ព័ត៌មាន

កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ AIPA មុនបើកមហាសន្និបាតអាយប៉ាលើកទី៤៣

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិ AIPA មុនបើកមហាសន្និបាតអាយប៉ាលើកទី៤៣ ជាផ្លូវការនៅព្រឹកថ្ងៃទី២១ វិច្ឆិកាស្អែក

ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។ រូបថត៖ VNA

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញ​ចូលរួមក្នុង កិច្ចប្រជុំគណៈកម្មការប្រតិបត្តិ AIPA  ក្នុង​កិច្ច​ប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន​ (AIPA)​លើកទី៤៣ នៅរាត្រីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិ AIPA នៅសណ្ឋាគារសុខា ភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាប្រធានសភា និងជាប្រធានគណៈប្រតិភូ នៃសភាសមាជិក AIPA ដើម្បីពិភាក្សា និងអនុម័តកម្មវិធីសកម្មភាពមហាសន្និបាត AIPA លើកទី៤៣ និងរបៀបវារៈមហាសន្និបាត រួមនិងការងារមួយចំនួនទៀត ដែលជាទិសដៅរបស់មហាសន្និបាត AIPA លើកទី៤៤ នៅឆ្នាំ២០២៣។

មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ នឹងប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែវិចិ្ឆកាស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAIPA និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកដោយចីរភាព។ សមាជិករបស់ AIPA រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន   សឹង្ហបុរី ថៃ និងវៀតណាម៕

 

 

 


top