ព័ត៌មាន

កងទ័ពការពារព្រំដែនខេត្ដ An Giang ឧបត្ថម្ភថវិកាជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ

នារសៀលថ្ងៃទី ៣០ ខែសីហា នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ Tinh Bien (ទីរួមខេត្ត Tinh Bien ខេត្ត An Giang ប្រទេសវៀតណាម) - ភ្នំដិន (ស្រុកគិរីវង់ ខេត្តតាកែវ ប្រទេសកម្ពុជា) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានជួបសំណេះសំណាល និងឧបត្ថម្ភថវិការជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព តាងនាមឱ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang លោកវរសេនីយ៍ឯក Tran Ngoc Chau មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែនខេត្ដ An Giang បានប្រគល់ថវិកាឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ១ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភអង្គភាពមិត្តទិញឧបករណ៍សម្រាប់ការងារវិជ្ជាជីវៈ និង​ទិញសម្ភារៈសំខាន់ៗ។

 
 

ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពទាក់ទិននឹងបញ្ហាព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងការផ្លាស់ប្តូរព័ត៌មាន និងបង្កើនការយាមល្បាត ការត្រួតពិនិត្យ ការពារព្រំដែន ព្រមទាំងទប់ស្កាត់ការចេញ-ចូលដោយខុសច្បាប់។

លោកវរសេនីយ៍ឯក Tran Ngoc Chau មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់ថវិកាឧបត្ថម្ភជូន​លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនៃស្នងការដ្ឋាន​នគរបាលខេត្តតាកែវ (រូបថត៖ កាសែត An Giang )

លោកឧត្តមសេនីយ៍ត្រី សៅ សារ៉ន ស្នងការរងនៃស្នងការដ្ឋាន​នគរបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ដែលកន្លងមកបានជួយគាំទ្រដល់ស្នងការនគរបាលខេត្តតាកែវនូវសម្ភារៈចាំបាច់ និងថវិកាដែលលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជននៃខេត្តតាកែវ បំពេញភារកិច្ចយ៉ាងល្អ។ អាស្រ័យហេតុនេះ ភាគីទាំងពីរនឹងសហការគ្នាកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើស បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅសងខាងព្រំដែនបានទៅសួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរទំនិញ ទៅពិនិត្យ និងព្យាបាលជំងឺ រួមចំណែកថែរក្សាសន្តិសុខព្រំដែនជាតិ កសាងព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ៕


top