ព័ត៌មាន

ការបំ​ផ្ទុះ​ដោយ​មីស៊ីល​នៅ​ព្រំដែន​ប៉ូឡូញនិង​អ៊ុយក្រែន បាន​សម្លាប់​មនុស្ស​ពីរ​នាក់

នាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) វិទ្យុសំឡេងប៉ូឡូញបានរាយការណ៍ថា មានករណីបំផ្ទុះចំនួវពីរបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីល នៅទីក្រុង Przewodów ខេត្ត Lublin ចម្ងាយប្រហែល ៥ ម៉ាយពីភាគខាងលិចនៃព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ២នាក់។
  ផ្សែងហុយចេញពីតំបន់កើតឡើងការបំផ្ទុះនៅប៉ូឡូញ ក្បែរព្រំដែនជាមួយអ៊ុយក្រែន ថ្ងៃទី ១៥ ខែវិច្ឆិកា។ (រូបថត៖ Reuters)  

ឧប្បត្តិហេតុនេះបានកើតឡើងក្នុងបរិបទដែលសហព័ន្ធរុស្ស៊ីបើកការវាយប្រហារដោយគ្រាប់មីស៊ីលទៅលើអ៊ុយក្រែននៅថ្ងៃទី ១៥ ខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថា មិនមែនជាមីស៊ីលរបស់រុស្ស៊ីនោះទេ ហើយបានពណ៌នាថា ជា"ការបង្ករឿងហេតុដោយមានចេតនា ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង"។

នៅយប់ថ្ងៃទី ១៥ ខែវិច្ឆិកានោះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានកោះហៅកិច្ចប្រជុំបន្ទាន់មួយ នៃគណៈកម្មាធិការការពារជាតិរបស់រដ្ឋាភិបាល ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំប៉ូឡូញកំពុងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាសន្តិសុខនាបច្ចុប្បន្ន។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងថា អាមេរិកកំពុងពិនិត្យមើលឡើងវិញនូវការវាយប្រហារដោយមីស៊ីលដែលបានរាយការណ៍នៅប្រទេសប៉ូឡូញ ហើយបានបញ្ជាក់ថា ប្រទេសនេះនឹងចូលរួមក្នុងការការពារទឹកដីរបស់សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)៕


top