ព័ត៌មាន

កិច្ចប្រជុំកំពូល G20៖ បណ្តាប្រទេសអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩

នាថ្ងៃទី ២១ ខែវិច្ឆិកា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រទេស G20 ថ្នាក់ដឹកនាំនៃប្រទេសនានាបានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19  ដោយសង្កត់ធ្ងន់ទៅលើការចែកចាយវ៉ាក់សាំងបង្ការជំងឺ។

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz (ខាងលើ) ប្រធានាធិបតីអាមេរិកលោក Donald Trump (ខាងក្រោមឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងក្រោមស្តាំ) អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី  ២១ខែវិច្ឆិកា ឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)


ក្នុងនាមជាប្រធានកិច្ចប្រជុំនេះ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត Salman bin Abdulaziz បានអំពាវនាវឱ្យថ្នាក់ដឹកនាំនៃក្រុមប្រទេស G20 គប្បីឆ្ពោះទៅរកការទទួលបានវ៉ាក់សាំង COVID-19 ប្រកបដោយសមធម៌និងមានតំលៃសមរម្យ។ ទន្ទឹមនឹងនេះអធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel បានបញ្ជាក់ថា មានតែការខិតខំជាសកលទេទើបពិភពលោកអាចជំនះបាននូវបញ្ហាប្រឈមធំ ៗ ដូចជាជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានសង្កត់ធ្ងន់ថា“ មាន​តែការរួមដៃគ្នានិងសហការគ្នាទេ យើងអាចកម្ចាត់ជំងឺរាតត្បាត Covid-19 និងកសាងជីវិតឲ្យបានប្រសើរឡើងវិញក្រោយពីវិបត្តិជំងឺឆ្លងដ៏កាចសាហាវនេះ” ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានបញ្ជាក់ថា“ នឹងគ្មានការឆ្លើយតបនឹងជំងឺរាតត្បាតណាមួយដែលមានប្រសិទ្ធភាពជាងការឆ្លើយតបជាសកល” ។ លើសពីនេះទៀតដែរ

នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide បានអះអាងថាក្រុមប្រទេស G20 ចាំបាច់ត្រូវបញ្ជូន“ សារច្បាស់លាស់” ថា ក្រុមនេះនឹងស្ថិតនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអំពាវនាវឱ្យមានការបែងចែកវ៉ាក់សាំងនិង និងថ្នាំព្យាបាលជំងឺកូវីដ១៩ឲ្យបានស្មើភាពផងដែរ។

ប្រធានាធិបតីរុស្ស៊ីលោក  Vladimr Putin  បានលើកឡើងថានឹងការផ្គត់ផ្គង់វ៉ាក់សាំង Sputnik V របស់ប្រទេសនេះដល់ប្រទេសនានា ខណៈពេលដែលប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានប្រកាសពីការត្រៀមខ្លួនលើកកម្ពស់កិច្ចសហប្រតិបត្តិការពិភពលោក ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top