ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៤ សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ក្នុងនោះ ការនាំចូលនិងនាំចេញ គឺជាចំណុចលេចធ្លោមួយនិងជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ ដោយមានតម្លៃនាំចូលនាំចេញសរុបសម្រេចបានកំណត់ត្រាថ្មី គឺប្រហែល ៨០០ពាន់លានដុល្លារអាមេរិកកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាង៣ដងបើធៀបនឹងផែនការដែលបានដាក់ចេញ។ គួរកត់សម្គាល់ថា ឆ្នាំ២០២៤ ក៏ជាឆ្នាំទី ៩ជាប់ៗគ្នា ដែលវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មផងដែរ។ នេះគឺជាសមាសធាតុដ៏សំខាន់មួយ ក្នុងការសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចនាពេលខាងមុខ។
យោងតាមមជ្ឈដ្ឋានអ្នកជំនាញសេដ្ឋកិច្ច ការនាំចូលនិងនាំចេញនៅឆ្នាំ២០២៤ នឹងសម្រេចបានកំណត់ត្រាដែលមិនធ្លាប់មានក្នុងអំឡុងពេល ៤០ ឆ្នាំនៃបុព្វហេតុ ផ្លាស់ប្តូរថ្មី (Doi Moi) របស់វៀតណាម។ នេះជាលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន បន្តជះឥទ្ធិពលដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងយថាទស្សន៍កំណើននៃខឿនសេដ្ឋកិច្ចបើកចំហធំធេងដូចវៀតណាម។
"ផ្លែផ្កា" ពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសនិងការរួមដំណើររបស់រដ្ឋាភិបាល
ការនាំចេញទៅកាន់ទីផ្សារភាគច្រើនមានកំណើនល្អ ជាពិសេសទីផ្សារដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម។ ក្រៅពីទីផ្សារធំៗនិងទីផ្សារប្រពៃណី នៅឆ្នាំ២០២៤វៀតណាមក៏បានឈានចូលទីផ្សារសក្តានុពលធំៗនៅមជ្ឈិមបូព៌ានិងអាហ្វ្រិក ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម - UAE (CEPA)។
លោកបណ្ឌិត Le Duy Binh នាយកប្រតិបត្តិនៃ Economica Vietnam បានធ្វើអត្ថាធិប្បាយថា៖ “អត្រាកំណើននេះគឺខ្ពស់ណាស់បើធៀបនឹងដមណាក់កាលមុខ។ ប្រការនេះបានបង្ហាញពីភាពធន់ ភាពបត់បែន និងគំនិតផ្តួចផ្តើមរបស់សហគមន៍ធុរកិច្ច រួមជាមួយនឹងការគាំទ្រនិងតួនាទីស្ថាបនារបស់រដ្ឋាភិបាល បាននាំមកនូវតម្លៃនាំចូលនាំចេញដ៏គួរលើកទឹកចិត្ត។ ហើយសកម្មភាពនាំចូលនាំចេញនេះ បានជួយដល់សេដ្ឋកិច្ចឡើងវិញ។ សន្ទស្សន៍កំណើនឧស្សាហកម្ម ឬការស្តារឡើងវិញនៃឧស្សាហកម្មកែច្នែនិងផលិត ទទួលបានបានការគាំទ្រយ៉ាងខ្លាំងពីល្បឿនកាន់តែកើនឡើងនៃការនាំចូល-នាំចេញនេះ”។
គួរកត់សម្គាល់ថា សមតុល្យពាណិជ្ជកម្មបានកត់ត្រានូវអតិរេកពាណិជ្ជកម្មខ្ពស់ក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា (ជិត ២៥ ពាន់លានដុល្លារ) ជួយបង្កើនទុនបំរុងរូបិយប័ណ្ណបរទេស ស្ថិរភាពអត្រាប្តូរប្រាក់ និងសូចនាករម៉ាក្រូសេដ្ឋកិច្ច។ នៅក្នុងវិស័យកសិកម្ម ទោះបីជាមានបញ្ហាលំបាកជាច្រើនដោយសារតែព្យុះទីហ្វុង Yagi ក៏ដោយ ក៏ឆ្នាំ ២០២៤ កសិកម្មវៀតណាមមានតម្លៃនាំចេញចំនួន ៦៣ ពាន់លានដុល្លារអាមេរិក កើនជាង ១៨% បើធៀបនឹងឆ្នាំមុន។ អតិរេកពាណិជ្ជកម្មនៃវិស័យកសិកម្មទាំងមូលគឺ ១៨,៦ ពាន់លានដុល្លារអាមេរិក។
យោងតាមការវាយតម្លៃរបស់សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ការនាំចូលនិងនាំចេញនៅឆ្នាំ ២០២៤ នឹងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងអំឡុងពេល ៤០ ឆ្នាំនៃការ ផ្លាស់ប្តូរថ្មី គឺអាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាស រដ្ឋាភិបាល ក្រសួង និងផ្នែកនានា៖ “សន្ទុះនៃការនាំចេញរបស់វៀតណាមគឺទទួលបានពីកត្តាជាច្រើន។ ទីមួយគឺការទាក់ទាញការវិនិយោគពីបរទេស(FDI)យ៉ាងខ្លាំង រួមជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើកទីផ្សារធំៗ។ ទីពីរ ទីផ្សារកសិផលវៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ បណ្តាលឱ្យទំហំនៃការនាំចេញកើនឡើងទាំងតម្លៃនិងបរិមាណ។ ជាទីបំផុត ខ្ញុំគិតថា គោលនយោបាយនាំចូលនាំចេញរបស់វៀតណាមនាពេលកន្លងទៅ ទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាស។ សហគ្រាសវៀតណាមបានយល់កាន់តែស៊ីជម្រៅអំពីទីផ្សារ ដឹងពីរបៀបធ្វើអាជីវកម្មតាមខ្សែសង្វាក់ ប្រតិកម្មយ៉ាងរហ័សចំពោះរាល់ការប្រែប្រួលនិងតម្រូវការរបស់ទីផ្សារ ជៀសវាងរបាំងពាណិជ្ជកម្ម...។ កត្តាទាំងអស់នោះ បានបង្កើតរូបភាពសុទិដ្ឋិនិយមរបស់វៀតណាមក្នុងឆ្នាំ ២០២៤និងឆ្នាំបន្ត”។
បង្កើតរបកគំហើញនៅក្នុងដំណាក់កាលខាងមុខ
លទ្ធផលនាំចូល-នាំចេញនៅឆ្នាំ២០២៤ គឺជាមូលដ្ឋានគ្រឹះដើម្បីបង្កើតរបកគំហើញសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងបរិបទនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល ប៉ុន្តែនៅមានហានិភ័យជាច្រើននិងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ វៀតណាមបន្តជំរុញកំណែទម្រង់រដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម សុក្រិតស្ថាប័ន និងកែលម្អបរិយាកាសវិនិយោគនិងអាជីវកម្ម កែលម្អសកម្មភាពគ្រប់គ្រងរដ្ឋ។ ជាពិសេសពង្រឹងការបើកទីផ្សារនិងធ្វើពិពិធកម្មទីផ្សារនាំចេញ។ លោក Bui Huy Son ប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ “ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបន្តអនុវត្តដំណោះស្រាយដើម្បីគាំទ្រដល់សហគ្រាសនាំចេញ និងជាពិសេសជំរុញកម្មវិធីនាំចេញជាផ្លូវការ។ យើងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុងការធ្វើអាជីវកម្មនិងចរចាលើកិច្ចព្រមព្រៀងជាមួយទីផ្សារនាំចេញសំខាន់ៗសម្រាប់ផលិតផលកសិ-ជលផលរបស់វៀតណាម ដើម្បីអាចនាំចេញជាផ្លូវការ។ លើសពីនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបន្តចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឲ្យបានឆាប់ៗ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ ជាពិសេសបើកទីផ្សារអនុគ្រោះប្រកបដោយស្ថិរភាព និងមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ សម្រាប់អាជីវកម្មវៀតណាម”។
នៅឆ្នាំ ២០២៥ វៀតណាមបានកំណត់គោលដៅនៃកំណើនការនាំចូល-នាំចេញខ្ពស់ជាងឆ្នាំ ២០២៤។ ជាមួយនឹងឋានៈកាន់តែកើនឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ មាត្រដ្ឋានផលិតកម្មកាន់តែធំ និងសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក គោលដៅនេះនឹងក្លាយជាការពិតជាក់ជាពុំខាន៕