ព័ត៌មាន

កម្ពុជានឹងចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយវៀតណាមនៅឆ្នាំ២០២៣

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ជាមួយទីក្រុងបាវិត ខេត្តស្វាយរៀង ជាប់ច្រកព្រំដែន Moc Bai (ម៉ុកបៃ) ខេត្ត Tay Ninh (តៃនិញ) របស់វៀតណាម នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ដោយមានតម្លៃសាងសង់ត្រូវបានប៉ាន់ស្មានជាង ១,៦ ពាន់លានដុល្លារ។
  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ (រូបថត៖ thanhnien.vn)  

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះ មានប្រវែង១៣៨គីឡូម៉ែត្រ រួមទាំងការសាងសង់ស្ពានមួយឆ្លងកាត់ទន្លេមេគង្គផងដែរ ដោយចំណាយថវិកាសរុបប្រមាណ ១.៦ពាន់លានដុល្លារអាមេរិក។ តាមការគ្រោងទុក កម្ពុជានឹងចាប់ផ្តើមសាងសង់ខ្សែផ្លូវនេះនៅឆ្នាំ ២០២៣ ហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧។ ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការតភ្ជាប់បណ្តាប្រទេសចិន មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម៕


top