សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ហានិភ័យដល់សុខភាពសាធារណៈត្រូវបានវាយតម្លៃឡើងវិញដោយផ្អែកលើព័ត៌មានថ្មីៗបំផុតគិតត្រឹមពេលនេះ ហើយហានិភ័យសកលនៅតែទាប។
(រូបថតឧទាហរណ៍៖ REUTERS/Denis Balibouse)
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃទី១៧ ខែឧសភាថា ខ្លួននៅតែរក្សាការវាយតម្លៃអំពីការផ្ទុះឡើងនៃវីរុស Hanta គឺមានហានិភ័យទាប នៅពេលដែលនាវាទេសចរណ៍ដែលមានការផ្ទុះឡើងនៃមេរោគនេះ កំពុងខិតជិតប្រទេសហូឡង់។ សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ហានិភ័យដល់សុខភាពសាធារណៈត្រូវបានវាយតម្លៃឡើងវិញដោយផ្អែកលើព័ត៌មានថ្មីៗបំផុតគិតត្រឹមពេលនេះ ហើយហានិភ័យសកលនៅតែទាប។
សេចក្តីប្រកាសបានឲ្យដឹងបន្ថែមថា ទោះបីជាករណីថ្មី អាចនៅតែកើតឡើងក្នុងចំណោមអ្នកដំណើរ និងសមាជិកនាវិកដែលបានឆ្លងវីរុស មុនពេលវិធានការទប់ស្កាត់ត្រូវបានអនុវត្តន៍នោះក៏ដោយ ប៉ុន្តែហានិភ័យនៃការឆ្លងបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងថយចុះបន្ទាប់ពីពួកគេចុះពីនាវា និងវិធានការត្រួតពិនិត្យត្រូវបានដាក់ឱ្យអនុវត្តន៍។
នាវា MV Hondius បានចូលចតនៅកំពង់ផែទីក្រុង Rotterdam ប្រទេសហូឡង់ នៅថ្ងៃទី១៨ ខែឧសភា មុនពេលអនុញ្ញាតឲ្យមនុស្សដែលនៅសល់លើនាវាចំនួន ២៧ នាក់ឡើងលើគោក រួមទាំងសមាជិកនាវិក ២៥នាក់ និងបុគ្គលិកពេទ្យ ២ នាក់។ នាវានេះ បានក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ បន្ទាប់ពីអ្នកដំណើរបីនាក់បានស្លាប់ដោយសារវីរុស Hanta ជាប្រភេទវីរុសដ៏កម្រជួបប្រទះ ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយនៅឡើយទេ៕