសកម្មស្រាវជ្រាវ និងស្នើកសាងច្បាប់ទីក្រុងពិសេស។ ជំរុញការធ្វើវិមជ្ឈការ និងវិសហមជ្ឈការដាច់ខាត។ លើកកម្ពស់ភាពជាម្ចាស់ និងការទទួលខុសត្រូវខ្លួនឯង របស់រដ្ឋអំណាចទីក្រុង ក្នុងការគ្រប់គ្រង និងដោះសោរាល់ធនធានសង្គម។
ទីបី ទំនើបកម្មលំហរទីក្រុង៖ អភិវឌ្ឍទីក្រុងប្រកបដោយចីរភាព សម្របខ្លួនយ៉ាងសកម្មទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រមូលផ្តុំកម្លាំងដើម្បីបំពេញហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ពន្លឿនការអនុវត្តប្រព័ន្ធផ្លូវរថភ្លើងទីក្រុង បិទជិតផ្លូវខ្សែក្រវាត់ និងផ្លូវល្បឿនលឿនអន្តរតំបន់។ ជំរុញគំរូអភិវឌ្ឍន៍ទីក្រុង ដែលភ្ជាប់ជាមួយការដឹកជញ្ជូនសាធារណៈ (TOD) ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ជាមូលដ្ឋាន។
ទីបួន លើកកម្ពស់គុណភាពជីវិតនៃប្រជាជនគ្រប់ជ្រុងជ្រោយ៖ កសាងទីក្រុងឱ្យទៅជាទីក្រុងពិសេស ដែលស៊ីវិល័យ និងមានមនោសញ្ចេតនា។ ផ្តោតលើការដោះស្រាយបញ្ហាសុខុមាលភាពជាស្ថាពរ ដូចជាការអភិវឌ្ឍលំនៅឋានសង្គម ការថែទាំសុខភាពឯកទេសកម្រិតតំបន់ ការអប់រំគុណភាពខ្ពស់ ពង្រឹងការកែលម្អទីក្រុង និងកែលម្អបរិស្ថានរស់នៅជាមូលដ្ឋាន សម្រាប់ប្រជាជន។
ចុងក្រោយគឺ ដាស់ធនធានមនុស្ស៖ អភិវឌ្ឍវប្បធម៌ និងប្រជាជនទីក្រុង ប្រកបដោយភាពទូលំទូលាយ មនោសញ្ចេតនា និងទំនើប។ ផ្តោតលើការបណ្តុះបណ្តាល និងទាក់ទាញធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សង្ខេប និងលើកកម្ពស់យ៉ាងខ្លាំងក្លា នូវស្មារតីហ៊ានគិត ចេះធ្វើ ហ៊ានទទួលខុសត្រូវ ដាស់ស្មារតីលះបង់ ដើម្បីទីក្រុងហូជីមិញដ៏ត្រចះត្រចង់ និងស៊ីវិល័យ។
កម្មវិធីកីឡា និងសិល្បៈដ៏អស្ចារ្យជាច្រើនរបស់ទីក្រុង បានរៀបចំឡើងនៅលើទន្លេសាយហ្គន នៅខាងមុខសារមន្ទីរ
បេនញ៉ារុង ដែលជាសកម្មភាពលើកតម្កើងតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងបង្ហាញពីភាពទំនើប
សកម្ម របស់ទីក្រុង នាពេលបច្ចុប្បន្ន។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
អ្នកសារព័ត៌មាន៖ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទីក្រុងហូជីមិញ តើលោកអាចចែករំលែក អំពីមោទនភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនទីក្រុងហូជីមិញ បន្ទាប់ពី៥០ឆ្នាំ ដែលទីក្រុងទទួលបានកិត្តិយសដាក់ឈ្មោះ តាមឈ្មោះលោកអ៊ំហូ ជាទីគោរពបានទេ?
លោក ង្វៀន វ៉ាន់ដឿក៖ មោទនភាពដ៏ធំបំផុតនៃទីក្រុងហូជីមិញ បន្ទាប់ពីដំណើររយៈពេល៥០ឆ្នាំកន្លងមក ដែលទទួលបានកិត្តិយសដាក់ឈ្មោះ តាមឈ្មោះលោកអ៊ំ មិនត្រឹមតែជាសមិទ្ធិផលសម្រេចបានប៉ុណ្ណោះទេ តែជាដំណើរនៃការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឱ្យសក្តិសមនឹងឈ្មោះដ៏ពិសិដ្ឋនោះ។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទីក្រុងតែងតែលើកកម្ពស់ភាពក្លាហាននាំមុខ ស្មារតី “ហ៊ានគិត ចេះធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម”។ នេះជាប្រភពដើម នៃគំនិតផ្តួចផ្តើមរបកគំហើញ ដោយរួមចំណែកជាក់ស្តែង ដល់ចរន្តនៃការផ្លាស់ប្តូរថ្មី និងធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័នអភិវឌ្ឍន៍របស់ប្រទេស។ រួមជាមួយនឹងរបកគំហើញសេដ្ឋកិច្ច ការរក្សាជំហរឈានមុខ ទីក្រុងតែងតែប្រកាន់ខ្ជាប់នូវគោលដៅដាក់ប្រជាជននៅកណ្តាល ថែរក្សា និងលើកកម្ពស់គុណភាព នៃភាពទូលំទូលាយ មនុស្សធម៌ និងការអត់ឱនរបស់ប្រជាជនទីក្រុងហូជីមិញ។
មោទនភាពនោះក៏បានដក់ជាប់យ៉ាងជ្រៅនៅក្នុងគំនិត
“ដើម្បីប្រទេសទាំងមូល ជាមួយប្រទេសទាំងមូល”
ត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកធនធាន អមដំណើរជាមួយមូលដ្ឋាន នៅគ្រប់សមរភូមិ។
នាពេលខាងមុខ ទីក្រុងជឿជាក់ទាំងស្រុងលើមនុស្សជំនាន់ក្រោយបច្ចុប្បន្ននេះ។ ដោយមានចំណេះដឹង
ភាពក្លាហាន និងមហិច្ឆតាចង់ចូលរួមចំណែក អ្នកនឹងក្លាយជាកម្លាំងស្នូលក្នុងការទទួលមរតក
និងលើកកម្ពស់យ៉ាងប្រសើរ នូវកេរដំណែលនៃជំនាន់មុនៗ។
ដំណើររយៈពេល៥០ឆ្នាំបានកន្លងផុតទៅ
“ទីក្រុងហូជីមិញ” មិនមែនគ្រាន់តែជាឈ្មោះទីកន្លែងសុទ្ធសាធនោះទេ
តែបានក្លាយជានិមិត្តរូបនៃឆន្ទៈពឹងផ្អែកលើខ្លួនឯង និងស្មារតីនវានុវត្តន៍។
ឈានចូលយុគសម័យថ្មី - យុគសម័យនៃការឈានឡើងរបស់ប្រជាជាតិ គណៈកម្មាធិការបក្ស រដ្ឋអំណាច
និងប្រជាជនទីក្រុង ប្តេជ្ញាសាមគ្គីភាពជាធ្លុងមួយ រួមកម្លាំងកសាងទីក្រុងហូជីមិញដ៏ស៊ីវិល័យ
ទំនើប និងមានមនោសញ្ចេតនា។ សក្តិសមជានិច្ចចំពោះសេចក្តីស្រឡាញ់ និងការជឿទុកចិត្ត
របស់ប្រទេសទាំងមូល សក្តិសមនឹងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានដាក់ឈ្មោះ តាមឈ្មោះមេដឹកនាំដ៏ឆ្នើមរបស់ប្រជាជាតិ៕
- រៀបរៀង៖ ហ្វាង ឡៀនសឺន និង ហ្វិញ ទ្រុងខាញ់/កាសែតរូបភាពវៀតណាម
- រូបថត៖ ឡេមិញ ង្វៀនឡឹន ថុងហាយ គីមកឿង ត្រឹន ថេផុង យ៉ាងសឺនដុង/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង