ព័ត៌មាន

កាសែតឈានមុខគេនៅស្វីសបានវាយតម្លៃថា វៀតណាមគឺជាសត្វខ្លាថ្មីរបស់អាស៊ី

នាពេលថ្មីៗនេះ កាសែតជាភាសាបារាំង Agefi (ស្វីស) បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា "វៀតណាមគឺជាសត្វខ្លាថ្មីរបស់អាស៊ី" និពន្ធដោយលោក Guy Mettan ដែលក្នុងនោះបានវាយតម្លៃថា វៀតណាមបច្ចុប្បន្នបានក្លាយជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញ និងមានសារសំខាន់ជួរមុខនៅទ្វីបអាស៊ី។
  កម្មករធ្វើការក្នុងរោងចក្រកាត់ដេរសម្រាប់នាំចេញទំនិញនៅ Garco 10។ (រូបថត៖ Tran Viet/TTXVN)  

កាសែតបានវាយតម្លៃថា នៅអាស៊ីអាគ្នេយ៍ វៀតណាម និងឥណ្ឌូនេស៊ីកំពុងលេចចេញជាមហាអំណាចសេដ្ឋកិច្ចថ្មីរបស់អាស៊ី រួមជាមួយកូរ៉េខាងត្បូង និងសិង្ហបុរី។ កាសែត Agefi បានអះអាងថា វៀតណាម និងឥណ្ឌូណេស៊ីកំពុងមានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយកំពុងអះអាងជាជំហានៗនូវតួនាទីនយោបាយរបស់ខ្លួន មិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងបញ្ហាសំខាន់ៗរបស់ពិភពលោកទៀតផង។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) កាលពីខែសីហាកន្លងទៅ កំណើន GDP របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន ៧,៥% ក្នុងឆ្នាំ ២០២២ ខណៈពេលដែលអតិផរណាត្រូវបានរំពឹងថាស្ថិតនៅត្រឹមកំរិត៣,៨%។

កាសែតឈានមុខគេរបស់ស្វីសក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដែលបានឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្ទាប់ពីបានទទួលបានជោគជ័យក្នុងតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ហើយជឿជាក់ថា ភាពប៉ិនប្រសប់ និងតុល្យភាពនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងសម្រាប់វៀតណាម ក្នុងទំនាក់ទំនងអន្តរជាតិផងដែរ៕


top