ព័ត៌មាន

កិច្ចសហប្រតិបត្តិការវៀតណាម-អេមីរ៉ាតអារ៉ាប់រួម លើការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ទើបតែបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនិងធ្វើការនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ជួបធ្វើការជាមួយប្រមុខសេវារដ្ឋាភិបាលនៃការិយាល័យនាយករដ្ឋមន្ត្រីនៃ UAE ដើម្បីពិភាក្សានិងឯកភាពលើខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការអំពីនវានុវត្តន៍។
  ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV5)  

ក្នុងខែតុលា ឆ្នាំ ២០២១ វៀតណាមនិង UAE បានព្រមព្រៀងគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួនប្រាំ រួមមានទីក្រុងឆ្លាតវៃ ការផលិតឆ្លាតវៃ សន្តិសុខតាមអ៊ីនធឺណិត ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាកសិកម្មនិងបរិស្ថាន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិនវានុវត្តន៍ (NIC) និងមជ្ឈមណ្ឌលនវានុវត្តន៍នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ក្នុងជំនួបលើកនេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានស្នើឱ្យភាគី UAE គាំទ្រការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ស្ថាប័នស្រាវជ្រាវនិងបណ្តុះបណ្តាលស្តីពីការច្នៃប្រឌិត មូលនិធិបណ្តាក់ទុន និងសហគ្រាសបច្ចេកវិទ្យារបស់ UAE ដើម្បីសហការនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម។ ទន្ទឹមនឹងនោះ ស្នើឲ្យអេមីរ៉ាតអារ៉ាប់រួមជួយឧបត្ថម្ភលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម អនុវត្តន៍កម្មវិធីអាហារូបករណ៍របស់ UAE សម្រាប់វៀតណាមក្នុងវិស័យព័ត៌មានវិទ្យា។

ក្នុងក្របខណ្ឌនៃដំណើរធុរកិច្ច គណៈប្រតិភូក៏បានទទួលជួបនិងទៅទស្សនាសាជីវកម្ម UAE ធំៗជាច្រើនដូចជា Emirates, Nanorac, Binance, Aquarius Global, Cypher Capital investment fund, Abu Dhabi National Startup Incubation Center (Hub71) ... ផងដែរ៕


top