នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ (កម្ពុជា) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu ចូលជួបសម្តែងការគួរសម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ PV/VOV-ភ្នំពេញ
ប្រធានរដ្ឋសភា សម្តេច ឃួន សុដារី បានឲ្យដឹងថា កម្ពុជាជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយវៀតណាម។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់វៀតណាមលើគ្រប់វិស័យនាពេលកន្លងទៅ រួមទាំងការរៀបចំនិងបង្រួមក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយរបស់វៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម; បានបង្ហាញជំនឿជាក់ថា ការខិតខំប្រឹងប្រែងរបស់វៀតណាមនឹងទទួលបានជោគជ័យ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងបរិបទដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ ឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីទិសដៅការងារជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដោយខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ៕