នៅចំកណ្ដាលជនបទស្ងប់ស្ងាត់នៃតំបន់ហ្គ័រយូវ (ខេត្តតីនិញ) រំពងឮសំឡេងជើងសេះលាយឡំនឹងសំឡេងសំណើចក្អាកក្អាយនៃក្មេងៗ។ ទីនោះ គឺជាកសិដ្ឋានសេះរបស់លោក ភុង ជីដៃ (Phung Chi Dai)...
នៅចំកណ្ដាលជនបទស្ងប់ស្ងាត់នៃតំបន់ហ្គ័រយូវ (ខេត្តតីនិញ) រំពងឮសំឡេងជើងសេះលាយឡំនឹងសំឡេងសំណើចក្អាកក្អាយនៃក្មេងៗ។ ទីនោះ គឺជាកសិដ្ឋានសេះរបស់លោក ភុង ជីដៃ (Phung Chi Dai) លេចឡើងដូចជាចំណុចពិសេសរស់រវើកនៅកណ្តាលវាលស្រែ ជាទីកន្លែងដែលក្ដីសុបិនវ័យកុមារត្រូវបានបំពេញ និងក្ដីស្រឡាញ់ចំពោះសេះត្រូវបានថែរក្សាដោយចំណង់ចំណូលអស់ពីដួងចិត្ត។
លំហពិសេសនៅភូមិផឿកប៊ិញអា ឃុំផឿកថាញ ទីកន្លែងល្បីសំឡេងជើងសេះលាយឡំជាមួយសំណើចរបស់ក្មេងៗ។
លោក ភុង ជីដៃ ជាមួយមិត្តរួមដំណើររបស់គាត់។
តាំងពីក្មេង លោកដៃបានលង់ស្នេហ៍មកលើសេះ ហើយមានបំណងបង្កើតកសិដ្ឋានមួយ - ជាផ្ទះសម្រាប់សត្វដែលគាត់ស្រឡាញ់ ព្រមទាំងបង្កើតបរិយាកាសជិតស្និទ្ធសម្រាប់កុមារ ដើម្បីទទួលបទពិសោធន៍បែបធម្មជាតិ។ ឥឡូវនេះ កសិដ្ឋាននៅភូមិភឿកបិញអា ឃុំភឿកថាញ់ គឺជាការពិតនៃមហិច្ឆតានោះ។ មិនត្រឹមតែជាកន្លែងសម្រាកកាយចុងសប្តាហ៍ប៉ុណ្ណោះទេ ទីនេះនៅជាបេសកកម្មរក្សា "ភ្លើង" សម្រាប់កីឡាប្រណាំងសេះវៀតណាម ជាសម្រស់វប្បធម៌ដែលកំពុងរសាត់បន្តិចម្តងៗ។
កសិដ្ឋានសេះរបស់លោក ភុង ជីដៃ ជាកន្លែងបណ្តុះក្តីសង្ឃឹម ដើម្បីឱ្យសេះដែលមានប្រភពមកពីកាដូ នៃមហាក្សត្រីអង់គ្លេស អាចបោះជំហានលើទីលានប្រណាំងអាជីពឡើងវិញ។
ការងារថែទាំនិងហ្វឹកហាត់សេះ ទាមទារភាពអត់ធ្មត់ ភាពស្អិតរមួត និងការទុកចិត្តគ្នារវាងមនុស្សនិងសេះ។
បទដ្ឋានថែទាំសេះនៅកសិដ្ឋានបានអនុវត្តយ៉ាងល្អិតល្អន់។ សេះមានតម្លៃនីមួយៗសុទ្ធតែមានទ្រុងផ្ទាល់ខ្លួន រួមជាមួយឈ្មោះហៅជាទីស្រឡាញ់។
លោកដៃបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីប្រមូល និងថែរក្សាពូជសេះកម្រ ក្នុងនោះមានពូជសេះ ដែលធ្លាប់ជាអំណោយមកពីគ្រួសាររាជវង្សអង់គ្លេស កាលពីប៉ុន្មានទសវត្សរ៍មុន។ ចំពោះគាត់ សេះទាំងនោះគឺជា "កំណប់ទ្រព្យមានជីវិត" ជាបេតិកភណ្ឌត្រូវការអភិរក្ស និងបង្កាត់ពូជ ដើម្បីឱ្យថ្ងៃណាមួយ រូបភាពសេះវៀតណាមអាចរត់បង្កាច់ជើង នៅលើទីលានប្រណាំងអាជីពឡើងវិញ។
មកដល់កសិដ្ឋាន ភ្ញៀវទេសចរ ពិសេសគឺកុមារតូចៗ មិនត្រឹមតែអាចជិះសេះ ឬថតរូបប៉ុណ្ណោះទេ ថែមទាំងបានរៀនពីរបៀបធ្វើអន្តរកម្ម ថែទាំ និងយល់អំពីសត្វនេះផងដែរ។ រូបភាពក្មេងតូចម្នាក់ ស្ទាក់ស្ទើរក្នុងការឱ្យសេះស៊ី ឬក្មេងស្រីតូចម្នាក់អង្គុយយ៉ាងក្លាហាន នៅលើកែបសេះជាលើកដំបូង បង្ហាញពីតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ៖ មនោសញ្ចេតនាចំពោះធម្មជាតិ និងការយល់ចិត្តគ្នា រវាងមនុស្ស និងសព្វសត្វទាំងពួង។
រូបភាពគ្រូបង្វឹកជិះសេះដើរល្បាប់ បង្ហាញពីភាពស្អិតរមួត និងលើកស្ទួយសម្រស់ដ៏រឹងមាំរបស់សេះមានតម្លៃទាំងនេះ។
នៅពីក្រោយទេសភាពស្ងប់ស្ងាត់ គឺជាការខិតខំប្រឹងប្រែងស្ងៀមស្ងាត់ជាច្រើន។ ទោះបីជាការរក្សាកសិដ្ឋាននេះត្រូវបង់ខាតជាច្រើនក៏ដោយ ក៏លោកដៃនៅតែបន្តតាមចំណង់ចំណូលចិត្តរបស់គាត់ដោយខ្ជាប់ខ្ជួន យកក្ដីស្រឡាញ់ធ្វើជាប្រភពនៃកម្លាំង។
ចាកចេញពីកសិដ្ឋាន អ្វីដែលនៅសេសសល់ក្នុងចិត្តរបស់មនុស្សគ្រប់រូប មិនត្រឹមតែជារូបភាពសេះដែលមានសុខភាពល្អប៉ុណ្ណោះទេ នៅទាំងជារឿងរ៉ាវអំពីយុវជនម្នាក់ដែលបានរស់នៅពេញលេញជាមួយក្ដីសុបិន ចង់ចូលរួមចំណែកថែរក្សាសម្រស់វប្បធម៌នៃជនបទវៀតណាម ដែលជាទីមនោរម្យ ធម្មជាតិ និងមនុស្សម្នាបានរួមរស់ជាមួយគ្នា ក្នុងជំនោររលកជីវិតដ៏សុខសាន្តមួយនេះ៕
អត្ថបទនិងរូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង