ព័ត៌មាន

កិច្ចសន្ទនាយុទ្ធសាស្ត្រ "៣+៣" ថ្នាក់រដ្ឋមន្ត្រីការបរទេស ការពារជាតិ នគរបាលវៀតណាម-ចិន

នាថ្ងៃទី១៦ ខែមីនា នៅទីក្រុងហាណូយ លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម រួមជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងនគរបាលចិន បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទីមួយនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "៣+៣" ថ្នាក់រដ្ឋមន្រ្តីការបរទេស ការពារជាតិ និងនគរបាលរវាងវៀតណាម-ចិន។
លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម រួមជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក ដុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងនគរបាលចិន បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទីមួយនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "៣+៣" ថ្នាក់រដ្ឋមន្រ្តីការបរទេស ការពារជាតិ និងនគរបាលរវាងវៀតណាម-ចិន។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ឡេ ហយជុង បានអះអាងថា៖

“នេះគឺជាយន្តការ ៣+៣ ដំបូងគេរបស់ប្រទេសទាំងពីរ វៀតណាមនិងចិនជាមួយប្រទេសដទៃទៀត ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងពិសេស និងការជឿទុកចិត្តគ្នាកម្រិតខ្ពស់ ការតភ្ជាប់យុទ្ធសាស្ត្រដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដែលស្របតាមកម្រិតថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដែលមានអត្ថន័យជាយុទ្ធសាស្ត្រ។ ដោយប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ចិន នៅតែរក្សាបាននូវសន្ទុះអភិវឌ្ឍន៍វិជ្ជមាននិងល្អប្រសើរនោះ យន្តការសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែទូលំទូលាយ និងចម្រុះជាងមុន ដែលបង្ហាញពីការជឿទុកចិត្តខ្ពស់ និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ យន្តការសន្ទនាយុទ្ធសាស្ត្រ "៣+៣" ថ្នាក់រដ្ឋមន្ត្រីការបរទេស ការពារជាតិ និងនគរបាលរវាងវៀតណាម និងចិន នឹងបង្កើតសន្ទុះសម្រាប់បក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពង្រឹងសាមគ្គីភាព និងរួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនៅក្នុងបរិបទថ្មី”។

បណ្ដារដ្ឋមន្ត្រីរបស់វៀតណាមបានស្នើឱ្យផ្នែកការបរទេស ការពារជាតិ និងនគរបាលនៃប្រទេសទាំងពីរចូលរួមចំណែកក្នុងការពង្រឹងទំនុកចិត្តនយោបាយ ជ្រួតជ្រាបការយោគយល់គ្នាជាន់ខ្ពស់ អនុវត្តន៍ឲ្យបានល្អនូវការជួបប្រាស្រ័យ និងការផ្លាស់ប្តូរជាន់ខ្ពស់រវាងបក្សទាំងពីរនិងប្រទេសទាំងពីរ; លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ និងពង្រឹងកិច្ចសហប្រតិបត្តិការឯកទេស; រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងវិទ្យាសាស្ត្របច្ចេកវិទ្យា។ ក្នុងពេលជាមួយគ្នានោះ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការស្វែងរក ជួយសង្គ្រោះគ្រោះមហន្តរាយ និងមនុស្សធម៌អន្តរជាតិក៏ដូចជានៅវេទិកា និងសកម្មភាពសហប្រតិបត្តិការក្នុងតំបន់ផងដែរ។

បណ្ដារដ្ឋមន្ត្រីភាគីចិន បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍ការយោគយល់គ្នាជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព រក្សាការផ្លាស់ប្តូរជាប្រចាំអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ ក៏ដូចជាស្ថានភាពអន្តរជាតិ និងតំបន់ និងរក្សាយ៉ាងរឹងមាំនូវសន្តិសុខនយោបាយ; ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការអនុវត្តច្បាប់ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់; បង្កើនការសម្របសម្រួលពហុភាគី រួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។

រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយដោយសមហេតុផល ការគ្រប់គ្រងឲ្យកាន់តែល្អនូវបញ្ហានៅសមុទ្រ ស្របតាមទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ ដោយស្ថាបនាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងតំបន់៕


top