ព័ត៌មាន

ការវិវឌ្ឍវិជ្ជមាននៅក្នុងការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី ២៧ ខែមករា បានឲ្យដឹងថា ការចរចាលើកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កំពុងដំណើរការដោយរលូន ហើយកិច្ចប្រជុំត្រីភាគីនឹងបន្តនៅចុងសប្តាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ ប្រមុខសេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរសហរដ្ឋអាមេរិកក៏បានបញ្ជាក់ថា សម្រេចបានវឌ្ឍនភាពមួយចំនួនឆ្ពោះទៅរកក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងមួយ ទោះបីជានៅមានបញ្ហាស្មុគស្មាញជាច្រើនដែលមិនទាន់ដោះស្រាយក៏ដោយ។

ក្នុងពេលនោះ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាអំពីការធានាសន្តិសុខជាមួយទីក្រុងគៀវ ជាកត្តាដែលអ៊ុយក្រែចាត់ទុកជាកត្តាសំខាន់សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនដាក់បង្ខំលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលដូឌីមៀរ ហ្សេលេនស្គី បានឲ្យដឹងថា ឯកសារទាក់ទងនឹងការធានាសន្តិសុខពីភាគីអាមេរិកគឺ "សម្រេចរួចរាល់ទាំង ១០០%" ហើយទីក្រុងគៀវកំពុងរង់ចាំពេលវេលា និងទីកន្លែងសម្រាប់ចុះហត្ថលេខា។ លោកបានបញ្ជាក់ជាថ្មីថា គោលការណ៍នៃបូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវតែគោរពនៅក្នុងដំណោះស្រាយសន្តិភាពទាំងអស់។

ចំណែកឯវិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា បញ្ហាទឹកដីគឺជាកត្តាស្នូលនៅក្នុងការចរចា។ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែនគ្រោងនឹងជួបគ្នាម្តងទៀតនៅថ្ងៃអាទិត្យខាងមុខ ដោយមានលទ្ធភាពនៃការចូលរួមរបស់មន្ត្រីអាមេរិក៕


top