ព័ត៌មាន

ការត្រិះរិះថ្មីក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤របស់បក្ស

មហាសន្និបាតលើកទី ១៤ របស់បក្សបានប្រារព្វធ្វើឡើងក្នុងបរិបទដែលប្រទេសជាតិនៅចំពោះមុខឱកាសនិងបញ្ហាប្រឈមលាយឡំគ្នា ដែលទាមទារឲ្យមានការត្រិះរិះបែបភាពជាអ្នកដឹកនាំប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ធ្វើសកម្មភាពដ៏ម៉ឺងម៉ាត់ និងមានចក្ខុវិស័យរយៈពេលវែង។ ចំណុចសំខាន់ៗមួយក្នុងចំណោមចំណុចសំខាន់ៗ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនេះ គឺការដែល ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចជាយុទ្ធសាស្ត្រចំនួន ៩ ច្បាប់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្តាសេចក្តីសម្រេចរបស់របស់មហាសន្និបាតបក្សលើកទី១៤។ គួរឲ្យកត់សម្គាល់ ការចេញផ្សាយសេចក្តីសម្រេចនៅចំពោះមុខមហាសន្និបាត បានបង្ហាញពីភាពសកម្ម និងវិធីសាស្រ្តអភិក្រមថ្មី ក្នុងការអនុវត្តគោលការណ៍ណែនាំរបស់បក្ស។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិ គូសបញ្ជាក់ពីស្មារតីនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ នៅក្នុងសន្និសីទស្តីពីការអនុវត្តសេចក្តីសម្រេច លេខ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (រូបថត៖ VGP)

ចាប់ពីចុងឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចជាយុទ្ធសាស្ត្រចំនួន ៩ ច្បាប់ នៅក្នុងបណ្តាវិស័យសំខាន់ៗ។ ទាំងនេះគឺជាឯកសារដែលមានវិសាលភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសវៀតណាមសម្រេចគោលដៅពីរ១០០ឆ្នាំ ៖ នៅឆ្នាំ២០៣០ ដែលជាខួបលើកទី១០០ នៃការបង្កើតបក្ស គឺក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់។ នៅឆ្នាំ២០៤៥ ដែលជាខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ៖ គឺក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។

ការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត

សេចក្តីសម្រេចទាំង ៩ ដើរតួនាទីកំណត់ទិសដៅក្នុងការត្រិះរិះ បង្កើតសន្ទុះ និងនាំប្រទេសជាតិអភិវឌ្ឍដ៏យ៉ាងរឹងមាំក្នុងយុគសម័យថ្មី; តួនាទីដឹកនាំឯកភាពក្នុងបក្ស ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល និងការចូលរួមយ៉ាងជាក់ស្តែងពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

សេចក្តីសម្រេចទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋាននៃការ បូកសរុបបទពិសោធន៍ជាក់ស្តែង ការស្រាវជ្រាវទ្រឹស្តី និងការព្យាករណ៍និន្នាការអភិវឌ្ឍន៍ តាមនោះ កំណត់យ៉ាងច្បាស់នូវបញ្ហាសំខាន់ៗ មានលក្ខណៈទម្លុះទម្លាយដែលត្រូវប្រមូលផ្តុំ។

សេចក្តីសម្រេចទាំង ៩ ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវវិធីសាស្រ្តដ៏ទូលំទូលាយ ផ្តោតអារម្មណ៍ និងគោលដៅចំពោះវិស័យសំខាន់ៗដូចជា ៖ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ការសុក្រិតរបៀបរបប ការកសាងនីតិរដ្ឋសង្គមនិយម ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ការថែទាំសុខភាព ការពារជាតិ និងសន្តិសុខ និងការធ្វើសមាហរណកម្មអន្តរជាតិ។ សេចក្តីសម្រេចទាំងអស់នេះសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតលក្ខណៈទម្លុះទម្លាយ លុបបំបាត់ "ចំណុចកក់ស្ទះ" និងបញ្ចេញធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។ ស្មារតីរួមគឺការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការ “ចេញផ្សាយគោលនយោបាយ” ទៅជា “អភិបាលកិច្ចប្រតិបត្តិ” ដោយប្រើប្រាស់ប្រសិទ្ធភាពជាក់ស្តែងធ្វើជារង្វាស់។

អញ្ជើញថ្លែងនៅក្នុងសន្និសីទទូទាំងប្រទេសស្តីពីការអនុវត្តសេចក្តីសម្រេចមជ្ឈិម លេខ ៦៦ ស្តីពីការផ្លាស់ប្តូរការងារតាក់តែងច្បាប់ និងការអនុវត្តច្បាប់ និងសេចក្តីសម្រេចមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនរបស់ការិយាល័យនយោបាយ នៅថ្ងៃទី ១៨ ខែឧសភា អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញគូសបញ្ជាក់ថា៖ “សម្លឹងមើលទៅលើអនាគត យើងទទួលស្គាល់យ៉ាងច្បាស់ថា ដើម្បីសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព វៀតណាមមិនអាចដើរតាមមាគ៌ាចាស់បានទេ។ ពោលគឺ យើងត្រូវតែហ៊ានគិតធំ ធ្វើសកម្មភាពធំ និងអនុវត្តកំណែទម្រង់ធំ ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បំផុត និងការខិតខំប្រឹងប្រែងឥតឈប់ឈរបំផុត”។

អនុវត្តន៍ប្រកបដោយភាពសកម្ម

ការចេញសេចក្តីសម្រេចយុទ្ធសាស្ត្រចំនួន ៩ ច្បាប់  បង្ហាញថា បក្សបានត្រៀមរៀបចំយ៉ាងល្អិតល្អន់សម្រាប់ការអនុវត្តលទ្ធផល នៃមហាសន្និបាតបក្សលើកទី ១៤។ ជាមួយនឹងវិធីសាស្រ្តអភិក្រមនេះ បក្សមិនត្រឹមតែបានកំណត់គោលដៅស្នូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើវិធីសាស្រ្តដើម្បីសម្រេចបាននូវគោលដៅទាំងនោះផងដែរ។ ជាលទ្ធផល ស្មារតីនៃសកម្មភាពពីសេចក្តីសម្រេចបានរីកសាយភាយដល់គ្រប់កម្រិត និងគ្រប់វិស័យ ដល់គ្រប់ឃុំ ភូមិ និងប្រជាជនគ្រប់រូប ដើម្បីប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាព សកម្មភាពទៅជាលទ្ធផល និងលទ្ធផលទៅជាជំនឿជាក់ថ្មី។

មិនត្រឹមតែមានអត្ថន័យក្នុងរត្រៀមរៀបចំប៉ុណ្ណោះទេ សេចក្តីសម្រេចជាយុទ្ធសាស្ត្រទាំង ៩ ច្បាប់នេះ ក៏បង្ហាញពីផ្នត់គំនិតដែលមានការត្រិះរិះឈានទៅមុខ និងត្រួសត្រាយផ្លូវផងដែរ។  បក្សបានរៀបចំក្របខ័ណ្ឌគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ តាមនោះ ការអនុវត្តសេចក្តីសម្រេចយ៉ាងឆាប់រហ័ស និងព្រមៗគ្នា  ក្រោយមហាសន្និបាតលើកទី ១៤ បានកាត់បន្ថយការពន្យារពេលគោលនយោ បាយ និងជៀសវាងការភាន់ច្រឡំក្នុងដំណើរការធ្វើសេចក្តីសម្រេច។ លោក ង្វៀន សួន ថាំង នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានវាយតម្លៃថា៖ “ការវិវឌ្ឍថ្មីមួយគឺថា ទស្សនៈ និងគោលគំនិតនៅក្នុងសេចក្តីព្រាងឯកសារត្រូវបានអនុវត្តន៍ជាក់ស្តែង ស៊ីជម្រៅជាង សូម្បីតែមុនពេលបើកមហាសន្និបាត តាមរយៈប្រព័ន្ធដំណោះស្រាយ និងគោលនយោបាយ ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ”។

ការចេញផ្សាយរាល់សេចក្តីសម្រេចជាយុទ្ធសាស្ត្រនៅចំពោះមុខមហាសន្និបាត លើកទី១៤ គឺជាសក្ខីភាពច្បាស់លាស់នៃការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត សកម្ម និងចក្ខុវិស័យរយៈពេលវែងរបស់បក្ស។ នេះមិនត្រឹមតែជា “មូលដ្ឋានគ្រឹះ” ដ៏សំខាន់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការប្តេជ្ញាចិត្តនយោបាយដ៏ខ្លាំងក្លា ក្នុងការប្រែក្លាយទិសដៅជាយុទ្ធសាស្ត្រទៅជាលទ្ធផលជាក់ស្តែង ដែលបំពេញតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិនៅក្នុងសម័យកាលថ្មី៕

សេចក្តីសម្រេចជាយុទ្ធសាស្ត្រចំនួន ៩ ច្បាប់រួមមាន៖

- សេចក្តីសម្រេចមជ្ឈិមលេខ ៥៧ (57-NQ/TW) ស្តីពីរបកគំហើញអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ (ចេញផ្សាយថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)

- សេចក្តីសម្រេចមជ្ឈិមលេខ ៥៩ (59-NQ/TW) ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី (ចេញផ្សាយថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥)

- សេចក្តីសម្រេចមជ្ឈិមលេខ ៦៦ (66-NQ/TW) ស្តីពីការផ្លាស់ប្តូរថ្មីការងារកសាងនិងអនុវត្តច្បាប់ ដើម្បីបំពេញតាមតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី (ចេញផ្សាយថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)

- សេចក្តីសម្រេចមជ្ឈិម លេខ ៦៨ (68-NQ/TW) ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥)

- សេចក្តីសម្រេចមជ្ឈិម លេខ ៧០ (70-NQ/TW) ស្តីពីការធានាសន្តិសុខថាមពលជាតិរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (ចេញផ្សាយថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥)

- សេចក្តីសម្រេចមជ្ឈិមលេខ ៧២ (72-NQ/TW) ស្តីពីដំណោះស្រាយរបកគំហើនមួយចំនួន ដើម្បីពង្រឹងការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន (ចេញផ្សាយថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥)

- សេចក្តីសម្រេចមជ្ឈិមលេខ ៧៩  (79-NQ/TW) ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ (ចេញផ្សាយថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦)

- សេចក្តីសម្រេចមជ្ឈិមលេខ ៨០  (80-NQ/TW) ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម (ចេញផ្សាយថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦)


top