ព័ត៌មាន

WHO គាំទ្រវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់អំពីផលិតវ៉ាក់សាំង

នាល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានអញ្ជើញទៅទស្សនាទីស្នាក់ការរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅទីក្រុងហ្សឺណែវ ហើយបានជួបពិភាក្សាការងារជាមួយនាយកអង្គ ការសុខភាពពិភពលោក លោក Tedros Adhanom Ghegreyesus។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (រូបថត៖ VOV)

នៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានប្រកាសថា វៀតណាមនឹងរួមវិភាគទានថវិកាបន្ថែមចំនួន ៥០០.០០០ ដុល្លារ ដល់កម្មវិធី “ការទាក់ទងផ្ទាល់ជាសកលចំពោះវ៉ាក់សាំងបង្ការកូវីដ ១៩” (COVAX) ដែលនាំមកនូវវិភាគទានស្ម័គ្រចិត្តសរុបរបស់វៀតណាមដល់ទៅ ១ លានដុល្លារអាមេរិក ដោយហេតុនេះបង្ហាញយ៉ាងមុតមាំនូវសាមគ្គីភាពអន្តរជាតិ និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម។ លោកប្រធានរដ្ឋបានស្នើថា អង្គការសុខភាពពិភពលោក សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងចាក់វ៉ាក់សាំង (GAVI) និងកម្មវិធី COVAX យកចិត្តទុកដាក់ជួយវៀតណាមក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល ជាពិសេសការថែទាំសុខភាពមូលដ្ឋាន និងសមត្ថភាពចាក់ថ្នាំបង្ការបន្ថែមទៀត។ លោកប្រធានរដ្ឋបានស្នើថា កម្មវិធី COVAX បន្តចែកចាយនិងបញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសវៀតណាម ផ្តល់អាទិភាព វ៉ាក់សាំងសម្រាប់កុមារ ក៏ដូចជាគាំទ្រការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដើម្បីពន្លឿនកាលវិភាគចាក់វ៉ាក់សាំង ហើយជួយវៀតណាមរក្សាបាននូវលទ្ធផលក្នុងការគ្រប់គ្រងជំងឺរាតត្បាត។     នាយកប្រតិបត្តិ GAVI លោក Seth Berkley និងនាយកប្រតិបត្តិកម្មវិធី COVAX លោក Aurélia Nguyen បានបញ្ជាក់ថា នឹងបន្តសហការនិងគាំទ្រការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានច្រើន និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ អគ្គនាយកអង្គការសុខភាពពិភពលោកគាំទ្រគំនិតនៃការធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតវ៉ាក់សាំងនឹងពិភាក្សាជាមួយនាយកដ្ឋានបច្ចេកទេសអំពីលទ្ធភាពនៃការនាំយកវ៉ាក់សាំងដែលផលិតដោយវៀតណាមដើម្បីចូលរួមក្នុងកម្មវិធីសាកល្បងរបស់អង្គការសុខភាពពិភពលោក។ អគ្គនាយក Tedros Adhanom Ghegreyesus ក៏បានគាំទ្រចំពោះសំណើរបស់ប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងការបង្កើតឱកាសសម្រាប់ វៀតណាមកាន់តែច្រើនទៅធ្វើការនៅ WHO៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top