ព័ត៌មាន

កិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូងលើកទី ២៦

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានប្រព្រឹត្តទៅ កិច្ចសន្ទនាលើកទី ២៦ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកូរ៉េខាងត្បូង។
  ឯកអគ្គរដ្ឋទូត Vu Ho ប្រមុខស្តីទីអាស៊ាន SOM វៀតណាម ធ្វើជាសហប្រធានកិច្ចសន្ទនាអាស៊ាន និងកូរ៉េខាងត្បូង លើកទី ២៦ (រូបថត៖ TTXVN)  

នៅទីនេះ កូរ៉េខាងត្បូងបានបញ្ជាក់ថា បន្តយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន គាំទ្រអាស៊ានដើរតួនាទីកណ្តាល និងប្តេជ្ញាសម្របសម្រួលជាមួយអាស៊ាន ដើម្បីអនុវត្តន៍ទស្សនវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក (AOIP) តាមរយៈកម្មវិធី និងសកម្មភាពសហប្រតិបត្តិការ។ ឯកអគ្គរដ្ឋទូត Vu Ho ប្រមុខស្តីទី SOM ASEAN វៀតណាមបានស្នើថា អាស៊ាននិងកូរ៉េខាងត្បូង ត្រូវជំរុញសកម្មភាពសហប្រតិបត្តិការឆ្ពោះទៅរកប្រជាជន ក្នុងស្មារតីដែលប្រជាជនជាមជ្ឈមណ្ឌល និងជាកម្មវត្ថុនៃកិច្ចសហប្រតិបត្តិការ ជាពិសេសការខិតខំប្រឹងប្រែងរបស់ប្រជាជន; អាស៊ាន និងសាធារណរដ្ឋកូរ៉េ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសគាំទ្រការកសាងសមត្ថភាព បណ្តុះបណ្តាលសម្រាប់កម្លាំងពលកម្មអាស៊ាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។

ភាគីទាំងពីរបានអះអាងថានឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េខាងត្បូង (AKFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ អាស៊ាននិងសាធារណៈរដ្ឋកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាខិតខំប្រឹងប្រែងដើម្បីរួមចំណែកធានាសន្តិភាព សន្តិសុខ និងស្ថិរភាពទាំងនៅអាស៊ីឦសាន និងអាស៊ីអាគ្នេយ៍ តាមនោះ រួមចំណែកក្នុងការកសាងបរិយាកាសអាស៊ី-ប៉ាស៊ីហ្វិក-ឥណ្ឌាដែលមានអំណោយផលសម្រាប់ការអភិវឌ្ឍ។

នៅទីនេះ កូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ ចំពោះគោលជំហររបស់អាស៊ានលើបញ្ហាដែលទាក់ទងនឹងឧបទ្វីបកូរ៉េ ដោយបញ្ជាក់ថា ខ្លួននឹងរក្សាទំនាក់ទំនង និងការសន្ទនារវាងកូរ៉េទាំងពីរឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរដោយសន្តិវិធីរបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូងក៏បានអះអាងនូវការគាំទ្រចំពោះគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត រួមទាំងការខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); លើកកំពស់តួនាទីរបស់អាស៊ានក្នុងជម្រុញកិច្ចសន្ទនា និងការផ្សះផ្សាជាតិ និងជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដើម្បីរក្សាស្ថិរភាពស្ថានការណ៍។

សន្និសីទសន្ទនាអាស៊ាន-កូរ៉េខាងត្បូងលើកទី២៧ នឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២៣៕


top