ព័ត៌មាន

ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ប្រកបដោយជោគជ័យ៖ កិត្យានុភាពរបស់វៀតណាមឡើងខ្ពស់ត្រដែត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិប្រារព្ធកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦។ (រូបថត៖ VGP)
 

ពាក្យ​ពីរម៉ាត់ “វៀតណាម” ជាថ្មីម្ដងទៀតបានគ្របដណ្ដប់សារព័ត៌មាន ក្នុង​តំបន់​និង​លើ​ពិភព​លោក​ក្នុង​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ ក្រោយពីរៀបចំកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៦ប្រកបដោយជោគជ័យ ក្នុង​បរិបទ​ដែល​ជំងឺ​រាត​​ត្បាត Covid-19 នៅតែកំពុងរី​ករាលដាលយ៉ាងខ្លាំងលើទូ​ទាំងពិភពលោក។ 

សម្រេច​បាននូវលទ្ធផលនេះគឺអាស្រ័យដោយមានការសម្របសម្រួលយ៉ាងបត់បែន ម្ចាស់ការ​តាម​កាលៈ​ទេសៈ​របស់​ប្រទេ​សម្ចាស់ផ្ទះ វៀតណាម ក្នុងការពិភាក្សា អំពីគោលនយោបាយ​ដ៏សំខាន់​ជាច្រើន​ពាក់​ព័ន្ធ​ដល់​ទិស​ដៅ​អភិវឌ្ឍ​និង សហប្រតិបត្តិការរបស់អាស៊ាននាពេលខាងមុខ។ លទ្ធផលនេះមិនត្រឹមតែ ជាសក្ខីភាព​នៃចំណង​សាមគ្គី​ភាព​រវាងប្រទេសអាស៊ានទាំងអស់ប៉ុណ្ណោះទេ ថែមទាំងរួម​ចំណែក​យ៉ាងសំខាន់​ទៅក្នុងការលើក​កំពស់​កិត្យានុភាព រប​ស់​​វៀតណាម​ក្នុងតំបន់និងលើពិភពលោកទៀតផង។
 
ក្រោម​ប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ាន” កិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៦ បាន​ពិភាក្សា​អំពីបញ្ហាជាច្រើនដែលតំបន់ កំពុងតែផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេស គឺការស្វែង​រកដំណោះ​ស្រាយ​ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាត Covid-19 ក៏ដូចជាការបង្កើនកិច្ច សហប្រតិបត្តិការ​ជាមួយដៃគូនានាផងដែរ។
 
ចំណុចស្នូលសា​រព័ត៌មាននៅក្នុងនិងក្រៅតំបន់
 
សារព័ត៌មាននៅក្នុងនិងក្រៅតំបន់បានវាយតម្លៃ​ខ្ពស់ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំកំ​ពូល​អាស៊ានលើកទី៣៦។ ​តាមនោះ ថ្វីត្បិតតែ ថ្នាក់ដឹកនាំអាស៊ានមិនអាចជួបពិភាក្សាគ្នាដោយផ្ទាល់នៅវៀត ណាមក៏ដោយ ប៉ុន្តែ​កិច្ច​​ប្រជុំនេះ​នៅតែប្រព្រឹត្តទៅធម្មតាប្រកបដោយ ប្រសិទ្ធភាព។ លទ្ធផលគឺ អង្គប្រជុំបាន​អនុម័តលើ​សេចក្ដី​ប្រកាស​ ​“ចក្ខុ វិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីភាពស្អិតរមួតនិងការឆ្លើយតបអា​ស៊ាន៖ ជំនះពុះ​ពារ​លើ​បញ្ហា​ប្រឈម​​និងជំរុញកំណើន” និង“សេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីការ​អភិវឌ្ឍធន​ធានមនុស្សសម្រាប់ ភាពប្រែ​ប្រួល​នៃ​របៀបរបប​ការងារ របស់ សកលលោក” ក៏ដូចជាកំណត់ត្រាឯកសារចំនួន៩ផ្សេងទៀត។
 
អត្ថបទ​សារព័ត៌មានជាច្រើនបានដកស្រង់សុន្ទរកថារបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងនាម​ជាប្រធាន​អាស៊ានឆ្នាំ ២០២០ ដោយចាត់ទុកថា ​ក្នុងដំ​ណាក់កាលចាប់តាំងពីពេលនេះ​រហូត​ដល់ ដំណាច់ឆ្នាំ២០២០បញ្ហា​ប្រឈមចំពោះរដ្ឋាភិបាល នៃប្រទេសអាស៊ាននានា នោះគឺធ្វើយ៉ាង​ណាដើម្បី​ដឹកនាំអាស៊ាន​ឲ្យចាកចេញផុត​ ពីសភាពការណ៍មិនអំណោយ ផល​នាបច្ចុប្បន្ន។ ប្រសិនបើស​ម្រេច​បាន​ជោគជ័​យ ​នេះនឹងជាសក្ខីភាព​ដ៏ ច្បាស់លាស់នៃរាល់​តម្លៃដ៏យូរអង្វែង​និងកម្លាំង​រស់ដ៏ខ្លាំង​ក្លារបស់​សហគមន៍​អាស៊ាន​ដោយ​ម្ចាស់កា​រ​និងស្វាហាប់។
 
ដោយ​ចំណងជើង​ថា”វៀតណាមកំពុងបង្ហាញនូវតម្លៃថ្មីៗក្នុងការដឹកនាំ អាស៊ាន” កាសែត Nikkei Review របស់​ជប៉ុនបានវាយតម្លៃថា វៀតណាម ជាប្រទេសដែលចូលជាសមាជិកក្រោយក្នុងអាស៊ាន ប៉ុន្តែ​ប្រទេស​នេះបាន​ បង្ហាញយ៉ាង​ច្បាស់នូវតួនាទី​ដ៏សកម្ម​និង​ឈាន​មុខ​គេក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នានារបស់ប្លុកនេះ។
 
វៀតណាម​ក៏កំពុងក្លាយទៅជា “អ្នកណែនាំផ្លូវ” ដែលលើកយកបញ្ហា ក្ដៅគគុកនានាក្នុងតំបន់មកពិភាក្សា ដូចជាជម្លោះ​នៅសមុទ្រខាងកើត ឬ ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចពិភពលោកផងដែរ។
 
Chanel News Asia បានចុះផ្សាយអត្ថបទដោយវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​វៀត​ណាម ក្នុងការ​រៀបចំកិច្ច​ប្រជុំកំពូលអាស៊ាន លើកទី៣៦។ អត្ថបទនេះបានអះអាងថា វៀតណាមជាចំណុចដ៏ភ្លឺមួយ​ក្នុង កា​របង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងជាប្រទេសមួយក្នុង​ ចំណោម​ប្រទេសដែល​មានគំនិត​ផ្ដួចផ្ដើម​ដើម្បី​ដឹកនាំតំបន់ឆ្លើយតបនឹងជម្ងឺរាតត្បាតផងដែរ។
 
ប្រការដែលប​ង្កើតឡើងកិត្យានុភាពរបស់វៀតណាម
 
ជោគជ័យដែលវៀតណាមសម្រេចបាននាសព្វថ្ងៃផ្ដើមចេញពីស្មារតីរបស់សមាជិកមួយដែលមានម​ការ​ទទួល​ខុស​ត្រូវ​មិន​ត្រឹមតែក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ប៉ុណ្ណោះទេ ថែម​ទាំងជាការទទួល​ខុសត្រូវ​ចំពោះកា​រ អភិវឌ្ឍរបស់​អាស៊ានក្នុងរយៈពេលឆ្ងាយជាងទៀត ក្រោយពីជម្ងឺ Covid-19។
 
ក្រឡែក​មើលឡើងវិញ យើងអាចឃើញថា បន្ទាប់ពីជម្ងឺរាតត្បាតបាន រីករាលដាល​ដល់តំ​បន់​អាស៊ាន​ក្នុង​ខែមក​រា​នោះ គឺក្នុងខែកុម្ភៈភ្លាមមួយរំពិច លោក នាយករដ្ឋមន្រ្តី​វៀត​ណាម​បាន​ចេញ​សេច​ក្ដីប្រកាស​របស់ប្រ​ធានអាស៊ា​ន ហើយបន្ទាប់​មកគឺកិច្ច​ប្រជុំនិង​ជំនួបពិ​គ្រោះយោបល់​ជាច្រើនត្រូវ​បាន​រៀប​ចំ​ឡើង​តាម​អនឡាញ​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងនិងក្រៅតំបន់ ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។ វៀត​ណាម​បាន​រៀបចំជំនួបពិគ្រោះ យោបល់ថ្នាក់រដ្ឋមន្រ្តី អនុរ​ដ្ឋមន្រ្តីជាច្រើនរវាងប្រទេសនានាក្នុង​តំបន់​ក៏ដូច ជា ជាមួយ​ប្រទេសដៃគូផ្សេងៗទៀតដូចជា អាមេរិក​ ចិន រុស្ស៊ី និង សហ ភាពអឺរ៉ុបផងដែរ។​
 
ហើយសំខាន់បំផុត​ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ត្រូវបានរៀបចំ ឡើងប្រកបដោយជោគជ័យ បានអះអាង​សារជាថ្មីម្ដងទៀតនូវស្មារតីសាមគ្គី ភាព ឆន្ទៈនយោបាយ​ដ៏ខ្លាំង​ក្លានិង​ការប្ដេជ្ញា​ជំនះពុះ​ពារ​លើការលំ​បាក​ លំបិនដើម្បីបោះជំហានទៅមុខរបស់ប្រទេសអាស៊ានទាំងអស់។ ប្រការនេះ ជាសក្ខីភាពដ៏​រស់រវើក​បំផុតសម្រាប់ការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុង ឋានៈជាសមាជិកដ៏​សកម្មនិង​មានការ​ទទួលខុស​ត្រូវរបស់​សហគមន៍តំបន់ និងអន្តរជាតិ ក៏ដូច​ជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២​០២០ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top