ព័ត៌មាន

ការចរចារពាណិជ្ជកម្មចិន-អាមេរិកមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់

នាថ្ងៃទី ១១ ឧសភា ការចរចាពាណិជ្ជកម្មរវាងមន្ត្រីជាន់ខ្ពស់អាមេរិកនិងចិននៅទីក្រុងហ្សឺណែវ ស្វីស បានបញ្ចប់ក្រោយរយៈពេលពីរថ្ងៃ។ នេះជាជំនួបទល់មុខគ្នាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងពន្ធលើសពី ១០០% លើទំនិញរបស់គ្នាទៅវិញទៅមក។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចរចាបានបញ្ចប់ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានឲ្យដឹងថា ភាគីទាំងពីរទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការចរចាពាណិជ្ជកម្ម ហើយព័ត៌មានលម្អិតនៃការចរចានឹងត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១២ ឧសភា (ម៉ោងនៅអាមេរិក)។ ទន្ទឹមនឹងនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានឲ្យដឹងថា៖ “ការចរចាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះមានប្រសិទ្ធិភាពខ្លាំងណាស់។ ប្រការដ៏សំខាន់នោះ គឺភាគីនានាអាចឈានដល់កិច្ចព្រមព្រៀងបានយ៉ាងឆាប់”  ហើយភាពខុសប្លែកគ្នាមិនធំដូចការរំពឹងទុកទេ។ ប្រការជាច្រើនត្រូវបានអនុវត្តន៍ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ យើងខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងដែលសម្រេចបានជាមួយដៃគូចិន នឹងជួយដោះស្រាយភាពអាសន្ននេះ”។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១១ ឧសភា។ រូបថត៖ AFP

ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏បានឲ្យដឹងថា ការចរចាជាមួយអាមេរិកគឺ "ស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនា ឈានដល់ការឯកភាពដ៏សំខាន់និងវឌ្ឍនភាពជាក់ស្តែង" ដោយភាគីទាំងពីរបានឯកភាពបង្កើតយន្តការពិគ្រោះយោបល់សេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយភាពខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការពិគ្រោះដោយសមភាព កសាងមូលដ្ឋានគ្រឹះនិងបង្កើតលក្ខខណ្ឌសម្រាប់កាត់បន្ថយភាពខុសប្លែកគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


top