ព័ត៌មាន

កម្ពុជាអនុម័តលើ​កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការសាងសង់ផ្លូវល្បឿនលឿន​តភ្ជាប់ជាមួយវៀតណាម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលចាប់ផ្តើមពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ព្រៃវេង និងស្វាយរៀង មុននឹងតភ្ជាប់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិ បាវិត - Moc Bai ។
  រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា   

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៥ ខែតុលា លោក ហេង សុវណ្ណារិទ្ធ អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្តាអង្គការ អង្គភាពពាក់ព័ន្ធ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ប្រគល់ជូនក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) អនុវត្តន៍ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ – បាវិត តភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងបាវិត ខេត្តស្វាយរៀង ជាប់នឹងច្រកទ្វារព្រំដែន Moc Bai ខេត្ត Tay Ninh (វៀតណាម)។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន កំពុងពិភាក្សាលើបញ្ហាមួយចំនួនទាក់ទងនឹងការសាងសង់ផ្លូវល្បឿនលឿននេះ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា 

  គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា   

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា បន្ទាប់ពីខ្សែផ្លូវល្បឿនលឿនប្រវែងជាង ១៨៧គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានបញ្ចប់រួចរាល់។ តាមការគ្រោងទុក ការចំណាយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។ គម្រោងនេះមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលចាប់ផ្តើមពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ព្រៃវេង  និងស្វាយរៀង មុននឹងតភ្ជាប់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិបាវិត - Moc Bai៕


top