ព័ត៌មាន

កម្លាំងចលករដ៏ខ្លាំងក្លាដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងយុគសម័យថ្មី

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ២៩ ខែកក្កដា។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកស្រី​ប្រធានរដ្ឋសភា ឃួន សុដារី មកកាន់វៀតណាមចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ ២០២៣មក​។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ។ រូបថតឯកសារ​៖ VNA

ដំណើរទស្សនកិច្ចនេះ បានបង្កើត​កម្លាំង​ចលករ​បន្ថែមទៀត ដើម្បី​នាំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​លើគ្រប់​ជ្រុងជ្រោយ និងនិរន្តរភាព​យូរអង្វែង រវាងវៀតណាម និងកម្ពុជា អភិវឌ្ឍន៍កាន់តែ​ជាក់​ស្តែង មាន​ប្រសិទ្ធភាព និងឈានដល់​កម្ពស់ថ្មី​មួយ​។

នាពេល​កន្លងទៅ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដោយផ្អែកលើចំណង​មិត្តភាពដ៏ល្អប្រសើរ និងទំនុកចិត្តនយោបាយ​កម្រិតខ្ពស់។ ភាគីទាំងពីរបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់​ជាន់​ថ្នាក់ក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជានៅក្នុងវេទិកាពហុភាគី។ បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ចំពោះការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងជាមួយកម្ពុជា ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក​។ តម្លៃ​ពាណិជ្ជកម្មទ្វេភាគី​មានកំណើនស្ថិរភាព ដោយឈានដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ កើនឡើងជាង ១១,៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ភាគីទាំងពីរកំពុងសម្របសម្រួលយ៉ាងសកម្មដើម្បីសម្រេច​បាន​គោលដៅនៃការនាំពាណិជ្ជកម្មទ្វេភាគី​ឡើង​ដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ៕​


top