ព័ត៌មាន

ការប្រារព្ធខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅប្រទេសបារាំង

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៧ មករា ១៩៧៣ - ២៧ មករា ២០២៣) នាថ្ងៃទី ១៤ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួលជាមួយទីក្រុង Verrières-le-Buisson ជាយក្រុងប៉ារីសដើម្បីប្រារព្ធពិធីនេះ។
គណៈប្រតិភូទស្សនាការតាំងពិពណ៌ឯកសារសារព័ត៌មានស្តីពីប្រវត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៃសមាគមប្រវត្តិសាស្ត្រ Verrière-le Buisson (រូបថត៖ TTXVN)

នេះជាព្រឹត្តិការណ៍បើក សម្រាប់សកម្មភាពអបអរសាទរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលបានត្រួសត្រាយផ្លូវសម្រាប់ដំណើរការបញ្ចប់សង្គ្រាម និងការស្ដារឡើងវិញនូវសន្តិភាពនៅវៀតណាម។ ទីក្រុង Verrières-le-Buisson គឺជាកន្លែងដែលគណៈប្រតិភូនៃរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នវៀតណាមខាងត្បូងស្នាក់នៅក្នុងអំឡុងពេលចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ថ្លែងមតិក្នុងពិធីនេះ អភិបាលក្រុង Verrières-le-Buisson លោក François Guy Trébulle បានសង្កត់ធ្ងន់ថា៖ “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម ក៏ដូចជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទីក្រុង Verrières-le-Buisson មិនត្រឹមតែថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក៏នៅថ្ងៃស្អែកផងដែរ…។ តាមរយៈនោះ ទីក្រុងនឹងបង្រៀនយុវជនអំពីតម្លៃនៃសន្តិភាព។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ទីក្រុង ដែលតែងតែចែករំលែកជាមួយវៀតណាមនូវតម្លៃរួមនៃសន្តិភាព និងសាមគ្គីភាពក្នុងគ្រាប្រវត្តិសាស្ត្រ។ ប្រការនេះសបញ្ជាក់ឱ្យឃើញថា បន្ទាប់ពីកន្លះសតវត្សមក ការចងចាំនៃសន្តិភាពនៅតែរក្សាបាននូវភាពរឹងមាំ និងភាពរស់រវើក។

លោក Michel Strachinescu ដែលធ្លាប់បើកឡានឱ្យរដ្ឋមន្ត្រីការបរទេសលោកស្រី Nguyen Thi Binh ក្នុងពេលចរចាកិច្ចព្រមព្រៀងបានសម្តែថា វៀតណាមជាប្រជាតិមួយដ៏អស្ចារ្យ តែងតែរីកសុះសាយពន្លឺភ្លឺស្វាងក្នុងពិភពលោក ដោយសារជ័យជំនះរបស់ខ្លួនក្នុងការតស៊ូដើម្បីបុព្វហេតុសន្តិភាពរបស់ប្រទេស។

ក្នុងឱកាសនេះ សមាគមប្រវត្តិសាស្រ្តនៃ Verrières-le-Buisson រៀបចំការតាំងពិព័រណ៍ "ឯកសារសារព័ត៌មានបារាំង និងអន្តរជាតិស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស" ក៏ដូចជាអនុស្សាវរីយ៍នៃព្រឹត្តិការណ៍នេះដែលផ្សាភ្ជាប់ជាមួយនឹងទីក្រុង៕


top