សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់នូវាល់បទល្មើសឆ្លងដែនគ្រប់ភេទ ឲ្យកាន់តែសកម្មរីកចម្រើនទៅមុខបន្ថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួនដូចជា ៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមានិងការបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
មុននឹងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកថាយ មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស ក៏បានប្រគល់សម្ភារៈសម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕
រូបថតនិងព័ត៌មាន immigration.gov.kh/