ព័ត៌មាន

កងកម្លាំងជួយសង្គ្រោះវៀតណាមប្រញាប់ប្រញាល់និងសកម្មក្នុងប្រតិបត្តិការ ស្វែងរកជនរងគ្រោះដោយសារការរញ្ជួយដីនៅទួរគី

បន្តសកម្មភាពស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសទួរគី នៅថ្ងៃទី ១៤ កុម្ភៈ ក្រុមជួយសង្គ្រោះរបស់ក្រសួងនគរបាលវៀតណាមបានបញ្ជូនទៅបំពេញការងារនៅកន្លែងដែលមានអគារផ្ទះល្វែងចំនួន ៣ បានដួលរលំនៅទីក្រុង Adiyaman។

 កម្លាំងជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម ចាប់ផ្តើមការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដីនៅខេត្ត Hatay ប្រទេសទួរគី (រូបថត៖ Van Hieu/TTXVN)

 

នៅទីនេះ ក្រុមប៉ូលីសវៀតណាមបានសម្របសម្រួលជាមួយអង្គភាពផ្សេងទៀត ដើម្បីស្វែងរកជនរងគ្រោះជាង ១០០ នាក់ដែលគេជឿថា បាត់ខ្លួននៅក្រោមគំនរបាក់បែក។ ការងារនេះត្រូវបានអនុវត្តចាប់ពីម៉ោង ៨ ព្រឹក ដល់ ១០ យប់ ឬអាចលើសពីម៉ោង ១ រំលងអាធ្រាត្រ ក្រោមលក្ខខណ្ឌអាកាសធាតុប្រហែលដក ៦ ទៅ ៦ អង្សាសេ។ លោកវរសេនីយ៍ត្រី Nguyen Minh Khuong អនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ ក្រសួងនគរបាល ដែលជាប្រធានបេសកកម្មបាននិយាយថា៖ “នៅកន្លែងកើតហេតុ យើងបន្តប្រើឧបករណ៍ចាប់រ៉ាដា កាមេរ៉ា ដើម្បីចាប់យកតាមសម្លេង រូបភាព ហើយពីនោះកំណត់ថា តើមានជីវិតឬអត់។ ក្នុងពេលជាមួយគ្នានេះដែរ យើងបានប្រើប្រាស់ឧបករណ៍កាត់បេតុង ដោយសម្របសម្រួលជាមួយកងកម្លាំងរបស់សហរដ្ឋអាមេរិក អ៊ូសបេគីស្ថាន និងប្រទេសម្ចាស់ផ្ទះ ដើម្បីបំពេញបេសកកម្មជួយសង្គ្រោះ និងនាំជនរងគ្រោះចេញពីតំបន់នោះ”។

នៅថ្ងៃទី ១៤ ខែកុម្ភៈនេះ ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានចាប់ផ្តើមប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះនៅក្នុងស្រុក Antakya រដ្ឋធានីនៃខេត្ត Hatay។ បន្ទាប់ពីស្រាវជ្រាវអស់ជាច្រើនម៉ោង ក្រុមជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាម បានរកឃើញទីតាំងចំនួន ៣ មានជនរងគ្រោះ ហើយបានសម្របសម្រួលជាមួយកម្លាំងសង្គ្រោះមូលដ្ឋាន ដើម្បីនាំយកសាកសពនេះចេញ។ ក្នុងចំណោមតំបន់រងគ្រោះរញ្ជួយដីទាំង១០របស់ទួរគី Hatay ជាខេត្តមួយក្នុងចំណោមខេត្តដែលរងគ្រោះខ្លាំងបំផុត៕


top