ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្ពោះទៅ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន”

នាព្រឹកថ្ងៃទី ១០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២។  រូបថត៖ VNA 

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានសម្តែងការគាំទ្រ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃប្រធានបទ “សារៈ សំខាន់អាស៊ាន៖ ស្នូលនៃកំណើន” ដោយប្តេជ្ញាជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន បង្កើនពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ បង្កើនសមត្ថភាព  ធានាស្ថិរភាពហិរញ្ញវត្ថុ សន្តិសុខស្បៀង សន្តិសុខថាមពល...។ មេដឹកនាំនៃប្រទេសនានាបានអនុម័តលើសមាសធាតុសំខាន់ៗនៃ “ចក្ខុវិស័យនៃសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥” ដោយគូសបញ្ជាក់អំពីអនាគតនៃសហគមន៍ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ជាមួយនឹងគោលដៅអភិវឌ្ឍន៍ និងសេចក្តីប្រាថ្នាដ៏រឹងមាំ សក្តិសមជាអាស៊ាន។ បន្ទាប់មក ថ្នាក់ដឹកនាំនៃប្រទេសនានាបានអនុម័តលើឯកសារចំនួន១០ កំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យជាច្រើន; ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារលើក្បួនរថយន្តជំនួយមនុស្សធម៌ ដែលរួមមានបុគ្គលិកមកពីមជ្ឈមណ្ឌលអាស៊ានសម្រាប់ជំនួយ និងសម្របសម្រួលគ្រោះមហន្តរាយ (AHA) និងក្រុមឃ្លាំមើលជំនួយមនុស្សធម៌អាស៊ាននៅប្រទេសម៉ីយ៉ាន់ម៉ា។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកឡើងនូវបញ្ហាស្នូលចំនួនបី ដែលកំណត់អត្តសញ្ញាណ គុណតម្លៃ ភាពរឹងមាំ និងកិត្យានុភាពរបស់អាស៊ានគឺ៖ ការរក្សាឯករាជ្យភាព និងស្វ័យភាពជាយុទ្ធសាស្ត្រ; ការឈានដល់ក្លាយជាចំណុចផ្តោតនៃកំណើន; និងសម្របខ្លួនបានល្អជាងមុនទៅនឹងការផ្លាស់ប្តូរខាងក្រៅ។ ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលមាន ហានិភ័យ និងភាពមិនប្រាកដប្រជាដែលអាចកើតមានជាច្រើន ដើម្បីជំរុញការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការពង្រីកទីផ្សារផ្ទៃក្នុងគឺជាតម្រូវការបន្ទាន់។ ឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការខិតខំប្រឹងប្រែងក្នុងការចរចា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ព្រមៗគ្នា ដើម្បីតភ្ជាប់តំបន់ទាក់ទងនឹងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជន បង្កើតជាជំហានលើគុណភាពសម្រាប់ការវិនិយោគ ធុរកិច្ច និងបរិស្ថានទេសចរណ៍។

បន្ទាប់ពីបើកសម័យប្រជុំ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបានជួបសន្ទនាជាមួយតំណាងមហាសន្និបាតអន្តរសភាអាស៊ាន យុវជន សហគ្រាស និងក្រុមការងារជាន់ខ្ពស់ស្តីពីចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥៕


top